ជាតិ
វីដេអូ
អ្នកស្រី ចាន់ ថូយ ​​ពេញ​ចិត្ត​ការ​ងារ​ជា​បណ្ណារក្ស​​​ ទោះការធ្វើដំណើរតាមផ្លូវទឹកលំបាក​
07, May 2022 , 8:39 pm        
រូបភាព
អ្នកស្រី ចាន់ ថូយ អង្គុយហើយមាន​កូន​ប្រុសពជាប់ចង្កេះ
អ្នកស្រី ចាន់ ថូយ អង្គុយហើយមាន​កូន​ប្រុសពជាប់ចង្កេះ
កំពង់​ឆ្នាំង​៖ អ្នក​ស្រី ចាន់ ថូយ គឺ​ជា​បណ្ណារក្ស​នៃ​អង្គការ​ស៊ីប៉ា បាន​ប្រាប់​កម្ម​វិធី​ “តោះយើង​អាន​ជុំគ្នា​”ថា កុមារ​នៅ​តំបន់​ចុងព្រែក ឃុំផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង​ ចាប់​ផ្ដើម​ស្រឡាញ់​ការ​អាន​ តាំង​ពី​អង្គការ​ស៊ីប៉ា ចុះ​ទៅ​អាន​អំណាន​ឱ្យ​ពួក​គេ​ស្ដាប់​។ លទ្ធផល​នេះ ​បាន​ជំរុញ​ចិត្ត​របស់​អ្នក​ស្រី ចាន់ ថូយ មិន​រារែក​ឡើយ ​ក្នុង​ការ​ធ្វើ​ការ​ងារ​ជា​បណ្ណារក្ស បើ​ទោះ​បី​ជា​អ្នក​ស្រី ត្រូវ​យក​កូនតូច​ទាំង​៣​នាក់​ទៅ​ជា​មួយ​ ស្រប​ពេល​ខែ​វស្សា មាន​ភ្លៀង ខ្យល់ និង​ពិបាក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​យ៉ាង​ណាក្តី​។

 
អ្នក​ស្រី​ ចាន់ ថូយ ដែល​ជា​​បណ្ណារក្ស​នៃ​អង្គការ​ស៊ីប៉ា ​កំពុង​ធ្វើ​ដំណើរ​តាម​​ទូក​បណ្ណាល័យ​ចល័​ត របស់​អង្គការ​ស៊ីប៉ា បាន​ប្រាប់​កម្ម​វិធី​ “តោះ​យើង​អាន​ជុំ​គ្នា​” ថា​កុមារ​នៅ​ក្នុង​ឃុំផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង កាល​ដំបូង​ឡើយ​ ពុំ​សូវ​បាន​ចូល​រៀន​ឡើយ​ ព្រោះ​ផ្ទះ​របស់​ពួក​គេ​ឆ្ងាយ​ពី​សាលា ​ពួក​គេ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​។ ហើយ​អ្វី​ដែល​ជា​ឧបសគ្គ​ខ្លាំង​នោះ ដោយ​សារ​ពួក​គេ​ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹកទៅ​សាលា​ ដោយ​គ្មាន​មនុស្ស​ធំ​ទៅ​ជា​មួយ ទើប​ម្ដាយ​ឪពុក​របស់​ពួក​គេ ​មិន​ហ៊ាន​បណ្ដោយ​។

កុមារនៅតំបន់ចុងព្រែក កំពុងលេងល្បែងបូកលេខ ដែល​រៀប​ចំដោយ អង្គការស៊ីប៉ា
 
ប៉ុន្តែ​តាំង​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រៀប​ចំ​ឱ្យ​គ្រួសារ​ដែល​មាន​ផ្ទះ​បណ្ដែត​ទឹក​ ត្រូវ​ឡើយ​ទៅ​តាំង​ទី​នៅ​លើ​គោក ក្មេង​ៗ ក៏​អាច​មាន​លទ្ធភាព​ចូល​រៀន​បាន​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បច្ចុប្បន្ន​​ក៏​នៅ​មាន​គ្រួសារ​មួយ​ចំនួន​ ត្រូវ​ទៅ​ធ្វើ​ស្រែ​ចម្ការ ឆ្ងាយ​ពី​សាលា​រៀន ហើយ​ត្រូវ​សម្រាក​នៅ​ស្រែ​នោះ​តែ​ម្ដង​។ ដូច្នេះ​ពួក​គេ ​ក៏​យក​កូន​ៗ​ទៅជា​មួយ​ដែរ​ ជា​ហេតុ​នាំ​ឱ្យ​កុមារ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​​ទឹក ​មក​សាលា​រៀន​ដែរ​។
 
 
អង្គុយ​លើ​ទូក​ដែល​កំពុង​បើក​ទៅ​មុខ​ អ្នក​ស្រី​ ចាន់ ថូយ ភ្នែក​សម្លឹង​ឆ្ងាយ​ ហើយ​បញ្ជាក់​ដូច្នេះ​៖ «​ចាប់​ពី​ក្មេង​តូច​ៗ រហូត​ដល់ក្មេង​​អាយុអាច​រៀន​ថ្នាក់​បឋមបាន នៅ​តំបន់ចុង​ព្រែក​ មានប្រហែល​​​២០ ទៅ​៣០​នាក់​។ ម្ដាយ​ឪពុក​មិន​សូវ​ហ៊ាន​ឱ្យក្មេង​ៗ ​បើក​ទូក​ទៅ​រៀន​នៅ​លើ​គោក​ទេ ព្រោះ​ខ្លាច​ធ្លាក់​ទឹក។ ក្មេង​មួយ​ចំនួន​តូច ​មិន​អាច​ចូល​រៀន​បាន ព្រោះ​ខ្វះ​លទ្ធភាព​។ គ្រួសារ​ខ្លះ ​គាត់​អត់​មាន​​ម៉ាស៊ីន​ទូក​បើក​ទៅ​រៀន​។ ដូច្នេះ​កូន​គាត់ ​ក៏​អាច​អត់​លទ្ធភាព​ទៅ​រៀន​ដែរ​។»។
 
ជា​បណ្ណារក្ស​ ដែល​តែង​តែ​ចុះ​ទៅ​តំបន់​ផ្សេង​ៗ​ ដើម្បី​អាន​សៀវ​ភៅ​ឱ្យកុមារ​ស្ដាប់​ ទាំង​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​ ស្រ្តី​កូន​៣​នាក់ ដែល​មាន​កូន​​ស្រី​មួយ​រូប​នេះ ក៏​បាន​លើក​ឡើង​អំពី​ផល​លំបាក​ នៅ​ពេល​ធ្វើ​ដំណើរ​ម្ដង​ៗ​ដែរ។ អ្នក​ស្រី​ថា បើ​ធ្វើ​ដំណើរ​នៅ​ខែ​ប្រាំង ​តាម​ផ្លូវ​ទឹក​ ពិបាក​ខ្លះ​ៗ​ ក្នុង​ការ​បើក​ទូក​ ព្រោះ​មាន​កំប្លោក​ច្រើន​​ អាច​កឿង​ទូក​ទៅ​មុខ​មិន​រួច​ ហើយ​ក៏​មិន​មាន​ផ្លូវ​កាត់​ ឬ​ផ្លូវ​វាង​ដែរ​។ 

កុមារនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងរង់ចាំស្ដាប់ការអាន​អំណាន ពីអង្គការស៊ីប៉ា
 
ប៉ុន្តែ​នៅ​ខែ​វស្សា​ ងាយ​ស្រួល​បើ​ក​ទូក​ ព្រោះ​មាន​ផ្លូវ​កាត់​ច្រើន​ឆាប់​ទៅ​ដល់​គោល​ដៅ​​ និង​​អាចបើក​​គេច​កំប្លោក​បាន។ ទោះ​ជា​យ៉ាងណា ការធ្វើ​ដំណើរ​តាម​ទូក​នៅ​ខែ​វស្សា ក៏​មាន​ផល​វិបាក​ខ្លះ​ៗ​ដែរ ព្រោះ​មាន​ភ្លៀង​ និង​ខ្យល់​ច្រើន​។
 
ក្រៅ​ពី​ផល​លំបាក​លើ​ការ​ធ្វើ​ដំណើរ​តាម​ទឹក បណ្ណារក្ស​ជា​ស្ត្រី​រូប​នេះ ក៏​បាន​រំលេច​ផង​ដែរ​ អំពី​ទំនួល​ខុស​ត្រូវ​ជា​ម្ដាយ​។ ជា​បុគ្គលិក​នៃ​អង្គការ​ស៊ីប៉ា ទាំង​ប្ដី​និង​ប្រពន្ធ បណ្ណា​រក្ស​ទាំង​ពី​រ​ ត្រូវ​យក​កូន​តូច​របស់​ខ្លួន​ទាំង​៣​នាក់​ទៅ​តាម​ស្ទើរតែ​​គ្រប់​ពេល​ ដែល​ចុះ​ទៅ​អាន​អំណាន​ឱ្យ​កុមារ​ស្ដាប់​ នៅ​តាម​ភូមិ​ផ្សេង​ៗ​ ទាំង​ផ្លូវ​ទឹក​និង​ផ្លូវ​គោក​។​
 
«​បើកូន​ស្រី​ខ្ញុំ​ជាប់​រៀន​ ខ្ញុំ​មិន​យក​គាត់​ទៅ​ជា​មួយ​ទេ​ តែ​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​វិញ ខ្ញុំ​យក​គាត់​ទៅ​ជា​មួយ​គ្រប់​ពេល​។ ហើយ​បើថ្ងៃ​ណា​ដែល​កូន​ស្រី​ខ្ញុំ​មិនជាប់​រៀន​ទេ ខ្ញុំ​ក៏​យក​គាត់​ទៅ​ជា​មួយ​ដែរ ព្រោះ​ខ្ញុំ​មិន​ទុក​ចិត្ត​ឱ្យ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្លាច​ម៉ូតូឡាន​ច្រើន។»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ស្រី ចាន់ ថូយ ខណៈ​កូន​ទាំង​បី​កំពុង​អង្គុយ​នៅ​ជិត​បណ្ណារក្ស​នៃ​អង្គការ​ស៊ីប៉ាផ្សេង​ទៀត ហើយ​ប្ដី​របស់​អ្នក​ស្រី​កំពុង​បើក​ទូក​។
 
បើ​ទោះ​បី​ជា​ការ​ងារ​នេះ មាន​ការ​លំបាក​ខ្លះ​ៗក្ដី ប៉ុន្តែ​​សម្រាប់​​​អ្នក​ស្រី និង​គ្រួសារ​ សប្បាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ​នេះ​។ ពេញ​ចិត្ត​ក៏​ព្រោះ​អ្នក​ស្រី ថូយ យល់​ឃើញ​ថា ខ្លួន​បាន​រួម​ចំណែក​លើក​ស្ទួយ​ការ​អាន​ ពិសេស​គាត់​បាន​ជួយ​ឱ្យ​កុមារ​ ដែល​ខ្វះ​លទ្ធភាព​ចូល​សាលា អាច​បាន​រៀន​សូត្រ​។​

អ្នក​ស្រី ចាន់ ថូយ កំពុងអាន​សៀវ​ភៅឱ្យកុមារស្ដាប់​ នៅ​តំបន់ចុងព្រែក ឃុំផ្លូវ​ទូក

ស្ត្រីសម្បុរ​ស្រអែម​ស្រស់ ចាន់ ថូយ ពន្យល់​បន្ថែម​៖ «​កាល​ពី​មិន​ទាន់​មាន​ស៊ីប៉ាទៅ​ដល់​ ក្មេង​ៗ​មិន​សូវ​បាន​ទៅ​រៀនទេ​។ ពេល​នេះ ​ពួក​គាត់​បាន​ទៅ​នៅ​​លើ​គោក​ គាត់​ក៏​បាន​ទៅ​រៀន​ច្រើន​ដែរ។ ក្មេង​ៗ ​គាត់​ទៅ​ខ្ចី​សៀវ​ភៅដល់​​ផ្ទះ​ខ្ញុំ​ខ្លះ ហើយ​ពេល​ខ្ញុំ​ទៅ​អាន​តាម​​ភូមិ​នានា​ ក្មេង​ៗនៅ​ទី​នោះ ​ក៏​ខ្ចីសៀវ​ភៅ​យក​ទៅ​មើល​នៅ​ផ្ទះ​​ច្រើន​ដែរ។»​។ 
 
បើ​ទោះ​បី​ជា​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ទាំង​ប្ដី ​និង​ប្រពន្ធ​ក្ដី ក៏​គ្រួសារ​អ្នក​ស្រី ចាន់ ថូយ នៅ​តែ​បន្ត​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ទទួល​បាន​ស្រូវ​អង្ករ​ និង​ប្រាក់​ចំណូល​បន្ថែម​ សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​​ដែរ​។

រូបថតអនុស្សាវរីយ៍ ក្រោយអង្គការស៊ីប៉ា អានអំណានឱ្យកុមារស្ដាប់ នៅឃុំផ្លូវ​ទូក ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង
 
កម្ម​វិធី​ “តោះយើង​អាន​ជុំ​គ្នា” សូម​ថ្លែង​អំណរ​គុណអង្គការ​ Aide Et Action ដែល​បាន​ឧបត្ថម្ភ​កម្ម​វិធី​ទាំង​មូល​​ និង​សូម​ថ្លែង​អំណរ​គុណ​អង្គការ​ស៊ីប៉ា ដែល​បាន​សហការ​ផលិត​កម្ម​វិធី​នេះ​៕
 

Tag:
 អប់រំ​
  សាលា
  ស៊ីប៉ា
  បណ្ណាល័យ​ចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com