ជាតិ
សាលារៀនចំនួន ៥ ជាប់«​ជ័យលាភីសាលាស្អាត»
23, Apr 2022 , 5:59 pm        
រូបភាព
សាលារៀនជាប់ជ័យលាភីសាលាស្អាត
សាលារៀនជាប់ជ័យលាភីសាលាស្អាត
ភ្នំពេញ៖ វិទ្យាល័យ​ស្វាយរៀង, សាលា​បឋម​សិក្សា​វត្ត​ចែង, សាលាបឋមសិក្សា​គងជ័យ, សាលា​បឋម​សិក្សានិងវិទ្យាល័យហ៊ុន សែន មិត្ត​ភាព និង​អនុវិទ្យាល័យ​ទីរួមខេត្ត បាន​ទទួល​ជ័យលាភី​សាលាស្អាត​ ក្នុង​ក្របខណ្ឌទូទាំងប្រទេស ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។ នេះបើតាមប្រកាស​របស់​ក្រសួង​អប់រំ ចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី១៩ មេសា។


ពានរង្វាន់សាលាស្អាតដែលរៀបចំដោយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានរក​ឃើញ​សាលារៀន​ចំនួន ៥ ជាប់​ជ័យ​លាភី​សាលាស្អាត ក្នុង​ក្របខណ្ឌទូទាំងប្រទេស​។ ជ័យលាភីសាលាស្អាតទាំង៥ រួមមាន​វិទ្យាល័យ​ស្វាយរៀង ស្ថិតនៅ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ជាប់​ពានរង្វាន់ជ័យលាភីលេខ១ ដោយទទួលបាន​ថវិកា ៥លានរៀល។ សាលា​បឋម​សិក្សា​វត្ត​ចែង ដែលស្ថិតស្រុកសង្កែ ខេត្ត​បាត់ដំបង ជាប់ពានរង្វាន់​ជ័យលាភីលេខ២ ទទួលបានថវិកា ៤លានរៀល​។ 
 
ចំណែកពានរង្វាន់ជ័យលាភីលេខ៣ បានលើ​សាលាបឋមសិក្សាគងជ័យ ដែល​ស្ថិតនៅ​ស្រុក​កងមាស ខេត្តកំពង់ចាម, ពានរង្វាន់ជ័យលាភីលេខ៤ បាន​លើសាលាបឋមសិក្សានិងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និងពានរង្វាន់ជ័យលាភីលេខ៥ បាន​លើ​អនុវិទ្យាល័យទីរួមខេត្ត មានទីតាំងនៅក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ ជ័យលាភីលេខ៣ លេខ៤ និង​លេខ៥ ទទួលបានថវិកា ៣លានរៀល ក្នុងមួយសាលា។ 
 
ក្រៅ​ពី​ប្រគល់ពាន​រង្វាន់ជ័យ​លាភី​សាលាស្អាត ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រគល់ពានរង្វាន់នាយកល្អ និងគ្រូបង្រៀនល្អផងដែរ។ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់ ThmeyThmey25 ថា ការរៀបចំវាយតម្លៃជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀន​ល្អ និង​សាលាស្អាតនេះ គឺផ្អែកតាមគោលការណ៍ លក្ខណវិនិច្ឆ័យ និងនីតិវិធី ដែលបានកំណត់បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត បាន​ផ្ញើ​លទ្ធផល​វាយតម្លៃ​កម្រិត​មន្ទីរមកក្រសួង។
 
លោក រស់ សុវាចា បន្តថា ក្នុងបរិបទកូវីដ-១៩ កម្មវិធីនេះ បានចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពសុខភាពសិក្សាដោយជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឱ្យបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារ (SoP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា ការប្រគល់ពានរង្វាន់​ជ័យ​លាភីសាលាស្អាតនេះ ត្រូវ​រៀបចំជារៀងរាល់ឆ្នាំ ដោយ​ក្រសួងអប់រំ យុវជន និងកីឡា៕
 

Tag:
 សាលារៀន
  អប់រំ
  ស្វាយរៀង
  កំពង់ចាម
  ព្រះសីហនុ
  បាត់ដំបង
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com