ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី អត់ជឿទាល់តែសោះថា សម្តីរបស់លោក កឹម សុខា ចេញពីបេះដូង
16, Jun 2022 , 1:22 pm        
រូបភាព
លោក សម រង្ស៊ី និង លោក កឹម សុខា ដឹកនាំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់  ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។ រូប៖ AFP
លោក សម រង្ស៊ី និង លោក កឹម សុខា ដឹកនាំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់ ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។ រូប៖ AFP
ដោយ៖ ទេពញាណ

លោក កឹម សុខា ប្រកាសថា លោក និង លោក សម រង្ស៊ី លែងជាមនុស្សតែមួយទៀតហើយ។ លោក សម រង្ស៊ី យល់ថា លោក កឹម សុខា ស្ថិតក្រោមសម្ពាធ ទើបប្រកាសខុសពីចិត្តបែបនេះ។ លោក សុខ ឥសាន កត់សម្គាល់ឃើញថា សម្តីរបស់លោក សម រង្ស៊ី លែងមានអ្នកជឿហើយ។



ទោះលោក កឹម សុខា ប្រកាសប៉ុន្មានដងប៉ុន្មានសាទៀតថា លោក និងលោក សម រង្ស៊ី លែងជាមនុស្សតែមួយ ហើយលោក និងលោក សម រង្ស៊ី លែងជាប់ពាក់ព័ន្ធជាមួយគ្នាក៏ដោយ ក៏ទំនងជាមិនអាចធ្វើឲ្យលោក សម រង្ស៊ី ជឿបានដែរថា ជាពាក្យពិតដែលចេញពីចិត្តរបស់លោក កឹម សុខា។ មិនជឿ ដ្បិតលោក សម រង្ស៊ី យល់ថា លោក កឹម សុខា គឺជាចំណាប់ខ្មាំង និងស្ថិតក្រោមសម្ពាធរបស់គេ ដូច្នេះ ទើបលោក កឹម សុខា ក្លែងធ្វើជានិយាយអ្វីឲ្យគេពេញចិត្ត ទាំងដែលការពិត លោក មិនចង់និយាយ។

លោក សម រង្ស៊ី បង្ហាញពីការយល់របស់លោកចំពោះចិត្តគំនិតរបស់លោក កឹម សុខា ថា តាមពិត អ្វីដែលលោក កឹម សុខា និយាយ មិនមែនសំដៅលើរូបលោកឡើយ។ លោក សម រង្ស៊ី បកស្រាយទៀតថា លោក កឹម សុខា កំពុងប្រឈមនឹងការចោទប្រកាន់ ម៉្លោះហើយ បានជានៅចំពោះមុខតុលាការ លោក កឹម សុខា ត្រូវនិយាយអ្វី ដែលអាចជួយឲ្យលោកអាចរួចខ្លួន។ លោក សម រង្ស៊ី លើកឡើងថា លោក មិនចាប់អារម្មណ៍ចំពោះការប្រកាសរបស់លោក កឹម សុខា ក្នុងផ្តាច់សម្ព័ន្ធមិត្តជាមួយលោកនោះទេ ព្រោះលោក គិតថា មិនមែនជាការប្រកាសដែលចេញពីចិត្តរបស់លោក កឹម សុខា។

ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដោយមានលោក ជុន ចាន់បុត្រ ជាអ្នកសម្របសម្រួល កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក សម រង្ស៊ី អះអាងថា៖«ជំហរខ្ញុំ នៅតែដដែល ខ្ញុំ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ជាក់ជំហរខ្ញុំពិតប្រាកដក្នុងខ្ញុំបេះដូងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំ ជឿថា លោក កឹម សុខា អត់មានសេរីភាពពេញលេញក្នុងការបញ្ជាក់ជំហរពិតប្រាកដរបស់គាត់ក្នុងបេះដូងរបស់គាត់ទេ»។

តើលោក សម រង្ស៊ី និងលោក កឹម សុខា នៅតែជាមនុស្សតែមួយទៀតទេ? នេះជាសំណួររបស់លោក ជុន ចាន់បុត្រ ដោយទទួលបានចម្លើយពីលោក សម រង្ស៊ី មកវិញថា៖«អត់មានអ្វីប្រែប្រួលទេ»។

អាស៊ីសេរី សម្ភាសលោក សម រង្ស៊ី នៅក្នុងថ្ងៃដែលលោក កឹម សុខា ប្រកាសផ្តាច់ទំនាក់ទំនងជាមួយលោក។ ការប្រកាសរបស់លោក កឹម សុខា ធ្វើឡើងក្នុអង្គសវនាការលើកទី៤៤ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក កឹម សុខា ដែលត្រូវបានចោទពីបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បានប្រាប់អង្គសវនាការថា៖«ចប់ហើយខ្ញុំជាមួយលោក សម រង្ស៊ី។ ច្បាស់ហើយ អត់មាន សម រង្ស៊ី-កឹម សុខា តែមួយទៀតទេ។ [...] គេ ដើរផ្លូវផ្សេង គេនាំបក្សភ្លើងទៀនរបស់គេ ទៅចូលរួមបោះឆ្នោត»។

អត្ថបទទាក់ទង


លោក សម រង្ស៊ី សំដៅលើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកចាប់លោក កឹម សុខា ធ្វើជាចំណាប់ខ្មាំង និងដាក់សម្ពាធលើលោក កឹម សុខា ទើបលោក កឹម សុខា ប្រកាសក្លែងក្លាយថា កឹម សុខា-សម រង្ស៊ី លែងជាមនុស្សតែមួយ តើក្នុងនាមជាអ្នកនាំពាក្យ លោក មានប្រតិកម្មបែបណាចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី ទៅលើសម្តេចនាយករដ្ឋមន្រ្តី? លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពុំឆ្លើយត្រង់ៗនឹងសំណួរនេះឡើយ តែលោក ចោទសួរថា តើជឿលោក សម រង្ស៊ី ឬជឿលោក កឹម សុខា?

បន្ថែមពីនេះ លោក បង្ហាញការសង្កេតឃើញរបស់ខ្លួនថា គេ លែងជឿសម្តីរបស់លោក សម រង្ស៊ី ហើយ។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា៖«លោក កឹម សុខា និយាយផ្ទាល់ខ្លួនគាត់ មានរឿងអីសង្ស័យទៀត? គ្មានអីច្បាស់ជាងសាមីខ្លួនគេទេ អ្នកក្រៅនិយាយ អត់ច្បាស់ទេ យើងមិនអាចជឿបានទេ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច តាមដានឃើញថា សម្ព័ន្ធមិត្តរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បានបែកបាក់យូរមកហើយ ប៉ុន្តែ ដោយហេតុថា លោក សម រង្ស៊ី អស់តួនាទី និងខ្លាចបាត់បង់ជីវិតនយោបាយ ទើបតែងតែចង់ភ្ជាប់ខ្លួនជាមួយលោក កឹម សុខា។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានបង្ហោះសារលើគណនីហ្វេសប៊ុកពីក្រៅប្រទេស នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា ក្រុមលោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ និងមើលងាយអ្នកគាំទ្រ ដោយមិនទទួលថា ក្រុមខ្លួនជាអ្នកបោះបង់់ វាយប្រហារ ព្យាយាមកម្ចាត់ និងដើរចេញពីលោក កឹម សុខា។ កញ្ញា សរសេរបែបនេះថា៖«យើង ហ៊ានរិះគន់លោកអ្នកជាចំហ យើង ហ៊ានបង្ហាញកំហុសលោកអ្នក យើង មានសច្ចភាព យើង ហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នក គ្មានសច្ចភាពនេះហើយ ដែលធ្វើឲ្យយើងចែកផ្លូវគ្នាជាស្ថាពរ»។

គេ មើលឃើញសញ្ញាណមិនល្អនៃការនាំទៅរកការបែកបាក់សម្ព័ន្ធមិត្តរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់តាំងពីពេលដែលក្រុមអ្នកនយោបាយជាខ្សែរបស់លោក សម រង្ស៊ី នាំគ្នាទៅដឹកនាំគណបក្សភ្លើងទៀនឡើងវិញ នៅចុងឆ្នាំ២០២១មក ហើយទីបំផុត គណបក្សភ្លើងទៀន បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិ៥ នាពាក់កណ្តាលឆ្នាំ២០២២នេះ។ ឈ្មោះដើមរបស់គណបក្សភ្លើងទៀន គឺគណបក្ស សម រង្ស៊ី ដែលជាជម្រកចាស់របស់ពួកគេ។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានបង្ហោះសារខ្លី១លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការយកគណបក្សភ្លើងទៀន មកប្រើប្រាស់ឡើងវិញពីសំណាក់ក្រុមលោក សម រង្ស៊ី។ តាមរយៈសារនោះ លោក បានទម្លាក់កំហុសឲ្យលោក សម រង្ស៊ី រួមទាំងសហការីរបស់លោក សម រង្ស៊ី ថាបានដើរចេញពីស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេស គឺត្រឡប់ទៅគាំទ្រការដឹកនាំគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់ពួកគេ។ លោក កឹម សុខា សរសេរថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។

ក្រោយមក លោក សម រង្ស៊ី ក៏រិះគន់លោក កឹម សុខា ដែលសម្រេចចិត្តមិនទៅបោះឆ្នោតឃុំ-សង្កាត់។ ការដែលលោក កឹម សុខា មិនចេញទៅបោះឆ្នោតក្រោមហេតុផលថា គ្មានជម្រើស ត្រូវលោក សម រង្ស៊ី ចាត់ទុកជាកំហុសធ្ងន់ធ្ងរ។

តមកទៀត លោក កឹម សុខា ក៏បានឆ្លើយតបនឹងលោក សម រង្ស៊ី វិញ នៅក្នុងសវនាការលើកទី៤៤ ដោយលោកប្រកាសផ្តាច់ចំណងមិត្តភាពជាមួយលោក សម រង្ស៊ី។ លើសពីនេះ លោក ថែមទាំងបាននិយាយបន្តិចដែរ ពីការរិះគន់របស់លោក សម រង្ស៊ី លើរូបលោក ដែលមិនចេញទៅបោះឆ្នោត។ លោក មានប្រសាសន៍ថា៖«[លោក សម រង្ស៊ី] វាយប្រហារខ្ញុំទៀតថ្មីៗហ្នឹង ថាខ្ញុំ អត់ទៅបោះឆ្នោតឲ្យបក្សភ្លើងទៀន ជាកំហុសធ្ងន់ធ្ងរ»។

សូមរម្លឹកថា លោក សម រង្ស៊ី ជាស្ថាបនិកគណបក្ស សម រង្ស៊ី និងលោក កឹម សុខា ជាស្ថាបនិកគណបក្សសិទ្ធិមនុស្ស បានរួបរួមគ្នានៅឆ្នាំ២០១២។ ក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៥ កាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីគណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស ទទួលបានសំឡេងគាំទ្រស្ទើរតែស្មើគណបក្សប្រជាជនកម្ពុជា។

រហូតដល់ឆ្នាំ២០១៥ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ត្រូវរស់នៅបែកពីគ្នា។ ដោយសារការចោទប្រកាន់ពីតុលាការកម្ពុជា លោក សម រង្ស៊ី ត្រូវបង្ខំចិត្តចេញទៅរស់នៅក្នុងប្រទេសបារាំង កាលពីឆ្នាំ២០១៥ រីឯលោក កឹម សុខា ដ្បិតតែរស់ក្នុងស្រុក តែត្រូវរែកពុនសំណុំរឿង តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ព្រោះតែបទសន្ទិដ្ឋភាព ឬបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលរដ្ឋាភិបាលកម្ពុជានេះហើយ ទើបលោក កឹម សុខា ត្រូវបានដកសិទ្ធិនយោបាយ ដែលធ្វើឲ្យលោក មិនអាចធ្វើនយោបាយបានមកដល់សព្វថ្ងៃ៕

Tag:
 កឹម សុខា
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com