ជាតិ
យុវតីជនជាតិ​ដើម​ភាគតិច​ តាំង​ចិត្ត​រៀន​បន្ត​ថ្នាក់​ឧត្តម​សិក្សាព្រោះមិន​ចង់​រៀបការទាំងក្មេង​វ័យ
09, May 2022 , 9:39 am        
រូបភាព
កញ្ញា ទីង ភេគ ជាជនជាតិភាគតិចទំពួន(ខាងលើ) និងកញ្ញា រម៉ាម អូន ជាជនជាតោចារ៉ាយ​
កញ្ញា ទីង ភេគ ជាជនជាតិភាគតិចទំពួន(ខាងលើ) និងកញ្ញា រម៉ាម អូន ជាជនជាតោចារ៉ាយ​
ដោយ៖ ហេង ស្រីលីន
 
រតនគិរី៖ ក្រោយ​រៀន​ចប់ថ្នាក់ទី១២ ឬឈានដល់ទទួលបានសញ្ញាបត្រ​បាក់ឌុប នាពេល​ខាងមុខ យុវតីជន​ជាតិដើម​ភាគ​តិច មួយ​ចំនួននៅ​ខេត្តរតនគិរី បាន​បង្ហាញពី​ឆន្ទៈរបស់ខ្លួន​ក្នុង​ការ​បន្តការសិក្សាផ្សេងៗ ជំនាញនៅមហាវិទ្យាល័យ ដើម្បីចូលរួមអភិវឌ្ឍ សហគមន៍របស់ខ្លួន។ យុវតីជនជាតិភាគតិចទាំងនោះ​សម្លឹងឃើញថា មានតែការសិក្សាទេ ដែលអាចជួយពួកគេឱ្យចាកផុតពីការ​បង្ខំ​ឲ្យ​រៀបអាពាហ៍ ពិពាហ៍ទាំងវ័យក្មេង ចាកផុតពីភាពក្រីក្រ គំនិតតូចចង្អៀត និងគ្មានការអភិវឌ្ឍក្នុងសហគមន៍។

 
បច្ចុប្បន្ន​រៀន​ថ្នាក់ទី១២នៅ​វិទ្យាល័យបរកែវ កញ្ញា ទីង ភេគ មាន​ក្តី​ស្រមៃ​របស់ខ្លួន​រួចជាស្រេច​ហើយ​នោះ​គឺ​ការ​បន្ត​ការ​សិក្សានៅ​មហាវិទ្យាល័យ។ យុវតី​ជនជាតិ​ដើមភាគតិច​ទំពួន​រូបនេះ តែងតែក្រោក​ពីព្រលឹមពោលគឺ​នៅមុន​ម៉ោង​៧ព្រឹក ដើម្បី​ធ្វើ​ដំណើរ​តាមម៉ូតូ​លើ​ចម្ងាយផ្លូវ​ប្រមាណ​២០គីឡូម៉ែត្រឆ្ពោះទៅកាន់​សាលារៀន។
 
ក្នុង​ជំនួប​ជាមួយ​ក្រុម​ការងារសារព័ត៌មាន​ថ្មីៗ យុវតី ទីង ភេគ បានបង្ហាញ​ការតាំង​ចិត្ត​របស់ខ្លួន​ថា រៀន​ឲ្យ​បាននិទ្ទេសល្អ ដើម្បី​តោងឱកាស​សិក្សា​លើ​ជំនាញ​ផ្នែក​ច្បាប់​នៅមហាវិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ។  «សម្រាប់ការរៀនបន្តហ្នឹងគឺអត់មានលុយទេ  គឺត្រូវធ្វើការងារបណ្តើរ និងរៀនបណ្តើរ​ ពីព្រោះគ្រួសារខ្ញុំក្រ និងលំបាកខ្លាំង»។ យុវតីអាយុ​១៩​ឆ្នាំ បាន​ពន្យល់ហេតុផលយ៉ាង​ដូច្នេះ។
 
យុវជនជនជាតិដើមភាគតិចគ្រប់រូប មិនមែនសុទ្ធតែទទួលបានឱកាសសិក្សារៀនសូត្រពេញលេញ ដូចយុវជនខ្មែរទូទៅឡើយ ដោយសារតែកត្តាជីវភាពគ្រួសារ ជាពិសេសការរងនូវការបង្ខំឱ្យពួកគេរៀបការទាំងវ័យក្មេង ដើម្បីបានកម្លាំងពលកម្មធ្វើស្រែចម្ការ។  ទីង ភេគ និង​យុវតី​ជាច្រើន​ទៀត មិន​ចង់​បន្ត​ឲ្យមាន​រូបភាព​បែបនេះឡើយ​ក្នុងសហគមន៍​ខ្លួន។


កញ្ញា ទីង ភេគ ជាជនជាតិភាគតិចទំពួន ដែលជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបរកែវ ខេត្តរតនគិរី។​
 
«ខ្ញុំគិតថាការរៀនគឺវាសំខាន់ណាស់ [….] អ្នកខ្លះរៀនចប់ទី១២ ហើយរៀបការ​ ដោយគិតថារៀបការហើយបានរៀនបន្ត​។ ប៉ុន្តែមែនទែនទៅ បើយើងរៀនចប់១២ហើយ យើងទៅរៀនតបានវាចំណេញជាង។ បន្ទាប់មកយើងរៀនបានប៉ុន្មានឆ្នាំហើយទៅរកស៊ីវិញក៏បានដែរ។ ការរៀនគឺ វាអត់ពិបាក ហើយវាក៏មិនស្រួលដែរ ប៉ុន្តែវាត្រូវការចាប់ផ្តើម»។ នេះជាការ​រៀបរាប់​របស់ ទីង ភេគ ដែល​ចង់ក្លាយជា​មេធាវី​ ដ៏ល្អមួយរូបនាពេលអនាគត។
 
មិន​ខុសគ្នានោះឡើយ រម៉ាម អូន កូនចៅ​ពលរដ្ឋជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ចង់​យក​ចំណេះជំនាញ​របស់​ខ្លួន​ដើម្បី​ចូលរួម​អភិវឌ្ឍសហគមន៍។ ​រៀនរហូត​ដល់​​ថ្នាក់ទី១១នៅ​វិទ្យាល័យ​បរកែវ ជាឱកាស​ដែល​ រម៉ាម អូន ទទួលបាន​ប្រសើរជាង​បងៗ​របស់ខ្លួន។ យុវតីមកពី​ស្រុកអូរយ៉ាដាវ បាន​បញ្ជាក់ថា បងប្រុស បងស្រីទាំង៣នាក់របស់ខ្លួន បានរៀបការក្នុងវ័យ១៥-១៦ឆ្នាំ មុនពេលដែលពួកគាត់រៀនចប់អនុវិទ្យាល័យទៅទៀត។ 
 
ថ្វីដ្បិត រម៉ាម អូន ទទួលបានគាំទ្រពីឪពុកម្តាយក្នុងការរៀនឱ្យចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និង បន្តការសិក្សានៅភ្នំពេញក៏ពិតមែន ប៉ុន្តែយុវតីវ័យ១៨ឆ្នាំនេះ ក៏រងសម្ពាធពីមនុស្សនៅក្នុងសហគមន៍របស់ខ្លួនមិនតិចដែរ។ បើតាមសិស្សថ្នាក់ទី១១រូបនេះ ចាស់ទុំនៅក្នុងភូមិ គឺឱ្យតម្លៃលើការរៀបការ​ជាងការរៀនសូត្ររបស់កូនៗ។​
 
រម៉ាម អូន បានរៀបរាប់ដូច្នេះ៖ «អ្នកភូមិតែងតែនិយាយដាក់ខ្ញុំថា អាយុប៉ុណ្ណឹងហើយ អត់ទាន់យកគ្រួសារទៀត ហើយចាំកាលទៀត។ អាយុប៉ុណ្ណឹងហើយយកប្តីទៅ! ពេលខ្លះមនុស្សស្រីទោះរៀនបានខ្ពង់ខ្ពស់ក៏អត់បានចេញធ្វើការដែរ»។​ 
 
ទោះរងសម្ពាធនានាក្តី យុវតីជនជាតិដើមភាគតិចទាំងពីរនាក់ខាងលើនៅ តែមានឆន្ទៈបន្តការសិក្សានៅរាជធានីភ្នំពេញ ទៅតាមជំនាញក្នុងក្តីស្រមៃរៀងៗខ្លួន។


កញ្ញា រម៉ាម អូន ជនជាតិភាគតិចចារ៉ាយ ​និងជាសិស្សថា្នក់ទី១១នៃវិទ្យាល័យបរកែវ
 
រយៈពេល២-៣ឆ្នាំចុងក្រោយនេះ យុវជនជនជាតិភាគតិចមួយចំនួនហាក់ចាប់យកការសិក្សាជាអាទិភាពជាងការរៀបអាពាហ៍ពិពាហ៍ ព្រោះតែឪពុកម្តាយរបស់ពួកគេយល់ដឹងច្រើនពីតម្លៃនៃការសិក្សា។ លោក ហួន ខាន់ ដែលស្ថាបនិកក្រុមយុវជនជនជាតិដើមភាគតិចព្រៅ បានលើកឡើងថា នេះជាផលវិជ្ជមានមួយ សម្រាប់សហគមន៍ ដោយមនុស្សម្នាក់ៗជាកម្លាំងចលករកម្រិតសហគមន៍ទាំងមូល ដែលពួកគាត់ចាប់ផ្តើមយល់ដឹងពីបញ្ហារៀបការទាំងវ័យក្មេង ហើយងាកមកខិតខំរៀនសូត្រវិញ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍។ 
 
លោក ហួន ខាន់ បាននិយាយដូច្នេះ៖ «នៅពេលសហគមន៍របស់យើង ចាប់ផ្តើមយល់ដឹងពីបញ្ហានេះ ហើយមានការគាំទ្រច្រើនក្នុងការលើកកម្ពស់អប់រំដល់យុវជនជនជាតិភាគតិច! នោះសហគមន៍យើងនឹងរីកចម្រើនទាំងគ្រួសារ សេដ្ឋកិច្ច និងខ្លួនឯង។ លើសពីនេះ ពួកគេក៏អាចកាត់បន្ថយពីប្រពៃណី ដោយការរៀបការទាំងវ័យក្មេង ផងដែរ»។
 
ដ្បិតថាទំនោនៃការចាប់ផ្តើមឱ្យតម្លៃលើសិក្សាពីសំណាក់យុវជនជនជាតិភាគតិច បានបង្ហាញនូវភាពវិជ្ជមាននៅក្នុងសហគមន៍ក៏ពិតមែន ប៉ុន្តែ ស្ថាបនិកក្រុមយុវជនជនជាតិដើមភាគតិចព្រៅរូបនេះ ក៏មើលឃើញថា ការចាប់យកការសិក្សាពីសំណាក់យុវជនទាំងនេះ គឺមិនទាន់មានភាពទូលំទូលាយទេ ជាពិសេសចំពោះយុវជនដែលនៅរស់នៅតំបន់ដាច់ស្រយាល។ លោកបន្តថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា៖ «ឪពុកម្តាយ[ជនជាតិដើមភាគតិច]នៅតាមជនបទ គឺពួកគាត់ខ្វះការយល់ដឹងនៃសិក្សារបស់កូនៗ។ នេះក៏បណ្តាពីមកការយល់ដឹងបែបចាស់បុរាណរបស់ពួកគាត់។ រីឯ ការបោះបង់ការសិក្សា[យុវជនជនជាតិដើមភាគតិត]គឺនៅតែមានអ៊ីចឹង ចំពោះអ្នករស់នៅតំបន់ដាច់ស្រយាល»។
 
 
បើតាមលោក ហួន ខាន់ យុវជនជនជាតិដើមភាគតិចដែលបោះបង់ការសិក្សាទាំងវ័យក្មេង គឺវាទាក់ទងនឹងចំណេះដឹងឪពុកម្តាយ បញ្ហាជីវភាពឬលទ្ធភាពគ្រួសារ ដែលតម្រូវកូនប្រុសស្រីរបស់ពួកគេរៀបការយកកូនដើម្បីបានកម្លាំងពលកម្មធ្វើស្រែចម្ការ។ 
 
បច្ចុប្បន្ន គម្រោងអង្គការភ្លែន(Plan International Cambodia) កំពុងយកចិត្តដាក់ទុកលើ កុមារ និងយុវជន ជាពិសេសកុមារនិងយុវជនជនជាតិដើមភាគតិច ឱ្យទទួលបានឱកាសសិក្សាខ្ពស់ និងចូលរួមអភិវឌ្ឍសហគមន៍របស់គាត់។ ក្រៅពីអង្គការភ្លែន ក្រសួងអប់រំ យុវជន និងកីឡា កន្លងមកក៏បានសហការជាមួយអង្គការយូនីសេហ្វកម្ពុជា(UNICEF) និងអង្គការ CARE ដើម្បីផ្តល់ការអប់រំពហុភាសាដល់កុមារី និងកុមារាជនជាតិដើមភាគតិច ផងដែរ។ 
 
កម្មវិធីសិក្សាសម្រាប់ការអប់រំពហុភាសា ត្រូវបានអនុវត្តដោយប្រើប្រាស់ភាសាខ្មែរ និងភាសាជនជាតិដើមភាគតិចចំនួនប្រាំ (ព្នង ការ៉ែត គ្រឹង ទំពួន និងព្រៅ) នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ៕ 
 
 

Tag:
 ជនជាតិភាគតិច
  ខេត្តរតនគិរី
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com