អន្តរជាតិ
ចិនថា មិនស្ទាក់ស្ទើរធ្វើសង្រ្គាមបើតៃវ៉ាន់ផ្ដាច់ខ្លួន ខណៈអាម៉េរិករក្សាជំហរមិនបោះបង់តៃវ៉ាន់
11, Jun 2022 , 11:19 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន (ឆ្វេង) ជួបជាមួយសមភាគីចិន វៃ ហ្វឹងហឺ (ស្ដាំ) នៅសិង្ហបុរី។ រូបថត Twitter លោក អូស្ទីន
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន (ឆ្វេង) ជួបជាមួយសមភាគីចិន វៃ ហ្វឹងហឺ (ស្ដាំ) នៅសិង្ហបុរី។ រូបថត Twitter លោក អូស្ទីន
រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ និងសមភាគីអាម៉េរិក ឡយ អូស្ទីន បានជួបទល់មុខគ្នានៅថ្ងៃទី១០ ខែមិថុនា នៅក្រៅកិច្ចប្រជុំសន្តិសុខមួយនៅសិង្ហបុរី។ តៃវ៉ាន់ ជាប្រធានក្ដៅក្នុងជំនួបនេះ ដោយប្រមុខការពារជាតិចិនព្រមានសមភាគីអាម៉េរិកថា​ ចិនមិនរអានឹងធ្វើសង្រ្គាមដើម្បីតៃវ៉ាន់ឡើយ។ លោក អូស្ទីន វិញ ក៏បញ្ជាក់ពីជំហររបស់អាម៉េរិកចំពោះតៃវ៉ាន់ដែរ។

 
ឆ្លៀតពេលចូលរួមកិច្ចសន្ទនា Shangri-La ដែលជាវេទិកាសន្តិសុខដ៏ធំនៅអាស៊ី រដ្ឋមន្រ្តីការពារជាតិចិន និងអាម៉េរិក បានជួបគ្នាទល់មុខជាលើកដំបូង។ ទោះក្រសួងការពារជាតិចិនអះអាងថា ជំនួបនេះមានលក្ខណៈស្ថាបនា និងវិជ្ជមាន លោក វៃ ហ្វឹងហឺ និងលោក ឡយ អូស្ទីន មិនបានស្ដាយសម្ដីរបស់ខ្លួន ដោយប្រើពាក្យខ្លាំងៗដូចគ្នាចំពោះរឿងតៃវ៉ាន់ ដែលជាបញ្ហាស្នូលមួយក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។
 
ប្រាប់អ្នកសារព័ត៌មានក្រោយជំ​នួប លោក វូ ឈៀន អ្នកនាំពាក្យក្រសួងការពារជាតិ ស្រង់សម្ដីលោក វៃ ដែលបានព្រមានលោក​ អូស្ទីន ត្រង់ៗថា ចិនមិនស្ទាក់ស្ទើរនឹងចាប់ផ្ដើមសង្រ្គាមដើម្បីតៃវ៉ាន់ឡើយ បើមានអ្នកណាចង់ផ្ដាច់តៃវ៉ាន់ពីចិន។ ប្រមុខការពារជាតិចិនអះអាងទៀតថា តៃវ៉ាន់ ជាកម្មសិទ្ធិរបស់ចិន ហើយការប្រើប្រាស់បញ្ហាតៃវ៉ាន់ដើម្បីព័ទ្ធចិន នឹងមិនបានសម្រេចឡើយ។
 
ឯក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក លោក អូស្ទីន បានសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព និងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់ និងជំហរប្រឆាំងរបស់ក្រុងវ៉ាស៊ីនតោនទៅនឹងការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅតំបន់នោះ។ លោក អូស្ទីន ក៏ស្នើឱ្យចិនបញ្ឈប់ទង្វើបង្កអសិ្ថរភាពដាក់តៃវ៉ាន់ដែរ។
 
អំឡុងសុន្ទរកថាក្នុងកិច្ចសន្ទនា Shangri-La វិញ ប្រមុខការពារជាតិអាម៉េរិក ក៏រិះគន់ចិនខ្លាំងថែមទៀតចំពោះមុខអ្នកចូលរួម។ លោក អូស្ទីន លើកឡើងថា អាម៉េរិកបន្តកិច្ចការរបស់ខ្លួនដើម្បីដោះស្រាយជម្លោះ និងបញ្ចៀសបញ្ហាជាមួយចិន បើទោះជាចិនបច្ចុប្បន្ន កាន់តែអុងអាត់ខ្លាំងឡើងនៅអាស៊ី។ លោកក៏និយាយត្រង់ៗដែរថា អាម៉េរិក នឹងបន្តឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដែលនេះក៏រាប់បញ្ចូលតៃវ៉ាន់ដែរ។
 
«វាពិតជាសំខាន់ ពិសេសនៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនប្រកាន់ជំហរបង្ខិតបង្ខំគេឯង និងកាន់តែឡើងចាង។» លោក អូស្ទីន បញ្ជាក់បែបនេះ មុនបន្តថា គោលនយោបាយរបស់អាម៉េរិកចំពោះបញ្ហាតៃវ៉ាន់ មិនបានផ្លាស់ប្ដូរទេ តែចិនហាក់ដូចជាមិនយល់ពីរឿងនេះខ្លួនឯង៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com