ជាតិ
សង្គមជាតិ
១៤ឆ្នាំ DTA បានជួយព្យាបាល និងបង្រៀនជំនាញអ្នកបន្សាបគ្រឿងញៀន ជាង៨ពាន់នាក់
10, Jun 2022 , 8:59 am        
រូបភាព
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ មណ្ឌលបន្សាបគ្រឿងញៀន DTA បានជួយព្យាបាល និងបង្រៀនជំនាញអ្នកបន្សាបគ្រឿងញៀន ជាង៨ពាន់នាក់ហើយ។ មណ្ឌលឯកជន បានបង្កើតឡើង១៤ឆ្នាំហើយ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។



លោក ហង្ស ប្រសើរ អនុប្រធានមណ្ឌលបន្សាបគ្រឿងញៀន DTA បានលើកឡើងថា ការទទួលសេវាកម្មព្យាបាលនៅមណ្ឌល DTA មានជាកញ្ចប់ ដោយចាប់ពី ៣ខែ ៦ខែ និង១ឆ្នាំ តាមលទ្ធភាព របស់អាណាព្យាបាលជនរងគ្រោះ។  ក្នុងកញ្ចប់នោះដែរ មានដូចជា អាហារ ៣ពេល សម្ភារប្រើប្រាស់ប្រចាំថ្ងៃ បង្រៀនភាសា និងចំណេះជំនាញផ្សេងៗទៀត។ 
 
បើតាមលោក ប្រសើរ មណ្ឌល DTA មានបង្រៀនជំនាញដល់ជនរងគ្រោះគ្រឿងញៀន ដូចជា ជំនាញលេងភ្លេង ជួសជុលម៉ូតូ កាត់សក់ កាត់ដេរ ផ្សារដែក ធ្វើចង្រ្កាន ភាសាបរទេស និងការប្រើប្រាស់កុំព្យូទ័រជាដើម។
  

លោក ហង្ស ប្រសើរ អនុប្រធានមណ្ឌលបន្សាបគ្រឿងញៀន DTA

កន្លងមក មណ្ឌល DTA បានទទួលព្យាបាលអ្នកបន្សាបគ្រឿងញៀនជាង ៨ពាន់នាក់ ក្នុងនោះប្រុសជាង ៧ពាន់នាក់ ស្រីជាង ៩០០នាក់។ បច្ចុប្បន្ន អ្នកបន្សាបគ្រឿងញៀន ក្នុងមណ្ឌល DTA មានជាង ២០០នាក់ ក្នុងនោះនារីជាង ១០នាក់។ នេះបើតាមលោក ប្រសើរ។
 
លោក ប្រសើរ បន្តថា​ ការបន្សាបគ្រឿងញៀន មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺតម្រូវឱ្យអ្នកប្រើប្រាស់ ត្រូវតាំងចិត្តខ្ពស់ និងមានភាពអត់ធ្មត់ ក្នុងការព្យាបាល។
 
«សម្រាប់ខ្ញុំ ខ្ញុំមិនគិតថាពិបាកទេ ព្រោះជាតួនាទីភារកិច្ចរបស់ខ្ញុំ តែបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់លើកូនរបស់គាត់ ហើយទុកឱ្យគាត់ប្រើប្រាស់ក្នុងកម្រិតធ្ងន់ធ្ងរ ឈានដល់ការប៉ះពាល់ផ្លូវចិត្តខ្លាំង អញ្ចឹងយើងត្រូវព្យាបាលយូរ»។ នេះបើតាមអនុប្រធានមណ្ឌល DTA។
 
អ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបន្សាបនៅមណ្ឌល DTA មានអាយុចន្លោះពី ១៧ ដល់២៥ មានប្រមាណ ៤០ភាគរយ ហើយអាយុពី ២៥ ទៅ៤០ឆ្នាំ មានប្រមាណ ៣០ភាគរយ និងវ័យលើសពី ៤០ឆ្នាំ មាន ១០ភាគរយ។
 
មណ្ឌល DTA បានបង្កើតឡើង១៤ឆ្នាំហើយ។ លោក ហង្ស ប្រសើរ អនុប្រធានមណ្ឌលបន្សាបគ្រឿងញៀន DTA ដែលជាអ្នកផ្ដួចផ្ដើមឱ្យបង្កើតមណ្ឌលនេះឡើង ក៏ជាបុគ្គលម្នាក់ ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។
 



អនុប្រធានមណ្ឌល DTA បានរៀបរាប់ពីបទពិសោធន៍ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនយ៉ាងដូច្នេះ៖ «ពេលខ្ញុំប្រើប្រាស់គ្រឿងញៀន ខ្ញុំសឹងថាបាត់បង់ទំនុកចិត្តអ្នកនៅជុំវិញខ្លួន គឺមានអារម្មណ៍ឯកោ អាចនិយាយបានថា ខ្លួនឯងប្រើប្រាស់ទើបយល់អារម្មណ៍មួយហ្នឹង។ ដោយសារមានភាពឈឺចាប់ពីគ្រឿងញៀន ទើបខ្ញុំតាំងចិត្តកែប្រែខ្លួនឯង ហើយធ្វើឱ្យខ្ញុំធ្វើការងារនេះ មិនគិតថាពិបាកនឿយហត់ទេ»។
 
ជុំវិញការប្រើប្រាស់គ្រឿងញៀននេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់មានសភាពទ្រុឌទ្រោមរាងកាយ រវើរវាយ ដេកមិនលក់ មិនហូបបាយ ស្គមស្គាំង ស្លេកស្លាំងជាដើម។ ត្រង់ចំណុចនេះ លោក ប្រសើរ បានអំពាវនាវដល់អាណាព្យាបាល គប្បីកុំទុកកូនឱ្យញៀនថ្នាំដល់កម្រិតធ្ងន់ធ្ងរ ព្រោះវាពិបាកព្យាបាល និងប៉ះពាល់ដល់អនាគតពួកគេ។
 
វិធីសាស្រ្តដែលបន្សាបគ្រឿងញៀនមានដូចជា ការប្រើប្រាស់ឱសថ ការអប់រំផ្លូវចិត្ត ការហាត់ប្រាណ សម្រាកឱ្យបានច្រើន និងហូបអាហារឱ្យបានទៀងទាត់។ ជាពិសេសទាមទារការលើកទឹកចិត្តពីអាណាព្យាបាល និងមនុស្សនៅជុំវិញខ្លួន។ នេះបើតាមលោក ប្រសើរ៕
 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com