ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ស្នើឲ្យក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍ដោះលែងសកម្មជនខ្លួន
04, May 2022 , 11:39 am        
រូបភាព
តំណាងគណបក្សភ្លើងទៀន អង្គុយតុជួរឆ្វេងដៃ, លោក សុន ឆ័យ ពាក់អាវខ្មៅ និងពាក់វ៉ែនតា។ តំណាងក្រសួងយុត្តិធម៌ អង្គុយតុខាងស្តាំដៃ, អ្នក ដែលអង្គុយទល់មុខលោក សុន ឆ័យ គឺលោក គឹម សន្តិភាព ហើយអ្នកអង្គុយនៅឆ្វេងដៃលោក គឺម សន្តិភាព គឺលោក ជិន ម៉ាលីន។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន
តំណាងគណបក្សភ្លើងទៀន អង្គុយតុជួរឆ្វេងដៃ, លោក សុន ឆ័យ ពាក់អាវខ្មៅ និងពាក់វ៉ែនតា។ តំណាងក្រសួងយុត្តិធម៌ អង្គុយតុខាងស្តាំដៃ, អ្នក ដែលអង្គុយទល់មុខលោក សុន ឆ័យ គឺលោក គឹម សន្តិភាព ហើយអ្នកអង្គុយនៅឆ្វេងដៃលោក គឺម សន្តិភាព គឺលោក ជិន ម៉ាលីន។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន
ដោយ៖ ទេពញណ 
 
គណបក្សភ្លើងទៀន ទទួលបានចម្លើយអវិជ្ជមានពីក្រសួងយុត្តិធម៌។

 
 
គណបក្សភ្លើងទៀន ស្នើទៅក្រសួងយុត្តិធម៌ ឲ្យជួយអន្តរាគមន៍ក្នុងការដោះលែងសកម្មជនរបស់ខ្លួនមួយចំនួន ដែលកំពុងស្ថិតក្នុងពន្ធនាគារ។ ការសុំអន្តរាគមន៍នេះ ធ្វើឡើងក្នុងជំនួបផ្ទាល់មុខរវាងប្រតិភូគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក សុន ឆ័យ ជាអនុប្រធានគណបក្សនេះ ជាមួយតំណាងក្រសួងយុត្តិធម៌ ដែលដឹកនាំដោយលោករដ្ឋលេខាធិការ គឹម សន្តិភាព នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលមានវត្តមានក្នុងជំនួបនោះដែរ បានសរសេរលើទំព័រហ្វេសប៊ុក ពីការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ទៅកាន់គណបក្សភ្លើងទៀន ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឲ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការ ដោយក្រសួងយុត្តិធម៌ ពុំមានសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការឡើយ។ បើតាមសំណេរបស់លោករដ្ឋលេខាធិការរូបនេះ តំណាងក្រសួងយុត្តិធម៌ បានផ្តល់យោបល់ដល់ប្រតិភូគណបក្សភ្លើងទៀនថា មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ និងការពឹងពាក់មេធាវីទេ ទើបជាមធ្យោបាយខាងផ្លូវច្បាប់ ក្នុងការការពារសកម្មជន។ 
 
គណបក្សភ្លើងទៀន នៅមានសំណើ១ទៀតទៅកាន់ក្រសួងយុត្តិធម៌ គឺស្នើសុំអន្តរាគមន៍ដល់តុលាការ ឲ្យពន្យារនីតិវិធីលើសកម្មជនរបស់ខ្លួន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឲ្យមានការកោះហៅពួកគេ ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ។ មិនខុសពីសំណើទី១ សម្រាប់សំណើទី២នេះ គណបក្សភ្លើងទៀន ក៏ទទួលបានចម្លើយអវិជ្ជមានពីក្រសួងយុត្តិធម៌ដែរ។ 
 
តំណាងក្រសួងយុត្តិធម៌ ពន្យល់ទៅប្រតិភូគណបក្សភ្លើងទៀនថា ក្រសួងយុត្តិធម៌ ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។ នេះបើតាមខ្លឹមសារលើទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន ដដែល។ ក្រសួងយុត្តិធម៌ លើកឡើងទៀតថា កន្លងមក ក្រសួង ពុំដែលណែនាំឲ្យតុលាការ ពន្យារនីតិវិធីនោះទេ តែផ្ទុយមកវិញ គឺមានតែណែនាំឲ្យពន្លឿនដំណើរការនីតិវិធីលើសំណុំរឿង ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។
 
ថ្វីបើផ្តល់ចម្លើយអវិជ្ជមានចំពោះសំណើទាំង២ នៅចំពោះមុខប្រតិភូគណបក្សភ្លើងទៀនក្តី តែតំណាងក្រសួងយុត្តិធម៌ នៅតែទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ទៅពិនិត្យ និងពិចារណា ទៅតាមសមត្ថកិច្ចរបស់ខ្លួន ដែលច្បាប់អនុញ្ញាត។ 
 
សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២២ ប្រតិភូគណបក្សភ្លើងទៀន បានចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃម្តងរួចមកហើយ។ នាជំនួបពេលនោះ តំណាងគណបក្សភ្លើងទៀន បានលើកឡើងពីបញ្ហាផ្សេងៗ ដែលគណបក្សនេះជួបប្រទះ ពាក់ព័ន្ធនឹងការបោះឆ្នោត រួមទាំងការចាប់សកម្មជនខ្លួនផងដែរ៕ 
 
 
 
 

Tag:
 គណបក្សភ្លើងទៀន
  ក្រសួងយុត្តិធម៌
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com