ជាតិ
អាជ្ញាធរ នឹងផ្អាកចរាចរ​ណ៍ពី​គល់​ស្ពាន​គីហ្សូណាដល់រង្វង់មូលត្រើង ដើម្បី​ហែសពលោក ហ៊ុន ណេង
07, May 2022 , 9:59 am        
រូបភាព
រូបភាព​បុណ្យសពលោក ហ៊ុន ណេង។ រូបភាពពី ទទក
រូបភាព​បុណ្យសពលោក ហ៊ុន ណេង។ រូបភាពពី ទទក
ភ្នំពេញ​៖ ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិលេខ៧ ចាប់ពី​រង្វង់មូលគល់​ស្ពាន​គីហ្សូណា ដល់រង្វង់មូលត្រើង នឹងត្រូវផ្អាកបណ្តោះអាសន្ន គឺចាប់ម៉ោង៦ ដល់ម៉ោង១០ព្រឹក ​​ថ្ងៃទី​៩ ឧសភា ដើម្បី​សម្រួលដល់​ការ​ហែសព​ លោក ហ៊ុន ណេង។ នេះ​បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ចាម។


 
សព​លោក ហ៊ុន ណេង ដែលត្រូវ​ជា​បង​ប្រុស​បង្កើត​សម្ដេច ហ៊ុន សែន នឹង​ត្រូវ​ហែចេញពីក្រុង​កំពង់ចាម ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគីរីរតនៈភ្នំប្រុស​ ស្ថិតក្នុង​ឃុំ​ក្រឡា ស្រុកកំពង់សៀម ខេត្ត​កំពង់ចាម។​​
 
ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ និងខ្លាចមាន​ការរំខាន​ដល់​ក្បូន​ដង្ហែសព​ រដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឱ្យប្រជាពលរដ្ឋ ​ដែលត្រូវ​ធ្វើដំណើរចូលក្រុង​កំពង់ចាម​ តាម​ផ្លូវជាតិ​៧ ឬ​ផ្លូវ​ជាតិ​លេខ៧១​ ត្រូវ​វាង​តាម​ផ្លូវ​លេខ៧០ តាម​ផ្សារ​ព្រៃទទឹង​ និង​ផ្លូវ​ខេត្ត​លេខ២៧០ ឆ្លងកាត់​តាម​ពាម​ជីកង ស្រុក​កងមាស។
 
ចំពោះការ​ធ្វើ​ដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​មក​ក្រុង​កំពង់ចាម​ ឬ​ទៅ​ភ្នំពេញ​ ខេត្តកំពង់ធំ និង​ខេត្ត​សៀមរាប ត្រូវ​ឆ្លង​តាម​ផ្លូវ​បេតុង ឃុំ​ជីរោទិ៍ ស្រុក​ត្បូងឃ្មុំ ឆ្ពោះទៅ​ស្ពាន​ក្រូចឆ្មារ។ អ្នក​ដំណើរ ក៏​អាច​បង្វែរទិស​ដៅ​ ទៅតាម​ផ្លូវ​ជាតិ​១១ ឆ្ពោះទៅផ្លូវលេខ ៨ដែរ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម។ សូម​បញ្ជាក់ថា លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ ដោយសារជំងឺបេះដូង៕​
 
 

Tag:
 ហ៊ុន ណេង
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com