ជាតិ
រថយន្ត
លោក ឃិម លេនីន បានកែរថយន្តCITROËN មួយគ្រឿង ឱ្យមើលទៅកាន់តែបុរាណ
20, Dec 2021 , 7:59 pm        
រូបភាព
កណ្តាល៖ រថយន្ត CITROËN ១គ្រឿង ប្រភេទ 2 Chevaux Vapeur ដែលត្រូវបានផលិតនៅចន្លោះឆ្នាំ១៩៧០ និង១៩៨៧ គឺស្ថិតក្នុងចំណោមរថយន្តបុរាណ ៤គ្រឿង ដែលោក ឃិម លេនីន ដាក់តាំងនៅក្នុងទីធ្លាអាហារដ្ឋានរបស់ខ្លួន នៅក្រុងតាខ្មៅ។ លោក លេនីន បានរថយន្តម៉ាក CITROËN នេះពីប្រទេសវៀតណាម កាលពីប្រមាណ២០ឆ្នាំមុន។ ផ្នែកខាងក្នុង គឺនៅសេសសល់គ្រឿងដើមទាំងអស់ លើកលែងតែចង្កូតប៉ុណ្ណោះ ប៉ុន្តែវាពុកអស់រលីងទៅហើយ។ ដើម្បីឱ្យរថយន្តនេះ មើលទៅ រឹតតែចាស់ រឹតតែបុរាណជាងមុនប្រហែល៤០ឆ្នាំ លោក ឃិម លេនីន បានកែទ្រង់ទ្រាយថ្មី ដែលវែងជាង ទូលាយជាង និងខ្ពស់ជាងមុន។ នៅសល់តែភាគកណ្ដាលដែលនៅពីដើម។

 


សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ក្រុមហ៊ុន CITROËN បានដំឡើងរថយន្ដ CITROËN ប្រភេទ 2CV ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ នៅខេត្តព្រះស៊ីហនុ ដោយសហការជាមួយក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile) និងក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges។ ទោះយ៉ាងណា ក្រោយសង្គ្រាម មិនមានសេសសល់រថយន្តម៉ាក CITROËN ដែលដំឡើងនៅកម្ពុជានោះទេ។ 
 

"2 Chevaux Vapeur" គឺជាកម្លាំងរថយន្ដតែម្ដង ដែលស្មើនឹងកម្លាំងអូសរបស់សត្វសេស ២ក្បាល។ តែតាមពិតជាភាសានិយាយគេហៅថា "2 Chevaux" (ឌើសឺវោ) និងសរសេរជាអក្សរកាត់ថា 2CV។ រថយន្ដ CITROËN 2CV គឺជាប្រភេទរថយន្ដមួយ ដ៏ប្រជាប្រិយណាស់។ ទូទាំងពិភពលោក មានសមាគមច្រើន សម្រាប់ម្ចាស់ 2CV។ នៅប្រទេសបារាំង ពួកគេជួបជុំទាំងអស់គ្នា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០២ ដែលមាន CITROËN 2CV ជិត៣ ០០០គ្រឿងចូលរួម។  2CV ក៏មានក្នុងរឿងភាពយន្ដផ្សេងៗដូចជា James BOND ក្នុងរឿងល្ខោន ក្នុងឃ្លីបវីដេអូ ក្នុងកម្មវិធីទូរទស្សន៍ ហ្គេម រឿងប្រលោមលោក និងក្នុងសៀវភៅតុក្កតាក៏មាន និងលើតែមប្រៃសណីយ៍ក៏មានដែរ។
 


CITROËN 2CV ត្រូវបានផលិតអស់ ៥ ១១៤ ៩៦១ គ្រឿង ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៩០។ វាស្រាលមែនទែន គឺតែកន្លះតោនប៉ុណ្ណោះ។ វាគឺជារថយន្តដ៏កម្រនៅកម្ពុជា ខណៈដែលទូទាំងប្រទេស ទំនងមានរថយន្តប្រភេទនេះតែ ៤គ្រឿងប៉ុណ្ណោះ ប៉ុន្តែទាំងអស់ត្រូវបាននាំចូលពីបរទេសមកកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ PSA ៕






 
 

Tag:
 យានយន្ត
 ឃិម លេនីន
  CITROËN
 Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com