ជាតិ
សេដ្ឋកិច្ច
របាយការណ៍៖ ប្រេងឆា, ត្រកួន, ស៊ុតទា អាចមានតម្លៃកើនឡើងបង្គួររយៈពេលវែង
10, Jun 2022 , 12:31 pm        
រូបភាព
ការលក់ដូរនាអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ
ការលក់ដូរនាអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ
ដោយ: រួបរួម
ប្រេងឆា, ត្រកួន និងស៊ុតទា ស្ថិតក្នុងចំណោមស្បៀងអាហារដែលបង្ហាញពីនិន្នការឡើងបង្គួរក្នុងរយៈពេលវែង។ នេះបើតាមការរបាយការណ៍ «ប្រទេសកម្ពុជា-បច្ចុប្បន្នភាពទីផ្សារ» (Cambodia - Market Update)  សម្រាប់ខែមេសា ឆ្នាំ២០២២ ដោយផ្តោតលើឥទ្ធិពលនៃកូវីដ-១៩ និងវិវបត្តិអ៊ុក្រែនលើតម្លៃស្បៀងអាហារ និងដំណើរការផ្សារ។

 
យោងតាមរបាយការណ៍ វិបត្តិអ៊ុយក្រែន-រុស្ស៊ី ធ្វើឲ្យប៉ពាល់ដល់ទីផ្សារថាមពល និងស្បៀងអាហារ ដោយសារប្រទេសទាំងពីរជាអ្នកនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ ជាពិសេសរុស្ស៊ី ជាប្រទេសផលិត និងនាំចេញប្រេងឆៅ ឧស្ម័នធម្មជាតិ ដ៏ធំរបស់ពិភពលោក។ នេះជាបញ្ហាដែលកើតឡើងបន្ថែមពីលើវិបត្តិកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០មក។
 
សម្រាប់កម្ពុជា របាយការណ៍ «បច្ចុប្បន្នភាពទីផ្សារ» ប្រមូលបានទិន្នន័យពីទីផ្សារក្នុងទីប្រជុំជន និងជនបទចំនួន៤៥ទូទាំងប្រទេស ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងការិយាល័យទីផ្សារកសិកម្ម (AMO) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមដានលើតម្លៃលក់រាយ និងលក់ដុំរបស់ស្បៀងអាហារសំខាន់ៗ។ ជាមធ្យម ប្រធានផ្សារ និងអាជីវករចំនួន២៥០នាក់ ត្រូវបានសម្ភាសជារៀងរាល់ពីរសប្តាហ៍។
 
 

ផ្អែកតាមការវិភាគនិន្នាការតម្លៃស្បៀងថ្នាក់ជាតិ ចន្លោះពីខែមករា ឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២២ បង្ហាញថា តម្លៃកញ្ចប់ស្បៀងអាហារនៅកម្ពុជា បន្តកើនឡើងក្នុងខែមេសា។ ខណៈតម្លៃអង្ករមានស្ថិរភាព ដោយសារតែការពឹងផ្អែកតិចតួចលើការនាំចូលធញ្ញជាតិ ឯតម្លៃស្បៀងអាហារផ្សេងទៀត មានការកើនឡើង។
 
ស្បៀងអាហារមួយចំនួន ដែលបង្ហាញពីនិន្នាការតម្លៃកើនឡើងបង្គួរក្នុងរយៈពេលវែងនោះ រួមមានប្រេងឆា ដែលកើន ៤៣,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយភាគច្រើននាំចូលពីថៃ និងសហរដ្ឋអាម៉េរិក។ ត្រកួន ក៏មាននិន្នាការតម្លៃកើនឡើង ៣២ភាគរយផងដែរ ខណៈស៊ុតទា កើន ២៣,២ភាគរយ, ត្រីផ្ទក់កើន៥ភាគរយ។ សម្រាប់អង្ករចម្រុះ និងសាច់ជ្រូក បើទោះបីជាមានតម្លៃប្រែប្រួលរវាងខែមីនា និងខែមេសា ឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែតម្លៃជារួមអាចទាបជាងឆ្នាំមុន។
 
 

របាយការណ៍បង្ហាញផងដែរថា ក្នុងខែមេសា តម្លៃមធ្យមលក់រាយស្បៀងអាហារសំខាន់ៗនៅជនបទ ទាបជាងនៅទីប្រជុំជន លើកលែងតែប្រេងឆា និងត្រកួន។ ស្បៀងអាហារសំខាន់ៗ ដូចជាអង្ករចម្រុះ ត្រីផ្ទក់ ស៊ុតទា ប្រេងឆា នៅព្រៃវែង កណ្តាល ស្ទឹងត្រែង កំពត និងបន្ទាយមានជ័យ មានតម្លៃខ្ពស់ជាងគេ។
 
ស៊ុតទា និងត្រកួន បានហក់ឡើងតម្លៃកាលពីខែមេសា ជាពិសេសត្រកួនដែលត្រូវបានទទួលទានជាទូទៅនៅកម្ពុជា កើនឡើងខ្លាំង១៥ភាគរយ បើប្រៀបធៀបនឹងខែមីនា ដោយសារតែមានតម្រូវការខ្ពស់ នាអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅជនបទ ស្ទើរតែគ្រប់ស្បៀងអាហារ មានតម្លៃកើនឡើងខ្លាំងជាងនៅទីប្រជុំជន លើកលែងតែស៊ុតទា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com