អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិចិន៖ ចិននឹងប្រយុទ្ធដល់ទីបញ្ចប់ទោះក្នុងតម្លៃណាក៏ដោយ បើតៃវ៉ាន់ហ៊ានផ្ដាច់ខ្លួន
12, Jun 2022 , 10:49 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ ។ រូបថត AFP
បញ្ហាតៃវ៉ាន់ នៅតែប្រធានបទក្ដៅក្នុងវេទិកាសន្តិសុខនៅសិង្ហបុរី។ មួយថ្ងៃក្រោយគំរាមអាម៉េរិកដោយផ្ទាល់ រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ បន្តព្រមានប្រើកម្លាំងក្នុងករណីតៃវ៉ាន់ផ្ដាច់ខ្លួន។ លោក វៃ អះអាងថា ចិនមិនរុញរាឡើយទោះក្នុងតម្លៃណាក៏ដោយ។

 
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនៅថ្ងៃទី១២ ខែមិថុនា លោក វៃ ហ្វឹងហឺ រដ្ឋមន្ត្រីការពារជាតិចិន អះអាងថា ទីក្រុងប៉េកាំងគ្មានជម្រើសឡើយ បើមានការប៉ុនប៉ងផ្ដាច់តៃវ៉ាន់ពីចិននោះ។​ លោក វៃ ដែលនិយាយព្រមានបែបនេះម្ដងហើយក្នុងជំនួបជាមួយសមភាគីអាម៉េរិក ឡយ អូស្ទីន ក៏បញ្ជាក់ជំហររបៀបនេះចំពោះមុខអ្នកចូលរួមម្ដងទៀត។
 
«យើងនឹងប្រយុទ្ធទោះក្នុងតម្លៃណាក៏ដោយ ហើយយើងនឹងប្រយុទ្ធដល់ទីបញ្ចប់។។» លោក វៃ ប្រាប់អ្នកចូលរួមបែបនេះ មុនផ្ញើសារព្រមានទៀតថា ការតាំងចិត្ត និងសមត្ថភាពរបស់កងទ័ពចិនដើម្បីការពារទឹកដី មិនគួរត្រូវបានមើលរំលងឡើយ។
 
លោក វៃ ដែលជាទីប្រឹក្សារដ្ឋផងនោះ លើកឡើងទៀតថា អ្នកដែលព្យាយាមរកឯករាជ្យសម្រាប់តៃវ៉ាន់ដើម្បីបំបែកចិន នឹងមិនមានការបញ្ចប់ល្អឡើយ។ ប្រមុខការពារជាតិចិនរូបនេះ​ ក៏ប្រាប់ទីក្រុងវ៉ាស៊ីនតោនឱ្យឈប់លាបពណ៌ចិន ឈប់លូកលាន់កិច្ចការផ្ទៃក្នុងចិន និងប៉ះពាល់ប្រយោជន៍ចិនថែមទៀត តែលោកក៏ឆ្លៀតស្នើចង់ឃើញទំនាក់ទំនងមានស្ថិរភាពរវាងចិន និងអាម៉េរិកដែលសំខាន់សម្រាប់សន្តិសុខភាពសកលផងដែរ។
 
ភាពតានតឹងលើបញ្ហាតៃវ៉ាន់ បានកើនឡើង ស្របពេលដែលចិនបង្កើនសកម្មភាពយោធានៅក្បែរកោះនេះ ជាការឆ្លើយតបនឹងអ្វីដែលប៉េកាំងចាត់ទុកជាការបំពានរបស់វ៉ាស៊ីនតោនតាមរយៈការលក់អាវុធឥតឈប់ឈរ។ យន្តហោះចម្បាំង បានហោះកៀកដែនកោះនេះកាន់តែញឹកញាប់ ខណៈដែលអាម៉េរិកក៏បញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែរ៕

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com