ជាតិ
CDC អនុញ្ញាតឲ្យបង្កើតរោងចក្រ៦ទៀត ក្នុងនោះមាន​រោងចក្រកែច្នៃដើមឫស្សីនៅទឹកផុស
19, Jun 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗកន្លងមកនេះ បានអនុម័តឱ្យក្រុមហ៊ុនចំនួន៦ បង្កើតរោងចក្រ  ដែលមានទុនវិនិយោគជាង ៧៦,៦ លានដុល្លារ និងបង្កើតការងារ ជាង១០០០ កន្លែងដល់ពលរដ្ឋ​។

 
ក្រុមហ៊ុនថ្មី ចំនួន៦នេះ បានទទួលការអនុញ្ញាតពីCDC ក្នុងការបង្កើតរោងចក្រ ផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃដើមឫស្សី រោងចក្រផលិតថង់ប្លាស្ទិក រោងចក្រផលិតគ្រឿងសង្ហារិម និងរោងចក្រកាត់ដេរសម្លៀកបំពាក់។ 
 
បើតាម CDC រោងចក្រ GLOTEC (CAMBODIA) CO., LTD. នឹងកែច្នៃដើមឫស្សី នៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រោងចក្រនេះ បានបោះទុន ប្រមាណ ៤,៣លានដុល្លារ និងអាចផ្ដល់ការងារចំនួន ១៤១កន្លែង។
 
រោងចក្រ  BAOSTEEL CAN MAKING (CAMBODIA) CO., LTD នឹងផលិតសំបកកំប៉ុង នៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារ។ រោងចក្រនេះ អាចបង្កើតការងារបានចំនួន ១៥៥កន្លែង។ 
រោងចក្រ GTV MOTOR CO., LTD.  នឹងវិនិយោគទឹកប្រាក់ប្រមាណ ១៥,៦ លានដុល្លារ លើគម្រោងដំឡើងរថយន្ត ​ដែលមានទីតាំង ដែលមានទីតាំង ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។  រោងចក្រនេះ អាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
 
រោងចក្រ ECKL PACKAGING CO., LTD. ផលិតថង់ប្លាស្ទិក នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចផ្ដល់ ចំនួន ២៣៤កន្លែង។
 
រោងចក្រ KONDA FURNITURE CO., LTD.  បានបោះទុនប្រមាណ ២,៣ លានដុល្លារ ផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ នេះអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។
 
រោងចក្រ K FINE (CAMBODIA) GARMENT CO., LTD. មានទីតាំង នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកាត់ដេរសម្លៀកបំពាក់។ រោងចក្រនេះ បានបោះទុន ប្រមាណ ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៕ 
 

Tag:
 CDC
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com