កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យអ្នកចាំទីកូដឌីវ័រ១៨ខែ ដោយសារប្រើសារធាតុញៀន
14, Jun 2022 , 4:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៣ ខែមិថុនា ពិន័យអ្នកចាំទីសញ្ជាតិកូដឌីវ័រ Sylvain Gbohouo មិនឱ្យពាក់ព័ន្ធកីឡាបាល់ទាត់រយៈពេល១៨ខែ ក្រោយរកឃើញប្រើប្រាស់សារធាតុហាមឃាត់កាលពីឆ្នាំមុន។


បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកចាំទីវ័យ៣៣ឆ្នាំរូបនេះ ទទួលការធ្វើតេស្តក្រោយការប្រកួតជម្រុះ World Cup នៅខែវិច្ឆិកាដោយបង្ហាញលទ្ធផលវិជ្ជមានសារធាតុហាមឃាត់ Trimetazidine។ Trimetazidine ជាថ្នាំបេះដូងដែលទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ចាត់ថ្នាក់ថាជាថ្នាំរំញោច និងត្រូវហាមឃាត់សម្រាប់កីឡាករអាជីព។
 
ការពិន័យរបស់ FIFA បានធ្វើឱ្យ Gbohouo ត្រូវខកខានការប្រកួតពានរង្វាន់អាហ្វ្រិក Africa Cup of Nations (AFCON) ឆ្នាំនេះ។ ដោយឡែកសម្រាប់ក្លិប Wolkite City នៅលីគកំពូលអេត្យូពីដែល Gbohouo កំពុងប្រកបអាជីព មិនទាន់ដឹងថា ត្រូវហាម ដូចក្រុមជម្រើសជាតិឬអត់នោះទេ។
 
សេចក្តីប្រកាសរបស់ FIFA សរសេរថា Gbohouo បានបំពានមាត្រា៦ នៃបទប្បញ្ញត្តិប្រឆាំងសារធាតុញៀនរបស់ FIFA និងមាត្រា ១៧ នៃក្រមវិន័យរបស់ FIFA។ ដូច្នេះស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកសម្រេចពិន័យអ្នកចាំទីរូបនេះ១៨ខែក្នុងការប្រកួតអន្តរជាតិ។
 
Gbohouo ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូដឌីវ័រ៦៥ប្រកួត រួមចំណែកជួយក្រុមរហស្សនាមដំរីឈ្នះពានរង្វាន់តំបន់អាហ្រិក AFCON ក្នុងឆ្នាំ ២០១៥៕
 

Tag:
 Sylvain Gbohouo
  FIFA
  WADA
© រក្សាសិទ្ធិដោយ thmeythmey.com