ជាតិ
សង្គមជាតិ
ឧកញ៉ា សង ថន និងអតីតអភិបាលរងបាត់ដំបង ត្រូវជាប់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធការកាន់កាប់ដីខុសច្បាប់៥ពាន់ហិកតា
10, Jun 2022 , 5:57 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 
 
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោកឧកញ៉ា សង ថន និងលោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែលមុនត្រូវចាប់ខ្លួន គឺជាអភិបាលរងខេត្តបាត់ដំបង ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ព្រមទាំងត្រូវបង់ប្រាក់២,៥ម៉ឺនដុល្លារក្នុងម្នាក់ៗ ចូលទៅរដ្ឋ ពាក់ព័ន្ធនឹងការក្លែងបន្លំយកដីប្រមាណ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សាលក្រមស្តីពីការផ្តន្ទាទោសលើអ្នកទាំង២ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ។


លោក សង ថន ត្រូវបាន​ចោទ​២​បទល្មើស គឺ បទ​ផ្តើមគំនិត​គិត​ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គេង​បំបាត់​ដោយ​ទុច្ចរិត​។​ រីឯលោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​ចោទ​៣​បទល្មើស រួមមាន បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក។ 
 
លោកទាំង២ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នាំខ្លួន​ទៅ​សាកសួរ ហើយ​បញ្ជូនទៅឲ្យ​តុលាការភ្នំពេញ ​កាលពីពាក់កណ្តាលឆ្នាំ​២០២០​។ ពួកគាត់ ត្រូវ​រកឃើញថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយក្នុង​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ។ ចំពោះលោក សង ថន ដែល​កាន់កាប់​ដី​ប្រមាណ​៥​ពាន់​ហិកតា ក្នុងស្រុក​គាស់ក្រឡ ចាប់ផ្តើម​មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ 
 
រឿងលោក ថង ថន និងលោក ស៊ូ អា​រ៉ា​ហ្វា​ត់ ក៏បាន​លេចឮ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែរ។ ក្នុង​កិច្ចប្រជុំ​មួយរបស់គណៈរដ្ឋមន្ត្រី កាលពីអំឡុងខែកក្កដា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង និង​ក្រសួង​ពាក់ព័ន្ធ ដកហូត​ដីធ្លី​ទាំងនោះ ពី​លោក សង ថន មកវិញ ដែល​បាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់ ហើយ​ទុក​ចែក​ឲ្យ​ប្រជាពលរដ្ឋ​៕  
 

Tag:
 សង ថន
  ស៊ូ អា​រ៉ា​ហ្វា​ត់
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com