ជាតិ
រថយន្ត
M151 ជាឡានដំបូងរបស់លោក ហុង ប៊ុនរ៉ុង ហើយជាឡាដែលលោកស្រឡាញ់ជាងគេ
28, Feb 2022 , 7:59 pm        
រូបភាព
សៀមរាប៖ ពលរដ្ឋខ្មែរ ច្រើនតែហៅឡាន M151 ថាឡាន JEEP។ តាមពិត វាស្រដៀងរថយន្ដម៉ាក JEEP ប្រភេទCJ ពិតមែន ប៉ុន្តែមិនមែនជាម៉ាក JEEP ទេ។



លោក ហុង ប៊ុនរ៉ុង មានឡានបុរាណ ៤គ្រឿង ដែលក្នុងនោះមានរថយន្ដ M151 ម៉ូឌែល A2 មួយគ្រឿង និងរថយន្ដ JEEP CJ ម៉ូឌែល 5 មួយគ្រឿង។ គាត់ពន្យល់ប្រាប់ថា ឡានទាំង២នេះ ជាឡានទម្ងន់ស្រាល បង្វិលកង់ទាំង៤ ពីជំនាន់៥០ឆ្នាំមុនដូចគ្នាមែន តែអ្វីដែលខុសគ្នាជាងគេ រវាងរូបរាង M151 និង JEEP CJ គឺឆ្នូតប៉ាណាខាងមុខ នៅចន្លោះហ្វារទាំង២។ លើ M151 វាផ្ដេក ខណៈលើ JEEP CJ វាឈរ។


ដើម្បីទ្រទ្រង់ M151 មានបូមរ៉ឺស័រ ខណៈ JEEP CJ មានសន្ទះ។ ស៊ីញ៉ូខាងមុខ លើ M151 វាស្ថិតនៅខាងឆ្វេងស្ដាំហ្វា ខណៈលើ JEEP CJ វាស្ថិតនៅក្រោមហ្វា។ ហើយផ្នែកខាងមុខរបស់ JEEP CJ វាប៉ោងជាង ធំជាង។ ក្រៅពីថែមត្រើយលើដែកកាងខាងមុខ M151 A2 ដែលជាឡានទីមួយក្នុងជីវិតរបស់លោក ប៊ុនរ៉ុង គាត់មិនសូវបានកែច្នៃអ្វីទេ។ ចំណែក JEEP CJ-5 របស់គាត់វិញ គាត់បានកែច្នៃវាច្រើន ដូចជាប្រអប់លេខដាក់អូតូម៉ាទីកវិញ ចង្កូតផ្នែកខាងក្នុងទាំងមូល និងកង់ទាំងអស់ដែរ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាវីដេងខាងក្រោមនេះ៖
 
 
ក្រុមហ៊ុនអាម៉េរិកាំង FORD បានបង្កើតរថយន្ដ M151 ឆ្នាំ១៩៥១ ប៉ុន្តែការផលិតត្រូវបានផ្ទេរ ទៅឱ្យក្រុមហ៊ុន KAISER ហើយទៅឱ្យក្រុមហ៊ុន AM ដែលបញ្ចប់ផលិត M151 ឆ្នាំ១៩៨២។ ឆ្នាំ១៩៨៨ ត្រូវបានផលិត ១ ០០០គ្រឿងថែមទៀត សម្រាប់ទាហានប៉ាគីស្ថាន។ រយៈពេលជិត៣០ឆ្នាំ ត្រូវបានផលិតអស់ ១០០ ០០០ គ្រឿង។ 151 គឺជាប្រភេទ ហើយអក្សរ M មកពីអក្សរកាត់ MUTT ដែលមានន័យថា Military Utility Tactical Truck ។ ដូច្នេះគឺជាឡានសម្រាប់យោធា។ វាបង្វិលកង់ទាំង៤ ដើម្បីជិះលើផ្លូវមានឧបសគ្គ ឬក្រៅផ្លូវ។ អាចទុកឈ្មោះ M ថាជាម៉ាកក៏បាន។ ក៏ប៉ុន្តែវាមិនមែនជាម៉ាកចុះបញ្ជីយ៉ាងត្រឹមត្រូវ ដូចម៉ាករថយន្ដស៊ីវិលនោះទេ។ រថយន្ដ M151 របស់លោក ប៊ុនរ៉ុង គឺជាម៉ូឌែល A2 ដែលពីដើមមានទម្ងន់ត្រឹម ១ ១០០គីឡូក្រាម។



ម៉ូឌែល A2 បានជំនួសម៉ូឌែល A1 ឆ្នាំ១៩៦៨។ ក្រៅពីប្រភេទ M151 ដែលជាប្រភេទសាមញ្ញធម្មតា ក៏គេបានបង្កើតប្រភេទផ្សេងៗ ដែលបំពាក់ដំបូលក្រណាត់កៅស៊ូ ស្ទើរតែទាំងអស់ ដូចជា M718 (សង្គ្រោះបន្ទាន់) M825 (ដឹកកាំភ្លើងធំ) MRC108 (ដឹកឧបករណ៍គមនាគមន៍)។ ល។
 
ក្រុមហ៊ុនអាម៉េរិកាំង WILLYS បានបង្កើតម៉ាក JEEP ឆ្នាំ១៩៤១ ដោយលោក WILLYS John ហើយការផលិតត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន KAISER ហើយទៅឱ្យក្រុមហ៊ុន AM ដែលបញ្ចប់ផលិត JEEP CJ ឆ្នាំ១៩៨៦។ រយៈពេល៤០ឆ្នាំ ត្រូវបានផលិតជាង ១៥ ០០០ ០០០ គ្រឿង។  CJ គឺជាប្រភេទ ហើយអក្សរ កាត់នេះ មានន័យថា Civilian JEEP ។



ដូច្នេះគឺជាឡានសំរាប់ជនស៊ីវិល ខណៈរថយន្ដ JEEP ប្រភេទដើមគឺជាឡានសម្រាប់យោធា។ វាបង្វិលកង់ទាំង៤ ដើម្បីជិះលើផ្លូវមានឧបសគ្គ ឬក្រៅផ្លូវ។ រថយន្ដ JEEP CJ របស់លោក ប៊ុនរ៉ុង គឺជាម៉ូឌែល 5 ផលិតដោយក្រុមហ៊ុន WILLYS ឆ្នាំ១៩៧២។ ពីដើមវាមានទម្ងន់ត្រឹម ១២០៩គីឡូក្រាម។ CJ-5 ត្រូវបានផលិតពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ១៩៨៣។ កាលពី១០ឆ្នាំមកហើយ JEEP ចូលក្នុងក្រុមសម្ព័ន្ធបារាំងអ៊ីតាលីអាម៉េរិក័ង STELLANTIS ៕
 


 










Tag:
 ហុង ប៊ុនរ៉ុង
  រថយន្ត
  យានយន្ត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com