ជាតិ
បោះឆ្នោត
គ.ជ.ប ឲ្យតំណាងបក្សភ្លើងទៀន ឈ្នះតំណាងបក្សប្រជាជន លើសំណុំរឿងចែកលុយ
03, Jun 2022 , 11:09 am        
រូបភាព
លោក គង់ រ៉ៃយ៉ា បេក្ខជនពីគណបក្សភ្លើងទៀន ដែលឈរជាមេឃុំនៃឃុំស្តៅ (រូបពីគណនីហ្វេសប៊ុករបស់លោក)
លោក គង់ រ៉ៃយ៉ា បេក្ខជនពីគណបក្សភ្លើងទៀន ដែលឈរជាមេឃុំនៃឃុំស្តៅ (រូបពីគណនីហ្វេសប៊ុករបស់លោក)
ដោយ៖ ទេពញាណ

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនតម្រូវឲ្យលោក គង់ រ៉ៃយ៉ា បេក្ខជនរបស់គណបក្សភ្លើងទៀន ដែលឈរជាមេឃុំនៃឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បង់ប្រាក់៥លានរៀល តាមការពិន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមឡើយ។ មុនដំបូង គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានពិន័យលោក គង់ រ៉ៃយ៉ា ឲ្យបង់ប្រាក់៥លានរៀល តាមបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។



លោក គង់ រ៉ៃយ៉ា ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយសារលោក ចែកប្រាក់ទៅឲ្យបេក្ខជនរបស់គណបក្សភ្លើងទៀន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅតាមឃុំទាំង១១ ក្នុងស្រុកកងមាស ដោយក្នុង១ឃុំ លោក ផ្តល់ឲ្យ១០០ដុល្លារ។ ឃុំទាំង១១នោះ គឺ ឃុំអង្គរបាន ឃុំកងតាណឹង ឃុំខ្ចៅ ឃុំពាមជីកង ឃុំព្រែកកុយ ឃុំព្រែកក្របៅ ឃុំរាយប៉ាយ ឃុំរកាអារ ឃុំរកាគយ ឃុំស្តៅ និង ឃុំសូរគង។

ការចែកប្រាក់របស់លោក គង់ រ៉ៃយ៉ា ទៅដល់បេក្ខជនពីគណបក្សភ្លើងទៀនដូចគ្នា ធ្វើឡើងកាលពីចុងខែឧសភា ឆ្នាំ២០២២ ពោលគឺស្ថិតក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ការចែងប្រាក់នេះ ជាអំពើខុសច្បាប់។


សកម្មភាពលោក គង់ រ់ៃយ៉ា ចែកប្រាក់ដល់បេក្ខជនសមាជិកក្រុមប្រឹក្សាឃុំពីគណបក្សភ្លើងទៀន កាលពីចុងខែឧសភា ឆ្នាំ២០២២។ រូបពីបណ្តាញសង្គម

ការសម្រេចរបស់លោក ប្រាជ្ញ ចន្ទ ដែលឲ្យលោក គង់ រ៉ៃយ៉ា ឈ្នះក្តី ត្រូវបានប្រកាសជាសាធារណៈ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ គឺបន្ទាប់ពីបញ្ចប់សវនាការក្នុងថ្ងៃនោះឯង។ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា សេចក្តីសម្រេចនេះ ជា «សេចក្តីសម្រេចស្ថាពរ និងបិទផ្លូវតវ៉ា»។

ក្រៅពីប្តឹងឲ្យពិន័យប្រាក់ពីលោក គង់ រ៉ៃយ៉ា តំណាងគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ថែមទាំងប្តឹងឲ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដកបេក្ខជន១៥នាក់ ដោយក្នុងនោះ មានទាំងលោក គង់ រ៉ៃយ៉ា ផង ចេញពីបញ្ជីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំនៃឃុំទាំង១១ ក្នុងស្រុកកងមាស។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម សម្រេចពិន័យប្រាក់៥លានរៀល ពីលោក គង់ រ៉ៃយ៉ា តែការប្តឹងឲ្យដកបេក្ខជនទាំង១៥នាក់របស់គណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ ត្រូវបដិសេធ។

ដោយមិនសុខចិត្តនឹងការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលតម្រូវខ្លួនបង់ប្រាក់៥លានរៀល លោក គង់ រ៉ៃយ៉ា បានដាក់បណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំជំទាស់។ នៅទីបំផុត លោក បានឈ្នះក្តី និងមិនបង់ប្រាក់៥លានរៀលនេះ តាមការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមឡើយ៕

Tag:
 គណបក្សភ្លើងទៀន
  គណបក្សប្រជាជនកម្ពុជា
  គជប
  ប្រាជ្ញ ចន្ទ
  គង់ រ៉ៃយ៉ា
  បណ្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com