អន្តរជាតិ
តើប្រព័ន្ធរដ្ឋាភិបាលបែបសភានិយម ប្រធានាធិបតីនិយម និងបែបចម្រុះ ខុសគ្នាដូចម្ដេច?
28, May 2022 , 8:30 pm        
រូបភាព
 អាគារកាពីតូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត Xinhua
អាគារកាពីតូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត Xinhua
ក្នុងប្រព័ន្ធនយោបាយបែបប្រជាធិបតេយ្យ អំណាច ត្រូវប្រគល់ឱ្យទៅ​ប្រជាជន​ហើយអា​ចត្រូ​វ​ប្រើប្រា​ស់​ដោយពួកគេផ្ទាល់ ឬដោយប្រយោលតាមរយៈអ្នកតំណាង ដែលជ្រើសរើសការបោះ​ឆ្នោតដោយសេរី។ ប្រព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យបែបតំណាង ជាប្រភេទមួយនៃប្រព័ន្ធ​នយោបាយប្រជាធិបតេយ្យ ដែលបានចែកចេញជា៣ គឺបែបសភានិយម ប្រធានាធិបតី​និយម និងបែបចម្រុះ។


ប្រព័ន្ធរដ្ឋាភិបាលបែបសភានិយម
ប្រព័ន្ធរដ្ឋាភិបាលបែបសភានិយម ជាទម្រង់រដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីជាប្រមុខ​ស្ថាប័ន​នីតិប្រតិបត្តិ និងត្រូវបានបោះឆ្នោតជ្រើសតាំងដោយស្ថាប័ននីតិបញ្ញត្តិ។ ចំណែកសភា​ត្រូវ​បាន​បង្កើត​ដោយការ​បោះឆ្នោតពីប្រជាជន។ នៅក្នុងប្រព័ន្ធរដ្ឋាភិបាលបែបសភានិយម ប្រជាជន​មាន​សិទ្ធិ​បោះ​ឆ្នោតទៅឱ្យគណបក្សដែលឈរឈ្មោះបោះឆ្នោត ហើយគណបក្ស​ជាប់ឆ្នោត​នឹង​បង្កើតសភា​តំណាង​ឱ្យ​អង្គនីតិបញ្ញត្តិ។ សភា មានអំណាចតាក់តែង​ច្បាប់ និងអនុម័ត​ច្បាប់។ 
 
 
 ទិដ្ឋភាពក្នុងសភាជាន់ទាបជប៉ុន។ រូបថត Xinhua

ឯរដ្ឋាភិបាលតំណាងឱ្យអង្គនីតិប្រតិបត្តិ​ដែលទទួលខុសត្រូវលើការអនុវត្តច្បាប់ និងដឹកនាំកិច្ច​ការរបស់ប្រទេសតាមសេចក្ដីសម្រេច​របស់សភា។ ខុសពីប្រព័ន្ធប្រធានាធិបតីនិយម អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិក្នុងប្រព័ន្ធ​នយោបាយបែបសភា​និយមមានទំនាក់ទំនងគ្នាទៅវិញទៅមក។ 
 
ប្រទេសសភានិយមដែលមានស្ដេចជាប្រមុខរដ្ឋមាន កម្ពុជា ម៉ាឡេស៊ី កាណាដា ជប៉ុន អូស្ត្រាលី ថៃ អង់គ្លេស ដាណឺម៉ាក និងហូឡង់ជាដើម។ ដោយឡែក ប្រទេស​ប្រកាន់យកប្រព័ន្ធសភានិយមខ្លះ មានប្រធានាធិបតីជាប្រមុខតែមិនកាន់អំណាច ហើយត្រូវស្គាល់ជាប្រទេសសាធារណរដ្ឋមានអ៊ីតាលី ហុងគ្រី និងហ្វាំងឡង់ជាដើម។ 
 
ប្រព័ន្ធរដ្ឋាភិបាលបែបប្រធានាធិបតីនិយម
ប្រព័ន្ធរដ្ឋាភិបាលបែបប្រធានាធិបតីនិយម ជាទម្រង់រដ្ឋាភិបាលដែលបានអនុវត្តដំបូងនៅ​អាម៉េរិក។ ប្រព័ន្ធរដ្ឋាភិបាលបែបនេះមានប្រធានាធិបតីគឺជា​ប្រមុខរដ្ឋផង និងជាប្រមុខរដ្ឋា​ភិបាលផង ហើយត្រូវ​បានបោះឆ្នោតជ្រើសរើសពី​ប្រជាជនផ្ទាល់។ ប្រធានាធិបតីជាអ្នកដឹក​នាំអង្គនីតិប្រតិបត្តិទទួលខុសត្រូវ​លើការអនុវត្តច្បាប់ដែលបានតាក់​តែងឡើងដោយ អង្គនីតិ​បញ្ញត្តិ និងមាន​តុលាការជាអ្នកវិនិច្ឆ័យ។ នៅក្នុងប្រព័ន្ធរដ្ឋាភិបាលបែប​នេះ អំណាចទាំងបី​ដែលមានដូចជា​អំណាចនីតិ​ប្រតិបត្តិ អំណាច នីតិបញ្ញត្តិ និងអំណាច​តុលាការ មានអំណាច​ឯករាជ្យផ្ដាច់ចេញពីគ្នា។ 
 
 
 ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ស្បថចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។ រូបថត Xinhua

ទាក់ទិននឹងការបោះឆ្នោតក្នុងរបបប្រធានាធិបតីនិយម ប្រជាជនត្រូវបោះឆ្នោត ២លើកផ្សេង​គ្នា។ ប្រជាជនត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាដើម្បីបង្កើតអង្គនិតិបញ្ញត្តិផង ហើយត្រូវបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលផង។ អង្គនីតិបញ្ញត្តិជាអ្នកតាក់តែង​ច្បាប់ ខណៈអង្គ​នីតិប្រតិបត្តិដែលដឹកនាំដោយប្រធានាធិបតីជាអ្នកអនុវត្តតាមច្បាប់។ 
 
ក្នុងប្រទេសប្រធានាធិបតីនិយមមានតែប្រធានាធិបតីម្នាក់ប៉ុណ្ណោះ តែមិនមាននាយករដ្ឋមន្ត្រីទេ។ ប្រទេសមានរដ្ឋាភិបាលបែបប្រធានាធិបតី​និយមមានដូចជា អាម៉េរិក ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រេស៊ីល និងតួកគីជាដើម។ 
 
ប្រព័ន្ធរដ្ឋាភិបាលបែបចម្រុះ ឬពាក់កណ្ដាលប្រធានាធិបតីនិយម
ប្រព័ន្ធរដ្ឋាភិបាលបែបចម្រុះ គឺជាទម្រង់រដ្ឋាភិបាលដែលមានប្រធានាធិបតីផង និងនាយករដ្ឋមន្ត្រី​ផង។ ប្រព័ន្ធរដ្ឋាភិបាលបែបចម្រុះ អាចចាត់ទុកជាការរួមបញ្ចូលលក្ខណៈពិសេសនៃទម្រង់រដ្ឋាភិបាល​បែប​ប្រធានាធិបតីនិយម និងសភានិយម។ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ទទួលខុសត្រូវ​អនុវត្ត​ច្បាប់​របស់​អង្គនីតិបញ្ញត្តិ។ នៅក្នុងប្រព័ន្ធរដ្ឋាភិបាលបែបនេះ ប្រធានាធិបតីជាប់ឆ្នោតត្រូវបែង​ចែក​អំណាច​ប្រតិបត្តិជាមួយនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលដែលត្រូវបានតែងតាំងដោយអង្គនីតិ​បញ្ញត្តិ។
 
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ។ រូបថត Xinhua

ប្រទេសដែលមានរដ្ឋាភិបាលបែបចម្រុះមានដូចជាបារាំង និងកូរ៉េខាងត្បូងជាដើម។ ប្រធានាធិបតី​នៃ​ប្រព័ន្ធរដ្ឋាភិបាលចម្រុះ មិនមែនគ្រាន់ជាប្រមុខ​រដ្ឋឡើយ ពោលគឺមានអំណាច​យ៉ាង​ទូលំទូលាយ។ ប្រធានាធិបតីក្នុងប្រព័ន្ធចម្រុះ ត្រូវបានទទួលខុសត្រូវដោយ​ផ្ទាល់ចំពោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​អាច​ទម្លាក់នាយករដ្ឋមន្ត្រី និងគណៈ​រដ្ឋមន្ត្រីតាមរយៈការបោះ​ឆ្នោតដកសេចក្ដីទំនុកចិត្ត។ 
 
ជាក់ស្តែង ប្រធានាធិបតី​បារាំង​មាន​អំណាច​ច្រើន​ជាង​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ភាគច្រើន​ផ្សេងទៀត រួមទាំង​អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និងអាម៉េរិក។ ក្នុងប្រព័ន្ធរដ្ឋាភិបាលប្រភេទ​នេះ ប្រធានាធិបតីមានតួនាទីជាប្រមុខអង្គនីតិប្រតិបត្តិ ​ជាអគ្គមេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និងជាប្រមុខការទូត។ ប្រធានាធិបតីមានអំណាចជំរុញរបៀបវារៈនៃការបង្កើតគោល​នយោបាយជាតិ តែងតាំងនាយករដ្ឋមន្ត្រី សមាជិករដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និងឯកអគ្គរដ្ឋទូត ប្រកាសឱ្យ​ប្រើ​ច្បាប់ និងអនុវត្តច្បាប់ ចុះហត្ថលេខាលើ​ក្រឹត្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នក​ចរចា ចុះ​ហត្ថលេខាលើសន្ធិសញ្ញាផងដែរ។ 
 
ចំណែកនាយករដ្ឋមន្ត្រីមានតួរនាទីទទួលខុសត្រូវតែកិច្ច​ការក្នុងប្រទេសប៉ុណ្ណោះ ហើយជាសហ​ការីជិតស្និទ្ធ ស្ថិតក្រោមបង្គាប់ប្រធានាធិបតី មិនមែនជាអ្នក​បង្កើតគោលនយោបាយនោះទេ។ នៅក្នុងការអនុវត្តជាក់ស្ដែង នាយករដ្ឋមន្ត្រីត្រូវបានផ្តល់ភារកិច្ច​ឱ្យអនុវត្តតាមឆន្ទៈរបស់ប្រធានា​ធិបតី ទោះបីជាសមាជិកសំខាន់នៃអង្គនីតិប្រតិបត្តិដែលដឹកនាំ​ការិយាធិបតេយ្យបារាំង និងគ្រប់គ្រង​ទំនាក់ទំនងជាមួយសភាក្តី៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com