អន្តរជាតិ
មន្រ្តីអាម៉េរិក កាណាដា ជប៉ុន អូស្ត្រាលី ដើរចេញពីកិច្ចប្រជុំ APEC ពេលតំណាងរុស្ស៊ីថ្លែងសុន្ទរកថា
22, May 2022 , 3:19 pm        
រូបភាព
តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត AFP
តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត AFP
តំណាងអាម៉េរិក និងប្រទេសដៃគូរបស់ខ្លួនមួយចំនួនទៀត បានងើបចេញពីតុប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលថៃធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២១ ខែឧសភា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ អាម៉េរិក និងសម្ព័ន្ធមិត្ត ក៏ចង់បញ្ចូលពាក្យពេចន៍ខ្លាំងៗក្នុងសេចក្ដីថ្លែងការណ៍រួមផងដែរ។

 
មិនខុសពីកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ឡើយ រុស្ស៊ី ត្រូវជួបរឿងមិនល្អម្ដងទៀតក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ ថៃ ជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC សម្រាប់ឆ្នាំ២០២២ នេះ។ 
 
អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC នៅថ្ងៃទី២១​ ខែឧសភា តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai និងតំណាងជប៉ុន អូស្ត្រាលី កាណាដា នូវែលសេឡង់ បានដើរចេញពីកិច្ចប្រជុំ ពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី Maxim Reshetnikov ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ។ អ្នកការទូតដែលមានវត្តមានក្នុងកិច្ចប្រជុំប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
បើតាមប្រភពព័ត៌មានដដែល ប្រទេសទាំង៥ ក៏ទាមទារឱ្យបញ្ចូលភាសាខ្លាំងប្រឆាំងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងសេចក្ដីថ្លែងការណ៍រួមដែលត្រូវចេញក្រោយកិច្ចប្រជុំផងដែរ។ ថៃដែលជាម្ចាស់ផ្ទះ ទំនងជាត្រូវធ្វើការខ្លាំងដើម្បីសម្របសម្រួលភាគីពាក់ព័ន្ធដើម្បីចេញសេចក្ដីថ្លែងការណ៍រួមបាន។
 
«កិច្ចប្រជុំមិនបរាជ័យឡើយ បើសេចក្ដីថ្លែងការណ៍រួមមិនអាចចេញបាន។» រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ Jurin Laksanawisit ប្រាប់អ្នកកាសែតបែបនេះ មុនបន្តថា កិច្ចប្រជុំបន្តដំណើរការល្អ ទោះមានការដើរចេញក្ដី។
 
ចលនាពហិការរុស្ស៊ីពីកិច្ចប្រជុំធំៗ កើតឡើងក្រោយការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងមក។ ក្រុមលោកខាងលិច ចាត់ទុកចំណាត់ការនេះ ជាការដាក់សម្ពាធការទូតលើក្រុងមូស្គូ និងរុញឱ្យមូស្គូតែលតោលលើឆាកអន្តរជាតិ។ ប៉ុន្តែវាក៏ធ្វើឱ្យម្ចាស់ផ្ទះកិច្ចប្រជុំពិបាកសម្រេចចិត្តដែរ។ ឥណ្ឌូណេស៊ីដែលត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ G20 ត្រូវអញ្ជើញមេដឹកនាំរុស្ស៊ីជាសមាជិកផង និងហៅមេដឹកនាំអ៊ុយក្រែនជាភ្ញៀវទៀត ខណៈអាម៉េរិកទទូចឱ្យផាត់រុស្ស៊ីចេញនោះ៕
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com