កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona សម្រេចលក់សិទ្ធិទូរទស្សន៍ជាង ២៥ភាគរយ និង ៤៩.៩ភាគរយនៃភាគហ៊ុនទិញលក់ទំនិញ
17, Jun 2022 , 7:29 pm        
រូបភាព
ក្លិប Barcelona បានប្រកាសយល់ព្រមលក់ភាគហ៊ុនមួយចំណែក នៃសិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ឬ Barcelona Licensing and Merchandising (BLM) និង ២៥ភាគរយ នៃការលក់សិទ្ធិទូរទស្សន៍ផ្សាយ La Liga TV កាលពីថ្ងៃទី១៦ ខែមិថុនា ។


ក្លិប Barcelona ផ្ទាល់ បានអះអាងថា ការលក់ភាគហ៊ុនទាំងនេះ ដើម្បីស្រោចស្រង់វិបត្តិហិរញ្ញវត្ថុក្លិបកំពុងជួបប្រទះ។ ក្រុមប្រឹក្សាភិបាលក្លិបរហ័សនាមអ្នកមានបុណ្យមួយនេះ បានបង្ហាញក្តីសង្ឃឹមថា ក្លិបពួកគេនឹងអាចបញ្ចប់វិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំនេះតែម្តង ដោយមិនមានខាតប្រាក់បន្ថែម ឬក៏កើនឡើងការចំណាយលើសកម្រិតទៀតឡើយ។
 
បើតាមប្រធានក្លិបលោក Joan Laporta បាននិយាយថា ក្លិបរំពឹងការលក់ភាគហ៊ុននៃសិទ្ធិអាជ្ញាប័ណ្ណ (BLM) រហូតដល់ ៤៩.៩ភាគរយ ដែលមានតម្លៃប្រហែលពី ២០០លានអឺរ៉ូ ដល់៣០០លានអឺរ៉ូ (២១០លានដុល្លារ ទៅ៣១៥លានដុល្លារ) និងប្រាក់ចំណូលពីសិទ្ធិទូរទស្សន៍ La Liga TV ជាង ២៥ភាគរយ ដោយក្នុង១០ភាគរយមានទំហំទឹកប្រាក់ប្រមាណជាង ២០០លានអឺរ៉ូ (២១០លានដុល្លារ) សម្រាប់រយៈពេល២៥ឆ្នាំ។
 
គម្រោងនៃការលក់ភាគហ៊ុន (BLM) នេះ ទទួលបានការគាំទ្រជាង ៨៩.៣ភាគរយ ពីសំណាក់សមាជិកជាង​ ៦៣៦នាក់ ដែលបានចូលរួមក្នុងកម្មវិធីប្រកាសនេះ ។ ក្នុងនោះ ១៤.២ភាគរយនៃសមាជិកក្លិប បានមកពីគណៈប្រតិភូក្លិបតែម្តង។ ចំណែកការលក់សិទ្ធិទូរទស្សន៍ទទួលបានការគាំទ្រចំនួន ៨៦​.៨ភាគរយ។
 
«នៅពេលយើងបានធ្វើដំណើរមកដល់កាលឆ្នាំមុន យើងបានឆ្លងកាត់បញ្ហាហិរញ្ញវត្ថុដ៏ស្មុគស្មាញ ដោយក្នុងខែឧសភា យើងមិនអាចបង់ប្រាក់ឈ្នួលដល់បុគ្គលិកយើងបាន។ ហើយអ្នកវិនិយោគក៏បានទាមទាប្រាក់ពីយើងជាង ២០០លានអឺរ៉ូ (២១០លានដុល្លារ) ដែលយើងមិនមានក្នុងពេលនោះ។»។ លោក ​Laporta បាននិយាយបែបនេះ។
 
ប្រធានក្លិប Barca រូបនេះ ក៏បានបង្ហាញអារម្មណ៍ររបស់លោកថា ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្លិប ដើម្បីបង្កើតកម្រិតហិរញ្ញវត្ថុក្លិប ជាផ្លូវមួយ ដែលល្អបំផុតសម្រាប់នាំក្លិប ទៅកាន់ការប្រកួតប្រជែងខ្លាំងឡើងវិញ។
 
កាលពីឆ្នាំ ២០២១ អំឡុងបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បានក្លាយជាបញ្ហាក្លិប Barcelona ត្រូវបានក្របខណ្ឌ La Liga ប្តឹងអំពីបញ្ហារឿងបំពានច្បាប់ហិរញ្ញវត្ថុ Financial Fair Play ធ្វើឱ្យក្លិបយក្សមួយនេះ មិនអាចចុះកិច្ចសន្យាថ្មីបន្តជាមួយខ្សែប្រយុទ្ធ Lionel Messi ដែលបានផុតកុងត្រាជាមួយក្លិបពេលនោះ។
 
ក្នុងខែសីហា ឆ្នាំ២០២១ ដដែលនោះ លោក Laporta ក៏ធ្លាប់បានប្រកាសថា ក្លិប Barca បានជំពាក់បំណុលដល់ទៅជាង ១,៣៥​ពាន់លានអឺរ៉ូ (១,៤២ពាន់លានដុល្លារ) ក្នុងនោះជាង ៧០៧លានដុល្លារជំពាក់ធនាគា។ 
 
ដោយឡែកកាលខែមីនាឆ្នាំ ២០២២ Barca បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន កម្មវិធីមាតិការតន្ត្រី Spotify តម្លៃជាង ៣០០លានដុល្លារ ដែលជាម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់កីឡាករក្នុងក្រុម និងកិច្ចសន្យាប្តូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou៕
 
 
 
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com