ជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថានរំពឹងថា «រុក្ខវិថីបុប្ផាប្រសិទ្ធ» នឹងរួមចំណែកជំរុញទេសចរណ៍ធម្មជាតិនៅខេត្តកែប
07, May 2022 , 6:59 pm        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ «រុក្ខវិថីបុប្ផាប្រសិទ្ធ» នៅឧទ្យានជាតិកែប។ រូបភាព៖ ក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ «រុក្ខវិថីបុប្ផាប្រសិទ្ធ» នៅឧទ្យានជាតិកែប។ រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
ក្រសួងបរិស្ថាន ធ្វើផ្លូវបេតុងឡើងភ្នំឧទ្យានជាតិកែបប្រវែង ៦គីឡូម៉ែត្រ ដើម្បីឱ្យទេសចរអាចឡើងទៅកម្សាន្តដោយស្មើជើង និងរថយន្តប្រភេទតូច។ តាមរយៈផ្លូវបេតុងថ្មី « រុក្ខវិថីបុប្ផាប្រសិទ្ធ» លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រំពឹងថាទេសចរកាន់តែច្រើននឹងទៅកម្សាន្តនៅតំបន់ឧទ្យានកែប។


 
«រុក្ខវិថីបុប្ផាប្រសិទ្ធ» ជាសមិទ្ធផលថ្មីនៅឧទ្យានជាតិកែប ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចដើរ និងជិះរថយន្តប្រភេទតូចដើម្បីបានទៅទស្សនាធម្មជាតិលើភ្នំនៃឧទ្យានជាតិកែបស្ថិតក្នុងក្រុងកែប។ រុក្ខវិថីនេះមានប្រវែង ៦គីឡូម៉ែត្រ និងមានទទឹង ៣ម៉ែត្រ ដែលត្រូវបានយកថវិកាពីការលក់ឥទានកាបូនសម្រាប់ជួសជុល។

លោក សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
 
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាសើ «រុក្ខវិថីបុប្ផាប្រសិទ្ធ» នេះថាការធ្វើផ្លូវបេតុងឡើងភ្នំនៃឧទ្យានជាតិកែបនេះ ក្នុងគោលបំណងធ្វើឱ្យឧទ្យានជាតិកែប ក្លាយជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ ដែលជាផ្នែកមួយជួយសេដ្ឋកិច្ចដល់ខេត្តជាប់ឆ្នេរមួយនេះ។ ផ្លូវបេតុងនេះ នឹងចូលរួមទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ប្រយោជន៍ ដល់ប្រជាជនមូលដ្ឋាន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
 
លោក សាយ សំអាល់ បន្តថាក្រសួងបរិស្ថាន នឹងបន្តយកថវិកាពីការលក់កាបូនទៅកាន់ទីផ្សារអន្តរជាតិ មកកែប្រែតំបន់អភិរក្ស ដែនជម្រកសត្វ និងឧទ្យានជាតិដែលមានសក្តានុពលឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ។ ការធ្វើបែបនេះ ក្រសួងយល់ថាអាចថែរក្សាធនធានធម្មជាតិ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
 
យ៉ាងណាមិញបើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ផ្លូវនៅជុំវិញឧទ្យានជាតិកែបនេះត្រូវបានជួសជុល ៣លើករួចមកហើយ។ លោកទីមួយក្នុងឆ្នាំ១៩៩៨។ លើកទីពីរនៅឆ្នាំ២០០៤ និងលើកទី៣ នៅឆ្នាំ២០០៩-២០១០។ ចំណែកការជួសជុលរបស់ក្រសួងបរិស្ថាននេះជាលើកទី៤ ដែលបានពង្រីកផ្លូវបន្ថែម និងចាក់បេតុងផងដែរ។ 
 
លោក សោម ពិសិដ្ឋ បន្តថាក្រៅពីធ្វើផ្លូវនៅឧទ្យានជាតិកែប រដ្ឋបាលខេត្តកែប នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅរមណីដ្ឋានទេសចរណ៍ និងតាមកោះផ្សេងទៀត។ អភិបាលខេត្តរូបនេះអះអាងថា លោកនឹងអភិវឌ្ឍខេត្តកែប ដោយរក្សាធនធានធម្មជាតិប្រកបដោយចីរភាព៕
 

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ។ រូបភាព៖ ក្រសួងបរិស្ថាន


Tag:
 រុក្ខវិថីបុប្ផាប្រសិទ្ធ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com