ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្នគ្រោះថ្នាក់! សម្ពាធឈាមចុះទាបខ្លាំង អាចនាំឱ្យ ស្រេកទឹកឥតឈប់ និងជួបអាការៈ ៥នេះ
30, Jul 2023 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាសម្ពាធឈាមឡើងខ្ពស់អាចបង្កបញ្ហាគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាសម្ពាធឈាមចុះទាបក៏អាចបង្កគ្រោះថ្នាក់ទាំងនេះចំពោះសុខភាពដែរ? វេជ្ជបណ្ឌិតបានឱ្យដឹងថា សម្ពាធឈាមចុះទាប គឺសម្ពាធឈាមដែលទាបជាង 90/60mmHg។ កម្រិតនៃសម្ពាធឈាមប្រក្រតី គឺរវាងចន្លោះ 120/80mmHg និង 90/60mmHg។ ការដែលមានសម្ពាធឈាមចុះទាបខុសប្រក្រតីអាចធ្វើឱ្យកោសិកា, ជាលិកា និងសរីរាង្គក្នុងរាងកាយមិនអាចទទួលបាននូវអុកស៊ីសែននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាការៈដែលអាចកើតឡើងនៅពេលសម្ពាធឈាមចុះទាបខ្លាំង ៖

 
១. អស់កម្លាំង
 
អ្នកអាចនឹងមានអារម្មណ៍ខ្សោយអស់កម្លាំងប្រសិនបើសម្ពាធឈាមចុះទាបជាងធម្មតា ខណៈដែលសាច់ដុំមិនទទួលបាននូវឈាមអុកស៊ីសែនច្រើនគ្រប់គ្រាន់។
 
២. ស្បែកត្រជាក់និងស្អិតៗ
 
សម្ពាធឈាមទាបអាចបង្អាក់ចរន្តឈាមរត់ ហើយស្បែកប្រែជាត្រជាក់ៗនិងសើមស្អិតនៅពេលប៉ះពាល់ ឬមើលទៅស្លេកៗផងដែរ។
 
៣. វិលមុខ
 
ខួរក្បាលអាចនឹងមិនទទួលបានអុកស៊ីសែនច្រើនគ្រប់គ្រាន់ឡើយនៅពេលសម្ពាធឈាមចុះទាបខ្លាំង ហើយនេះជាមូលហេតុធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ ឬស្រាលក្បាលធីងធោងជាពិសេសនៅពេលអង្គុយ, ឈរ និងដើរ។ បន្ថែមពីនេះករណីភាគច្រើននៃអាការៈវិលមុខ គឺបណ្ដាលមកពីបញ្ហាសម្ពាធឈាមចុះទាប។ ដូច្នេះអ្នកមិនគួរប្រហែសចំពោះអាការៈនេះឡើយប្រសិនបើវាកើតឡើងញឹកញាប់។ ចូរធ្វើការពិនិត្យសម្ពាធឈាមឱ្យបានត្រឹមត្រូវ។
 
៤. ភ័ន្តភាំង
 
នេះក៏ព្រោះតែខួរក្បាលខ្វះខាតនូវអុកស៊ីសែនដែលនាំឱ្យដំណើរការមុខងារមិនប្រក្រតី។ អាការៈនេះច្រើនលេចឡើងចំពោះបុគ្គលវ័យចំណាស់ដែលមានសម្ពាធឈាមទាប។
 
៥. សន្លប់
 
ប្រសិនបើខួរក្បាលខ្វះខាតអុកស៊ីសែនខ្លាំង វាពិតជាអាចបណ្ដាលឱ្យអ្នកដួលសន្លប់បាន។
 
៦. ស្រេកទឹកឥតឈប់
 
មានកត្តាច្រើនណាស់ដែលបណ្ដាលឱ្យសម្ពាធឈាមចុះទាបក្នុងនោះរួមបញ្ចូលទាំងបញ្ហាបេះដូង ការបាត់បង់ឈាម បញ្ហាប្រព័ន្ធអង់ដូគ្រីន អាឡែកស៊ីធ្ងន់ធ្ងរ ការមានផ្ទៃពោះ ស្ត្រេសរ៊ាំរ៉ៃ កង្វះជាតិទឹកក្នុងរាងកាយ និងទម្លាប់មិនល្អនៃការទទួលទានជាដើម។ ហើយមួយក្នុងចំណោមអាការៈផ្សេងៗដែលអ្នកមានបញ្ហាសម្ពាធឈាមចុះទាបជួបប្រទះ គឺការស្រេកទឹកមិនឈប់។ នោះក៏ព្រោះរាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីបង្កើនសម្ពាធឈាមប្រក្រតី។ 
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com