អន្តរជាតិ
អាម៉េរិកនិងកូរ៉េខាងត្បូង បាញ់មីស៊ីល៨គ្រាប់ ដើម្បីបង្ហាញសាច់ដុំដាក់កូរ៉េខាងជើងវិញ
06, Jun 2022 , 10:49 am        
រូបភាព
លំហាត់រួមគ្នារវាងយោធាកូរ៉េខាងត្បូងនិងអាម៉េរិកនៅថ្ងៃទី៦ ខែមិថុនា។ រូបថត Yonhap
លំហាត់រួមគ្នារវាងយោធាកូរ៉េខាងត្បូងនិងអាម៉េរិកនៅថ្ងៃទី៦ ខែមិថុនា។ រូបថត Yonhap
កម្លាំងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី៦ ខែមិថុនា បានបាញ់មីស៊ីល៨គ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់កូរ៉េខាងត្បូង។ ការបាញ់នេះ ជាការបង្ហាញសាច់ដុំទៅកូរ៉េខាងជើងដែលបាញ់មីស៊ីល៨គ្រាប់នៅមួយថ្ងៃមុន។

 
បើតាមយោធាកូរ៉េខាងត្បូង ក្រុមសម្ព័ន្ធមិត្ត បានបាញ់មីស៊ីលយុទ្ធសាស្រ្តសម្រាប់បាញ់គោលដៅលើដីចំនួន៨គ្រាប់ ពីទីតាំងក្នុងខេត្ត Gangwon តម្រង់ទៅសមុទ្រខាងកើតដោយចាប់ផ្ដើមពីម៉ោងប្រហែល៤ព្រឹកថ្ងៃទី៦ ខែមិថុនា។ មីស៊ីល៨គ្រាប់នេះ គឺស្មើនឹងចំនួនមីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី៥ ខែមិថុនា។ 
 
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន យោធាកូរ៉េខាងត្បូង អះអាងថា ការបាញ់មីស៊ីលរួមគ្នានេះ បង្ហាញពីសមត្ថភាព និងការត្រៀមលក្ខណៈក្នុងការវាយប្រហារភ្លាមៗ និងចំគោលដៅលើទីតាំងបង្កហេតុ។ យោធាកូរ៉េខាងត្បូង ក៏ឆ្លៀតថ្កោលទោសការបាញ់មីស៊ីលបន្តបន្ទាប់របស់កូរ៉េខាងជើង និងទទូចឱ្យរដ្ឋមួយនេះបញ្ឈប់ទង្វើដែលធ្វើឱ្យភាពតានតឹងកើនឡើង។
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី៥ ខែមិថុនា ក៏បានចេញបញ្ជាឱ្យយោធាកូរ៉េខាងត្បូង និងអាម៉េរិកពង្រឹងអនុភាពកំញើញរបស់ខ្លួន និងពង្រីកសមត្ថភាពដើម្បីតទល់នឹងសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើង។ ក្រោយលោក យូន ចូលកាន់តំណែងនៅដើមខែឧសភា កូរ៉េខាងជើង បាញ់មីស៊ីលរបស់ខ្លួនកាន់តែញឹកតែម្ដង។
 
ខណៈការបាញ់របស់មីស៊ីលពីសំណាក់កូរ៉េខាងជើង ជារឿងបារម្ភនោះ អ្វីដែលរឹតតែធ្វើឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តឈឺក្បាល គឺការសាកល្បងនុយក្លេអ៊ែរ។ កូរ៉េខាងជើង ត្រូវជឿថា បានត្រៀមជាស្រេចក្នុងការសាកល្បងនុយក្លេអ៊ែរក្រោយផ្អាកជាច្រើនឆ្នាំមកហើយ៕
 
 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com