ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម ​ចក្រាវុធ៖ ខ្ញុំនឹងបន្តដំណើរទៅមុខជាមួយ​អ្នក​សីហនុនិយម រណឫទ្ធិនិយម
08, Jun 2022 , 10:59 pm        
រូបភាព
ដោយ: រួបរួម
ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាមរយៈហ្វេសប៊ុក​របស់ខ្លួន បាន​កោតសរសើរ​សមាជិក សមាជិកា​គណបក្សចំពោះ​ការលះបង់​កម្លាំងស្មារតី និង​ធន​ធាន​ផ្ទាល់ខ្លួន​កន្លងមក។ នាថ្ងៃទី​៨ ខែមិថុនា នេះ ពោលគឺ​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី​៥ ព្រះអង្គ​បានចុះជួបសំណេះសំណាល និងលើកទឹក​សមាជិករបស់ខ្លួននៅខេត្តកំពង់ឆ្នាំង។

 
«ខ្ញុំនឹងបន្តដំណើរទៅមុខ រួបរួមគ្នា ជាមួយសមាជិក សមាជិកាគណបក្សរាជានិយម អ្នកជាតិនិយម សីហនុនិយម រណឫទ្ធិនិយម ដើម្បីកែប្រែគណបក្សរាជានិយមមួយនេះទទួលបានភាពជោគជ័យ មានអាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ»។ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើកឡើងយ៉ាងដូច្នេះ។
 
ព្រះអង្គ​ម្ចាស់​ចក្រាវុធ បាន​មាន​បន្ទូល​បន្ថែមថា គ្រប់គ្នា​ដែល​ដង្ហែ​តាមព្រះអង្គ សុទ្ធតែជាអ្នក​មានស្វា​មីភក្ដិចំពោះគណបក្ស​រាជានិយម​ដ៏មាន​វ័យ​ចំណាស់ ជាពិសេស​សុទ្ធតែជាអ្នក​គោរពស្រឡាញ់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះបិតា​របស់ព្រះអង្គ។
 
ព្រះអង្គ​បាន​បន្ថែមថា៖ «ខ្ញុំពេលនេះ ទោះបីជាទទួលផ្លែដំឡូងក្តៅក្នុងដៃ តែខ្ញុំរកវិធីសាស្ត្រ គ្រប់បែបយ៉ាងធ្វើយ៉ាងណា ឲ្យដំឡូង​ក្តៅនេះ ត្រជាក់ឲ្យកាន់តែលឿនសំដៅធ្វើយ៉ាងឲ្យសមាជិក សមាជិកា គណបក្សរាជានិយម អ្នកជាតិនិយម សីហនុនិយម រណឫទ្ធិនិយម ឆាប់បានបកសំបកពិសារបានទាំងអស់គ្នា»។ 
 
សូម​បញ្ជាក់​ថា នា​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់អណត្តិទី​៥ កាលពីថ្ងៃទី​៥ ខែមិថុនា គណបក្សហ៊្វុនស៊ិនប៉ិច បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែងនៅ៦៨០ឃុំ-សង្កាត់​ក្នុងបណ្តា​រាជធានី-ខេត្ត​ចំនួន​១៤។ លទ្ធផល​បឋមដែលគណនាក្រៅផ្លូវការ​ដោយសារព័ត៌មានថ្មីៗ បង្ហាញថា បក្សរាជានិយម​មួយនេះ អាចទទួលបាន​ត្រឹមតែ​១៧អាសនៈដោយមិនមាន​តំណែងមេឃុំ-ចៅសង្កាត់នោះឡើយ។
 
តាម​លទ្ធផល​បឋមក្រៅផ្លូវការ មូលដ្ឋាន​ដែលគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានអាសនៈ មានដូចជា ៣អាសនៈនៅឃុំឈូក, ១អាសនៈនៅឃុំស្រើង ស្រុកប្រាសាទសំបូរ, ២អាសនៈនៅឃុំរុងរឿង, ១អាសនៈនៅឃុំបន្ទាយស្ទោង, ១អាសនៈនៅឃុំចំណារលើ, ១អាសនៈនៅឃុំពពក ស្រុកស្ទោង, ១អាសនៈនៅឃុំកំពង់គោ, ១អាសនៈនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ១អាសនៈនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ, ១អាសនៈនៅឃុំពងសត្វ ស្រុកឈូក ខេត្តកំពត។  ១អាសនៈនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ១អាសនៈនៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់, ១អាសនៈនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និង​១អាសនៈនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
 
នាការបោះឆ្នោតកាលពីឆ្នាំ២០១៧ គណបក្សហ៊្វុនស៊ិនប៉ិចទទួល​បានតំណែងសមាជិកក្រុម​ប្រឹក្សាឃុំ-សង្កាត់ចំនួន​ ២៨អាសនៈ ហើយ​បាន​២៣៥អាសនៈបន្ថែមទៀត ក្រោយ​ការ​រំលាយគណបក្ស​សង្គ្រោះជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com