កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីគាំទ្រដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023 ជំនួសចិន
04, Jun 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក យូន សុកយ៉ល បានផ្តល់ការគាំទ្រពេញទំហឹងដើម្បីឱ្យកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ ២០២៣ ជំនួសចិន ដែលបានបោះបង់សិទ្ធិរៀបចំព្រឹត្តិការណ៍នេះដោយសារជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមិថុនា។


ការប្រកាសគាំទ្ររបស់លោក Yoon Suk-yeol ធ្វើឡើងក្រោយកិច្ចប្រជុំជាមួយមន្ត្រី និងកីឡាករបាល់ទាត់កូរ៉េខាងត្បូង ពោលគឺនៅមុនពេលការប្រកួតមិត្តភាពរវាងជម្រើសជាតិកូរ៉េខាងត្បូង ជាមួយប្រេស៊ីលដែលក្រុមភ្ញៀវឈ្នះម្ចាស់ផ្ទះ ៥-១ នៅរាត្រីថ្ងៃទី២ ខែមិថុនា។ 
 
ដោយមានការស្នើពីលោក Chung Mong-gyu ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​កូរ៉េខាងត្បូង (KFA) និង​លោក Lee Young-pyo អតីខ្សែការពារ Tottenham Hotspur ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី បានបញ្ជាឱ្យរដ្ឋមន្ត្រីកីឡារបស់ខ្លួនព្យាយាមធ្វើការជុំវិញការដេញថ្លៃរៀបចំកីឡាតំបន់អាស៊ីនេះ ដោយធានាប្រព្រឹត្តទៅដោយរលូន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចិនកាលពីពាក់កណ្តាលខែឧសភា បានដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះការប្រកួត Asian Cup ឆ្នាំ ២០២៣ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកើនឡើងវិញ។
 
កាលពីថ្ងៃទី៣១ ខែឧសភា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអញ្ជើញសមាជិកដើម្បីចូលរួមការដេញថ្លៃរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីសារជាថ្មី។ កាលបរិច្ឆេទផុតកំណត់ការដាក់ស្នើដេញថ្លៃនឹងត្រូវត្រឹមថ្ងៃទី៣០ ខែមិថុនា។
 
យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បាននិយាយកាលពីខែមុនថា ខ្លួនត្រូវបានទាក់ទងក្រៅផ្លូវការអំពីលទ្ធភាពនៃការជំនួសប្រទេសចិនដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំក្រោយ។
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូងខកខានធ្វើម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ចាប់តាំងពីប្រទេសនេះបានសិទ្ធិរៀបចំលើកដំបូងកាលពីឆ្នាំ ១៩៦០ ជាលើកដំបូង។ កូរ៉េខាងត្បូង​ឈ្នះជើងឯក​ Asian Cup ២លើកនៅឆ្នាំ ១៩៥៦ និង១៩៦០។ ជប៉ុនឈ្នះច្រើនជាងគេចំនួន៤លើក តាមពីក្រោយដោយអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់៣ដងដូចគ្នា។ ម្ចាស់ជើងឯកឆ្នាំ២០១៩ កាតាឈ្នះមួយលើក ដូចកូវែត អូស្ត្រាលី អ៊ីស្រាអែល និងអ៊ីរ៉ាក់ដែរ៕
 

Tag:
 Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com