ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់បំណុលខ្ញុំ ហើយក៏មិនគិតថា ជប៉ុនដាក់អន្ទាក់ខ្ញុំដែរ
27, May 2022 , 5:39 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ ដ្បិតបច្ចុប្បន្ន ​កម្ពុជាខ្ចីលុយច្រើនពីប្រទេសចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍប្រទេសក៏ពិតមែន ប៉ុន្តែកម្ពុជា​ មិនធ្លាក់ក្នុងអន្ទាក់បំណុលចិនឡើយ។ សម្តេច ហ៊ុន សែន បានអះអាងទៅកាន់អន្តរជាតិ នៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ឧសភា។

 
«សម្រាប់កម្ពុជា​ គឺមិនដាក់ខ្លួននៅក្នុងអន្ទាក់បំណុលរបស់អ្នកណាទាំងអស់ ហើយចិន ក៏មិនមែនជាប្រទេសតែមួយគត់ ដែលយើងខ្ញុំខ្ចីប្រាក់មកដែរ»។ សម្តេច ហ៊ុន សែន ឆ្លើយតបបែបនេះទៅនឹងសំណួរនៃអន្ទាក់បំណុលចិនមកលើកម្ពុជា ។
 
សម្តេច បានបញ្ជាក់ថា ក្រៅពីចិន កម្ពុជាក៏បានខ្ចីប្រាក់ច្រើនពីប្រទេសជប៉ុន ,កូរ៉េខាងត្បូង ,ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ,ធនគារពិភពលោក(World Bank) និងពីធនាគារកណ្តាលអឺរ៉ុប ជាដើម ផងដែរ។
 
សម្តេច មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ៖ «ខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់[បំណុល]យើងខ្ញុំ តាមរយៈការផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជានោះទេ! ហើយខ្ញុំ ក៏មិនគិតថា ជប៉ុនដាក់អន្ទាក់យើងខ្ញុំទៅលើបញ្ហាការខ្ចីបុលពីជប៉ុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺកំពង់ផែទឹកជ្រៅនៅឯខេត្តព្រះសីហនុ»។ 
 
បើតាមសម្តេច ហ៊ុន សែន ប្រាក់ដែលកម្ពុជាបានខ្ចីពីបរទេសទាំងនោះ គឺមានការប្រុងប្រយ័ត្នខ្ពស់ ដែលមិនអាចឈានដល់ការធ្លាក់ក្នុងអន្ទាក់បំណុលរបស់ប្រទេសណាមួយឡើយ។ ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ដូច្នេះ៖ «អ្វីដែលយើងខ្ញុំខ្ចី គឺយើងខ្ញុំមានការប្រុងប្រយ័ត្នដោយខ្លួនឯង។ យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល ហើយបើគិតមកដល់ពេលនេះពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឱ្យខ្ចី[ប្រាក់ពីបរទេស]រហូតទៅដល់៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ឯណោះ គឺយើងខ្ញុំទើបខ្ចីបាន២៣ភាគរយ​តែប៉ុណ្ណោះ»។​
 
ទោះបីកម្ពុជានៅសល់ទំហំសម្រាប់ការខ្ចីប្រាក់ពីបរទេសបន្តទៀតបានក៏ពិតមែន ប៉ុន្តែកម្ពុជា ក៏មិនចេះតែខ្ចីលុយពីគេដោយមិនគិតគូពីស្ថានភាពបំណុលរបស់ខ្លួនដែរ។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសថា​ កម្ពុជាគ្រោងខ្ចី​ថវិកា​ពីបរទេស​និង​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា​ចំនួន២ ២៦០​ លាន​ដុល្លារ​ ដើម្បីបំពេញ​កង្វះ​ខាត​ក្នុង​គម្រោងចំណាយ​ថវិកាជាតិប្រចាំ​ឆ្នាំ​២០២២​ ក្នុងទំហំ៨៥០០លានដុល្លារ៕ 
 
 

Tag:
 អន្ទាក់បំណុល
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com