កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើតាមសន្យាជិះកង់៤៥០គីឡូម៉ែត្រ ក្រោយ Valladolid ឡើងទៅ La Liga
08, Jun 2022 , 2:02 pm        
រូបភាព
អតីតវីរបុរស Real Madrid និងប្រេស៊ីល Ronaldo Nazario ដែលសព្វថ្ងៃជាម្ចាស់ក្លិប Real Valladolid បានសន្យាថានឹងជិះកង់ក្នុងរយៈចម្ងាយ៤៥០គីឡូម៉ែត្រ ប្រសិនបើក្រុម Valladolid អាចឡើងទៅលេង LaLiga។ Valladolid ឡើងទៅក្របខណ្ឌកំពូលអេស្ប៉ាញវិញ ឯ Ronaldo ព្រមធ្វើតាមសន្យារបស់ខ្លួន។


Ronaldo ត្រូវជិះកង់ពី Valladolid ទៅកាន់ទីក្រុង Santiago de Compostela ទឹកដីអេស្ប៉ាញ ដែលមានចម្ងាយផ្លូវ៤៥០គីឡូម៉ែត្រ តាមតាមការសន្យារបស់ខ្លួន។
 
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល វ័យ៤៥ឆ្នាំ បានក្លាយជាម្ចាស់ក្លិប Valladolid ក្រោយទិញយកភាគហ៊ុន៥១ភាគរយ ក្នុងតម្លៃ៣២លានដុល្លារនៅឆ្នាំ ២០១៨។ ក្រោមការគ្រប់គ្រង់របស់ Ronaldo ៤ឆ្នាំ Valladolid មានឱកាសបង្ហាញខ្លួននៅ La Liga ជាថ្មី ហើយបានគ្រប់គ្រងការវិលត្រឡប់របស់ពួកគេទៅកាន់ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញក្នុងនាមជាប្រធាន។ Ronaldo ក៏ជាម្ចាស់ក្លិប Cruzeiro នៅប្រេស៊ីលផងដែរ ដោយកាន់ភាគហ៊ុនធំ៨១ភាគរយនៅឆ្នាំ២០២១ ក្នុងតម្លៃ៧០លានដុល្លារ
 
យ៉ាងណាក៏ដោយ ដើម្បីជួយសម្រួលដល់ Ronaldo នៅលើផ្លូវពីកីឡដ្ឋាន Estadio Jose Zorrilla របស់ Valladolid ទៅ Camino de Santiago ដែលមានចម្ងាយឆ្ងាយ និងមានអ្នកធ្វើដំណើរច្រើន ក្រុមសមាជិកបុគ្គលិក និងកីឡាករ សម្រេចឱ្យម្ចាស់ក្លិបពួកគេជិះកង់អគ្គិសនីជំនួសវិញ។ មិត្តស្រី Ronaldo នាង Celina Locks ក៏រួមដំណើរជាមួយគ្នាផងដែរ។
 
«ខ្ញុំរីករាយនឹងធ្វើតាមការសន្យា»។ នេះជាការអះអាងរបស់ Ronaldo។ វីរបុរសដែលជួយប្រេស៊ីលឈ្នះ World Cup ពីរលើកមុនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១១ បន្ថែមថា៖ «នៅពេលយើងត្រូវបានកាត់ចោល ខ្ញុំដឹងថាយើងត្រូវធ្វើការងារជាច្រើនដើម្បីត្រលឡប់ទៅលីគកំពូលវិញ។ ខ្ញុំបានសន្យានឹងពួកគេ ខ្ញុំដឹងថាខ្ញុំនឹងរងទុក្ខខាងរាងកាយ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»៕
 

Tag:
 Ronaldo
  Valladolid
© រក្សាសិទ្ធិដោយ thmeythmey.com