ជាតិ
សង្គមជាតិ
ព្រះសីហនុ៖ អាវុធហត្ថ២នាក់ ជាប់សង្ស័យក្នុងការបាញ់សម្លាប់បុរសម្នាក់ ត្រូវបញ្ជូនទៅតុលាការ
02, May 2022 , 5:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
រូបពីទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
ដោយ៖ ទេពញាណ
 
កងរាជអាវុធហត្ថ២នាក់ ត្រូវបានឃាត់ខ្លួន ក្រោយសង្ស័យថា ក្នុងចំណោមពួកគេទាំង២នាក់ មានម្នាក់ បានប្រើកាំភ្លើង បាញ់សម្លាប់បុរសម្នាក់ នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។


 
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបរិយាយពីហេតុការណ៍ ដែលកើតឡើងនោះ ដោយលោក គ្រាន់តែបញ្ជាក់ថា កងរាជអាវុធហត្ថទាំង២នាក់នោះ បានប្រព្រឹត្តបទល្មើស ដូច្នេះ ត្រូវតែបញ្ចូនទៅតុលាការ ដើម្បីដំណើរការតាមនីតិវិធីច្បាប់។ លោក អះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនពួកគេ ទៅកាន់តុលាការហើយ។ 
 
លោកអនុសេនីយ៍ឯក សំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនទាន់ទទួលបានព័ត៌មានផ្លូវការនោះទេពីមូលហេតុដែលនាំឲ្យឈានដល់ការប្រើអាវុធក្នុងហេតុការណ៍នេះ តែលោក បានដឹងព័ត៌មានជាបឋម ដែលត្រូវបានគេនិយាយនៅកន្លែងកើតហេតុថា ទំនាស់ កើតឡើងដោយសារមន្រ្តីកងរាជអាវុធហត្ថ ខឹងនឹងបុរសជាជនរងគ្រោះនោះ ដែលចុចស៊ីផ្លេម៉ូតូឮៗ នៅតាមផ្លូវ។ លោកបន្តថា បុរសជាជនរងគ្រោះ ក៏បានសុំសម្របសម្រួលដែរ តែមន្រ្តីកងរាជអាវុធហត្ថមិនព្រម ហើយគូភាគីទំនាស់ ក៏ធ្វើដំណើរទៅដល់រង្វង់មូលតោ២ទាំងអស់គ្នា ដោយក្រោយមកបន្តិច ក៏ស្រាប់តែមានការផ្ទុះអាវុធតែម្តង។  លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«ពាក្យចចាមអារ៉ាម គេនិយាយមកអ៊ឺចឹង»។ 
 
លោកអនុសេនីយ៍ឯក បានឲ្យដឹងទៀតថា ក្នុងចំំណោមកងរាជអាវុធហត្ថទាំង២នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលជាជនដៃដល់ ឯម្នាក់ទៀត គឺជាគ្នីគ្នា ដែលទៅជាមួយគ្នា។ លោក បន្ថែមថា ក្រោយកើតហេតុភ្លាមៗ នៅវេលាជិតភ្លឺ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កងរាជអាវុធហត្ថទាំង២នាក់នោះ ត្រូវបានកងកម្លាំងរបស់លោកចាប់ ហើយបន្ទាប់មក ក៏បញ្ជូនទៅឲ្យកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 
 
លោកនាយប៉ុស្តិ៍រូបនេះ មិនបង្ហាញអត្តសញ្ញាណលម្អិតពីកងរាជអាវុធហត្ថទាំង២នាក់នោះទេ ដោយគ្រាន់តែប្រាប់ថា ពួកគេ គឺជាកងរាជអាវុធហត្ថក្មេងៗ ដែលទើបនឹងចូលធ្វើជាកងរាជអាវុធហត្ថ៕ 
 

Tag:
 កងរាជអាវុធហត្ថ
  ករណីបាញ់សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com