អន្តរជាតិ
ថៃ និងអាម៉េរិក នឹងរៀបចំសមយុទ្ធពស់មាសទ្រង់ទ្រាយធំឡើងវិញនៅឆ្នាំក្រោយ
14, Jun 2022 , 7:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
ថៃ និងអាម៉េរិក បានឯកភាពគ្នារៀបចំសមយុទ្ធយោធារួមគ្នាឈ្មោះពស់មាសទ្រង់ទ្រាយធំឡើងវិញនៅឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានកាត់បន្ថយទំហំដោយសារវិបត្តិជំងឺកូវីដ-១៩ ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃបញ្ជាក់បែបនេះនៅថ្ងៃទី១៣​ ខែមិថុនា។​ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន ដែលធ្វើទស្សនកិច្ចនៅថៃ ក៏សន្យាបន្តជួយសម្ព័ន្ធមិត្តមួយនេះផងដែរ។

 
សមយុទ្ធពស់មាស​ ជាលំហាត់យោធាវ័យចំណាស់មួយលើពិភពលោក និងជាលំហាត់ពហុសាសន៍ធំជាងគេនៅអាស៊ីគ្នេយ៍។ ដោយសារការផ្ទុះឡើងជំងឺកូវីដ-១៩ ថៃ និងអាម៉េរិក កាត់បន្ថយទំហំសមយុទ្ធរួមគ្នានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
 
ទោះជាយ៉ាងណា​ សមយុទ្ធឆ្នាំក្រោយ នឹងត្រូវរៀបចំពេញលេញឡើងវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ Kongcheep Tantravanich ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមិថុនា ថា អាម៉េរិក និងថៃ ឯកភាពគ្នារួចហើយលើការរៀបចំសមយុទ្ធក្នុងទ្រង់ទ្រាយធំឡើងវិញនៅឆ្នាំក្រោយដែលនឹងរួមបញ្ចូលលំហាត់សង្រ្គាមតាមអនឡាញផងដែរ។
 
ការឯកភាពនេះ ធ្វើឡើងអំឡុងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន និងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ដែលជារដ្ឋមន្រ្តីការពារជាតិថៃផង។ បើតាមអ្នកនាំពាក្យដដែល លោក អូស្ទីន ដែលធ្វើទស្សនកិច្ចនៅថៃលើកដំបូង ក៏បញ្ជាក់ជំហររបស់អាម៉េរិកក្នុងការបន្តគាំទ្រយោធាថៃលើផ្នែកបច្ចេកវិទ្យា ការហ្វឹកហាត់ អាវុធ និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។
 
ចំណែកលោក ប្រាយុទ្ធ វិញ លើកពីការគាំទ្ររបស់ថៃចំពោះអាម៉េរិកដោយអនុវត្តតាមច្បាប់អន្តរជាតិ។ លោក Tantravanich លើកឡើងទៀតថា មេដឹកនាំទាំងពីរ ក៏បញ្ជាក់ជាថ្មីការអនុវត្តតាមសេចក្ដីថ្លែងការណ៍ទស្សនវិស័យឆ្នាំ២០២០ ដែលនឹងពង្រឹងសម្ព័ន្ធភាពថៃ-អាម៉េរិកទៀតដែរ។
 
សូមបញ្ជាក់ថា ថៃ និងហ្វីលីពីន ជាប្រទេសពីរគត់នៅអាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងជាមួយអាម៉េរិកដល់កម្រិតសម្ព័ន្ធភាពសន្ធិសញ្ញា ដែលអនុញ្ញាតឱ្យអាម៉េរិកផ្ដល់ជំនួយយោធាក្នុងករណីមានការវាយប្រហារណាមួយ៕
 
 
 
 
 
 

Tag:
 ថៃ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com