ជាតិ
សេដ្ឋកិច្ច
២ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានប្រមាណ៥០០លានដុល្លារ កើនជាង២២ភាគរយ
15, Mar 2022 , 10:09 am        
រូបភាព
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។_ រូបថត៖_ GDT
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។_ រូបថត៖_ GDT
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបានជាង៥០០លានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២។ ចំណូលពន្ធដែលប្រមូលបានសម្រាប់ថវិកាជាតិនេះ  គឺកើនដល់២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

 
២ខែមកនេះ កម្ពុជាទទួលបានចំណូលពីពន្ធដារ ចំនួន ជាង២០៧៤ពាន់លានរៀល(ប្រមាណ៥១២លានដុល្លារ) ដែលស្មើនឹង១៨,១៧ភាគរយ នៃផែនការប្រចាំឆ្នាំ។  លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ  នៅថ្ងៃទី១៤ ខែមីនា។​
 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា​ ក្នុងខែកុម្ភៈ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិ បានជិត២២៤លានដុល្លារ។ សម្រាប់ខែកុម្ភៈ ចំណូលពីប្រភេទពន្ធសំខាន់ៗ ចំនួន៥ប្រភេទ បានរក្សាកំណើនគួរឱ្យកត់សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះ មានពន្ធលើប្រាក់ចំណូល, ពន្ធលើអាករលើតម្លៃបន្ថែម,  អាករពិសេស, ពន្ធលើប្រាក់បៀវត្ស និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។ 
 
ដើម្បីធានានូវប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ ឱ្យបានគ្រប់ផែនការប្រចាំឆ្នាំ២០២២ ក្នុងចំនួន ២៨១៩លានដុល្លារ អគ្គនាយកដ្ឋាពន្ធដារបន្តអនុវត្តនិងពង្រឹងវិធានការមួយចំនួន ដូចជា៖ ការដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសក្នុងស្រុក, ពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាព  រួមទាំងបន្តពង្រឹងការបង្វិលសងលើអាករលើតម្លៃបន្ថែម ជាដើម...។ 
 
ជាមួយគ្នានេះ លោក គង់ វិបុល បានក្រើនរំលឹកពាក់ព័ន្ធនឹងអនុលោមសារពើពន្ធ ពីបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ថា កន្លងមកមានសហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងបានបង្កើតជាផែនការគេចវេះពន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យានិងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ។ លោកបានប​ញ្ជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើស សម្អាតប្រាក់៕ 
 

Tag:
 ពន្ធ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com