ជាតិ
សេដ្ឋកិច្ច
គយប្រមូលពន្ធអាករបានជាង៦០លានដុល្លារ ពីរថយន្តគ្មានពន្ធជិត៧ពាន់គ្រឿង លោក គុណ ញឹម ថ្លែងក្នុងសន្និសីទកាសែតស្តីពី វឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី៤ ឧសភា។ រូបថត៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
× ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករ បានប្រមាណ៦៤លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល និងរថយន្តចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេង ៗរហូតដល់ ៧ពាន់គ្រឿង។ នេះជាការលើកឡើងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដោយបញ្ជាក់ថា ក្នុងចំណោមចំណូលទាំងនេះ គឺមានជិត៤លានដុល្លារ បានពីការពិន័យលើម្ចាស់រថយន្តជាង១៧០គ្រឿង។
លោក គុណ ញឹម បានបញ្ជាក់ថា ៨ខែ នៃយុទ្ធនាការប្រមូលពន្ធអាករនេះ មានម្ចាស់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ៦ ៩២២ គ្រឿង បានមកបំពេញកាតព្វកិច្ចបង់ពន្ធអាករ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមលោក គុណ ញឹម ក្នុងចំណោមរថយន្តទាំងនេះ គឺមានរថយន្ត ៤ ៦៩០គ្រឿង ត្រូវបានបង់ពន្ធចូលជាតិរួចហើយ ដែលមានទំហំជាង៤៦លានដុល្លារ។
រីឯ រថយន្ត២ ២៣២គ្រឿងទៀត គឺកំពុងស្ថិតនៅយានដ្ឋាន ដោយត្រូវកែរថយន្តពីចង្កូតស្តាំមកឆ្វេងវិញ ដែលមានតម្លៃជាង ១៣លានដុល្លារ។ លោក គុណ ញឹម បានបញ្ជាក់ថា ចំណូលពីរថយន្តទាំងនេះ ពុំទាន់ក្លាយជាប្រាក់ពន្ធសម្រាប់រដ្ឋឡើយ ព្រោះស្ថិតនៅក្នុងដំណាក់កាលជាប្រាក់កក់ របស់ម្ចាស់រថយន្តនៅឡើយ។
ដោយឡែក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ ក៏បង្រា្កបរថយន្ត ដែលគ្មានពន្ធបានចំនួន ១៧៨គ្រឿងដែរ។ លោក គុណ ញឹម ថ្លែងក្នុងសន្និសីទកាសែតស្តីពី វឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី៤ ឧសភាថា ម្ចាស់រថយន្តទាំងនេះ ក្រៅពីបង់ពន្ធអាករហើយនោះ គឺត្រូវរងការពិន័យថែមទៀត។ លោកបានបញ្ជាក់ថា ម្ចាស់រថយន្តត្រូវបង់ប្រាក់ទាំងពន្ធអាករ និងប្រាក់ពិន័យ ជាមធ្យម ២១ ២០០ដុល្លារ ក្នុងមួយគ្រឿង។
លោក គុណ ញឹម បន្តនិយាយដូច្នេះ៖ « គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២២ ប្រាក់ពន្ធអាករនិងប្រាក់ពិន័យ ដែលយើងប្រមូលពីម្ចាស់រថយន្តគ្មានពន្ធនោះ គឺបានជិត៦៤លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានរបស់យើង ដោយចំណូលមួយផ្នែក គឺយើងប្រមូលបានហើយបង្វែរទៅជាថវិកាជាតិរួចហើយ។ មួយផ្នែកទៀត បានពីរថយន្តដែលយើងបង្រា្កបបានស្ថិតនៅការគ្រប់គ្រងដោយគយ ដោយរង់ចាំម្ចាស់ចូលមកដោះស្រាយ និងចំណូលមួយផ្នែកទៀត បានពីម្ចាស់រថយន្តចង្កូតស្តាំ ដែលបច្ចុប្បន្នកំពុងបន្តនីតិវិធី បង់ពន្ធអាករចូលរដ្ឋ»។
កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២១ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ផ្តើមយុទ្ធនាការឱ្យម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗបង់ពន្ធ ដោយមានការអនុគ្រោះពន្ធ១០ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២១។ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ គឺត្រូវឲ្យបង់ពន្ធអាករពេញលេញ។
លោក គុណ ញឹម បានព្រមានថា ពេលផុតឱសានវាទនៃយុទ្ធនាការប្រមូលពន្ធអាករ ពោលចាប់ពីថ្ងៃទី១កក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយចំពោះរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល៕
© រក្សាសិទ្ធិដោយ thmeythmey.com