ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ក្លាយជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី
24, Dec 2021 , 10:25 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកជាង៨០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ជំនួសសម្តេច ហ៊ុន សែន ជាឪពុក ដែលនឹងត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្តីនេះ នាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)។



អ្នក ដែលឈរឈ្មោះ ឲ្យសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត គឺមានតែលោក ហ៊ុន ម៉ាណែត ម្នាក់ប៉ុណ្ណោះ។ ក្រៅពីបោះឆ្នោតឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអនាគតនាយករដ្ឋមន្រ្តី សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្ស២រូបបន្ថែមទៀតដែរ គឺសម្តេច ទៀ បាញ់ និង អ្នកស្រី ម៉ែន សំអន។ 

ក្នុងគណបក្ស លោក ហ៊ុន ម៉ាណែត គឺជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលជាអង្គការចាត់តាំងកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា។ 

ក្នុងជួរយោធាវិញ លោក ហ៊ុន ម៉ាណែត ដែលរៀនចប់ថ្នាក់បរិញ្ញាបត្រពីបណ្ឌិតសភាយោធាអាម៉េរិក West Point និងបច្ចុប្បន្ន មានវ័យ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។ 

ការជ្រើសតាំងអនុប្រធាន២រូបបន្ថែមទៀតនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានអនុប្រធានគណបក្សដល់ទៅ៤រូប។ អនុប្រធាន២រូប ដែលកំពុងតែមានស្រាប់ គឺសម្តេច សាយ ឈុំ និង សម្តេច ស ខេង។ គណបក្សកាន់អំណាចមួយនេះ មានសម្តេច ហ៊ុន សែន ជាប្រធាន និងសម្តេច ហេង សំរិន ជាប្រធានកិត្តិយស។ 

ក្នុងអង្គការរដ្ឋ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ជាប្រធានព្រឹទ្ធសភា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ និង អ្នកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។

អំឡុងឆ្នាំ១៩៩៣ ដែលជាដំណាក់កាលបោះឆ្នោតលើកដំបូង ក្រោយពីរបបខ្មែរក្រហម រដ្ឋាភិបាលកម្ពុជា ត្រូវដឹកនាំដោយ២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ តែចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាដំណាក់កាលបោះឆ្នោតលើក២មក រដ្ឋាភិបាលកម្ពុជា ត្រូវដឹកនាំដោយគណបក្សតែ១ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ជាប់ជារៀងរហូត មកដល់បច្ចុប្បន្ន៕ 


Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com