អន្តរជាតិ
ឥណ្ឌា ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីកណ្តាលដើម្បីជួយអាហ្វហ្កានីស្ថាន
20, Dec 2021 , 9:29 pm        
រូបភាព
ដោយឥណ្ឌា កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាលដើម្បីផ្ដល់ ជំនួយដល់អាហ្វហ្កានីស្ថាន ក៏ដូចជាធានាឱ្យមានរដ្ឋាភិបាលតំណាងឱ្យប្រជាជនទាំងមូល។ រដ្ឋមន្ត្រី​ការ​បរទេសឥណ្ឌា Subrahmanyam Jaishankar បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ​ខែធ្នូ​អំឡុង​កិច្ចសន្ទនាឥណ្ឌា-អាស៊ីកណ្តាលនៅទីក្រុងញូវដេលី។

 
 
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានជួបជាមួយសមភាគីមកពីអាស៊ីកណ្ដាលនៅថ្ងៃទី១៩ ខែធ្នូ ដោយមានបញ្ហាអាហ្វហ្កានីស្ថាន ជាប្រធានបទសំខាន់មួយ។ ក្នុង​កិច្ចសន្ទនាខាងលើ ចំពោះមុខសមភាគីតាហ្ស៊ីគីស្ថាន កាហ្សាក់ស្ថាន តួកម៉េនីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​អ៊ូសបេគីស្ថាន ប្រមុខការទូតឥណ្ឌាលើកឡើងថា ការដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន ជារឿងអាទិភាពសំខាន់មួយ។ 
 
«ក្តីបារម្ភ និងគោលបំណងរបស់យើងចំពោះអាហ្វហ្កានីស្ថាន គឺស្រដៀងគ្នា។​ យើង​ត្រូវ​តែស្វែ​ង​រក​វិធី​ជួយសង្គ្រោះប្រជាជនអាហ្វហ្កានីស្ថាន»។ លោក Jaishankar បញ្ជាក់បែបនេះ។
 
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំង៦រូបក៏បានបង្ហាញការយោគយល់លើតម្រូវការដែលប្រទេសជិត​ខាង​ត្រូវ​ធ្វើ​ដើម្បីម្រេចបានរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលរួមបញ្ចូលគ្រប់ភាគី។ តម្រូវការទាំងនោះ​រួមមាន ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងការជួញដូរគ្រឿងញៀន, ការផ្តល់​ជំនួ​យ​មនុស្ស​ធម៌​ដោយគ្មានការរារាំង និងការការពារសិទ្ធិស្ត្រី កុមារ និងជនជាតិភាគតិច។
 
តាមពិតទៅ រដ្ឋាភិបាលឥណ្ឌា ព្រួយបារម្ភយ៉ាងខ្លាំងអំពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ដែល​អាច​បង្ក​ផលប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់ ពិសេសនៅតំបន់ Jammu និង Kashmir ដែលនៅ​ភាគ​ខាង​ជើង​ឥណ្ឌា។ ទីក្រុងញូវដែលី ក៏បណ្តាក់ទុនចំនួន៣ពាន់​លាន​ដុល្លារ​នៅ​អាហ្វហ្កានីស្ថាន ហើយ​កំពុង​ពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តា​ប្រទេស​អាស៊ី​កណ្តាល​ផង​ដែរ​។ នេះបង្ហាញថា ស្ថិរភាពតំបន់ ពិសេសនៅអាហ្វហ្កានីស្ថាន​មាន​សារសំខាន់​ណាស់​សម្រាប់​ផល​ប្រយោជន៍​របស់​ឥណ្ឌា៕

Tag:
 ឥណ្ឌា
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com