ជាតិ
អាជីវកម្មលក់ពងក្ងោកបៃតង កើនឡើងគួរឱ្យបាម្ភនៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ
09, May 2022 , 7:59 am        
រូបភាព
សត្វក្ងោកបៃតង នៅតំបន់អេកូទេសចរណ៍កោះសាបសិម (រូបភាពផ្ដល់ដោយ លោក វណ្ណារិទ្ធ)
សត្វក្ងោកបៃតង នៅតំបន់អេកូទេសចរណ៍កោះសាបសិម (រូបភាពផ្ដល់ដោយ លោក វណ្ណារិទ្ធ)
ក្រចេះ៖ អាជីវកម្មលក់ពងក្ងោកបៃតង កំពុងកើនឡើងគួរឱ្យព្រួយបាម្ភ នៅដែនជម្រកសត្វព្រៃសំបូរ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ខណៈសត្វប្រភេទនេះ ពុំទាន់ទទួលបានការអភិរក្សនៅឡើយ ។ តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅទីនោះ អ្នកដែលរើសពងក្ងោកបៃតងលក់ ភាគច្រើនជាជនជាតិដើមភាគតិច កួយ និងព្នង។


 
ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប លោក ឃុត សំអុល បានលើកឡើងថា សកម្មភាពជួញដូរពងក្ងោកបៃតង នៅតែបន្តកើតឡើង ក្នុងតំបន់ការពារធម្មជាតិព្រៃសំបូរ ពិសេសនៅតំបន់កោះសាមសិប។ លោក ឃុត សំអុល បារម្ភថា សកម្មភាព នឹងធ្វើឱ្យវត្តមាន ក្ងោកបៃតង នឹងកាន់តែថយចុះ ហើយអាចឈានទៅរកការផុតពូជនាពេលខាងមុខ។
 
របររើសពងក្ងោកបៃតងលក់ ហាក់កើនឡើងខ្លាំងនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារមានឈ្មួញចុះទិញ និងភ្ញាស់លក់បន្ត ឱ្យពលរដ្ឋចិញ្ចឹមលម្អផ្ទះ។ ពងក្ងោកបៃតងមួយគ្រាប់ អាចមានតម្លៃពី ៤ម៉ឺន ទៅ៥ម៉ឺនរៀល។ នេះជាការបញ្ជាក់របស់ លោក ឃុត សំអុល ដោយលោកបន្តដូច្នេះ​ថា៖ «ក្ងោកមិនទាន់មានការអភិរក្សទេ។ អ៊ីចឹងជនជាតិដើមភាគតិចហ្នឹង គាត់ចូលចិត្តដើររើសពងក្ងោកលក់ ព្រោះវាជាមុខរបរសំខាន់របស់គាត់។ ខ្ញុំគិតថា ពួកគាត់មិនទាន់យល់ដឹងពីធនធាន ដែលគាត់កំពុងមាននៅឡើយទេ។ អ្វីដែលគាត់ធ្វើ ​គឺ​ដើម្បីតែជីវភាពប៉ុណ្ណោះ»។  
 
ចំណែក លោក ណុប វណ្ណារិទ្ធ អ្នកសម្របសម្រួលប្រចាំតំបន់អង្គការ NTFP-EP បានឱ្យដឹងថា ចន្លោះឆ្នាំ២០២០ ដល់២០២២នេះ ការរើសពងក្ងោកយកទៅភ្ញាស់ ហើយលក់កំពុងមានការកើនឡើង ខណៈសត្វប្រភេទនេះ ស្ថិតក្នុងបញ្ជីក្រហមរងគ្រោះជិតផុតពូជនៅលើពិភពលោក។ ការគំរាមកំហែងលើពងក្ងោកបៃតងនេះ នឹងអាចធ្វើឱ្យមានវត្តមានក្ងោកបៃតងថយចុះ។ 
 
ក្នុងនាមអ្នកចូលចិត្តថតសត្វស្លាបម្នាក់ លោក វណ្ណារិទ្ធ មិនលើកទឹកឱ្យពលរដ្ឋយកសត្វក្ងោកបៃតង ទៅចិញ្ចឹមក្នុងផ្ទះនោះទេ។ លោក បន្ថែមថា សត្វទាំងនោះគួរតែត្រូវបានការការពារ និងដាក់ឱ្យរស់តាមធម្មជាតិ។ លោក ណុប វណ្ណារិទ្ធ ​រៀបរាប់កង្វល់របស់ខ្លួនបន្តថា៖​​« ការរើសពងក្ងោកបៃតងយកទៅភ្ញាស់ ហើយលក់នៅតំបន់នេះ (កោះសាមសិប) វាកំពុងកក្រើក។ អ៊ីចឹង សម្រាប់ខ្ញុំ ជាអ្នកចូលចិត្តសត្វស្លាបមួយរូបដែរ ខ្ញុំមិនលើកទឹកចិត្តឱ្យចិញ្ចឹមសត្វស្លាបក្នុងផ្ទះទេ។ សត្វទាំងអស់ហ្នឹង វាគួររស់នៅក្នុងធម្មជាតិ»។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សូ សាកាណ អនុប្រធានស្នាក់ការដែនជម្រកសត្វព្រៃសំបូ បានលើកឡើងថា កន្លងទៅមិនធ្លាប់មានពលរដ្ឋចូលព្រៃ រើសពងក្ងោក ធ្វើជាអាជីវកម្មនោះទេ ទើបតែ ១ឆ្នាំចុងក្រោយនេះ លោកទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងការជួញដូរនេះ ច្រើនពីសហគមន៍។ ជុំវិញរឿងនេះ លោក ក៏បានចាត់កម្លាំងតាមដាន និងឆែកឆេរដែរ ប៉ុន្តែពុំដែលប្រទះឃើញឡើយ។ 
 
លោក សូ សាកាណ មានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំធ្លាប់ឮព័ត៌មាន ពីការចូលព្រៃដើររើសពងក្ងោក ចេញពីសហគមន៍ដែរ តែពួកគាត់អត់បានប្រាប់ពីតម្រុយ ទីតាំង ឬអ្នកណាអ្នកប្រព្រឹត្តនោះទេ។ អ៊ីចឹង ខាងខ្ញុំហ្នឹង ក៏បានដាក់កម្លាំងឆែកឆេរម៉ូតូ ខ្លាចមានពលរដ្ឋលាក់ពងក្ងោក ប៉ុន្តែកន្លងមក យើងឆែកអត់ដែលឃើញទេ»។  
 
ក្ងោកបៃតង ជាប្រភពទាក់ទាញភ្ញៀវទេសចរ ដូច្នេះលោក សាកាណ ប្ដេជ្ញាការពារសត្វប្រភេទនេះ ដើម្បីបន្តវត្តមាននៅតំបន់ការពារសម្រកសត្វព្រៃសំបូរ និងជាប្រយោជន៍ដល់សហគមន៍អូកេទេសចរណ៍ កោះសាមសិបផងដែរ។ 
 
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ វត្តមានក្ងោកបៃតងរស់នៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា បានកើនឡើងពី ២ទៅ ៣ពាន់ក្បាល ​។ តាមការសិក្សាររបស់អ្នកជំនាញ ចំនួនក្ងោកពេញវ័យ នៅលើពិភពលោក មានចន្លោះពី១៥ ០០០ ទៅ ២០ ០០០ក្បាល ហើយកម្ពុជា ត្រូវបានគេវាយតម្លៃថា មានសត្វក្ងោកបៃតង ច្រើនជាងគេនៅលើពិភពលោក៕ 

Tag:
 ក្ងោកបៃតង
  បរិស្ថាន
  ឃុត សំអុល
  ណុប វណ្ណារិទ្ធ
  សូ សាកាណ
  ដែនជម្រកសត្វព្រៃសំបូរ
  កោះសាមសិប
© រក្សាសិទ្ធិដោយ thmeythmey.com