ជាតិ
សង្គមជាតិ
កិច្ចចរចារវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ដំណើរការអស់១៣លើកហើយ តែនៅតែរកច្រកចេញមិនទាន់ឃើញ
10, Jun 2022 , 10:36 am        
រូបភាព
កិច្ចចរចាលើកទី១៣ រវាងតំណាងបុគ្គលិកដែលអង្គុយនៅជូរស្តាំដៃ និងតំណាងក្រុមហ៊ុនណាហ្កាវើលដ៍ដែលអង្គុយនៅឆ្វេងដៃ។ រូបពីក្រសួងការងារ
កិច្ចចរចាលើកទី១៣ រវាងតំណាងបុគ្គលិកដែលអង្គុយនៅជូរស្តាំដៃ និងតំណាងក្រុមហ៊ុនណាហ្កាវើលដ៍ដែលអង្គុយនៅឆ្វេងដៃ។ រូបពីក្រសួងការងារ
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖​ តំណាងបុគ្គលិក និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តអង្គុយទល់មុខគ្នា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីស្វែងរកដំណោះស្រាយ ក្រោមការសម្របសម្រួលរបស់តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបរវាងភាគីទាំងពីរលើកនេះ គឺជាលើកទី១៣ហើយ តែនៅមិនទាន់អាចរកដំណោះស្រាយរួមគ្នានោះទេ។



ក្រសួងការងារ បញ្ជាក់ក្នុងសេចក្ដីជូនដំណឹង ស្តីពីកិច្ចចរចារវាងតំណាងបុគ្គលិក និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ដូច្នេះថា៖«បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួង នឹងបន្តខិតខំសម្របសម្រួល និងកំណត់កាលបរិឆ្ឆេទប្រជុំបន្តទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ និងការទាមទាររបស់គូភាគី»។ 
 
ជាមួយគ្នានេះ ក្រសួងការងារ បានស្នើឲ្យភាគីទាំងពីរ មានការយោគយល់គ្នាក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កិច្ចចរចាលើកទី១៤ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២២ ដើម្បីឲ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីការផ្តល់សម្បទាដល់គ្នាទៅវិញទៅមក ដែលអាចឈានទៅដល់ការបញ្ចប់វិវាទ។ 
 
សូមរំលឹកថា បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ តាំងពីចុងឆ្នាំ២០២១មក ដោយមកដល់ពេលនេះ មានរយៈពេល៦-៧ខែហើយ។ គោលបំណងធំរបស់ពួកគេ គឺពួកគេ ចង់ឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជិត២០០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ឲ្យចូលធ្វើការងារវិញ។ សំណើនេះ តែងត្រូវបានតំណាងបុគ្គលិក លើកឡើងក្នុងកិច្ចចរចា តែតែងត្រូវបដិសេធដោយតំណាងក្រុមហ៊ុន។ ការណ៍ដែលតំណាងក្រុមហ៊ុន នៅតែបន្តបដិសេធនឹងសំណើនេះហើយ បានជាកិច្ចចរចា ពិបាករកទីបញ្ចប់ ព្រោះតំណាងបុគ្គលិក តាំងចិត្តថា លុះត្រាតែអ្នកដែលត្រូវបានបញ្ឈប់ពីការងារ បានចូលធ្វើការងារវិញ ទើបពួកគេសុខចិត្ត និងឈប់តវ៉ា៕ 
 
 
 

Tag:
 វិវាទការងារ
  ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com