អន្តរជាតិ
លោកមហាធៀ ជំរុញឱ្យម៉ាឡេស៊ីទាមទារសិង្ហបុរី និងប្រជុំកោះ Riau ត្រលប់មកវិញ
22, Jun 2022 , 10:19 am        
រូបភាព
លោក មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
លោក មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់ នៅថ្ងៃទី១៩ ខែមិថុនា បានជំរុញឱ្យរដ្ឋ Johor របស់ម៉ាឡេស៊ី ទាមទារបុរីរដ្ឋសិង្ហបុរីត្រលប់មកវិញ។ សិង្ហបុរីបានក្លាយជាផ្នែកមួយរបស់ម៉ាឡេស៊ីនៅក្នុងឆ្នាំ១៩៦៣ មុននឹងប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥។

 
ក្នុងកម្មវិធីដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលនៅក្នុងរដ្ឋ Selangor លោក មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តី និងជាតំណាងរាស្រ្តសម្រាប់ប្រជុំកោះ Langkawi បានលើកឡើងថា ដែនដីម៉ាឡេស៊ី គឺធំ និងលាតសន្ធឹងចាប់ពីភាគខាងត្បូងថៃ ដល់ប្រជុំកោះ Riau និងសិង្ហបុរី។ បច្ចុប្បន្ន ដែនដីទាំងនេះ ត្រូវបានដាក់ឈ្មោះថា ឧបទ្វីបម៉ាឡេ។ 
 
ដោយលើកឡើងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)នៅក្នុងឆ្នាំ២០០២ រវាងម៉ាឡេស៊ី-ឥណ្ឌូណេស៊ី និង២០០៨ រវាងម៉ាឡេស៊ី-សិង្ហបុរី នៅចំពោះមុខអ្នកចូលរួម លោកមហាធៀ ដែលមានវ័យ ៩៦ឆ្នាំ បានថ្លែងថា ម៉ាឡេស៊ី បានចាត់ទុកថាសាលក្រមឆ្នាំ២០០២ មានតម្លៃ ដោយខ្លួនបានគ្រប់គ្រងលើប្រជុំកោះ Sipadan និងប្រជុំកោះ Ligitan ដែលស្ថិតនៅក្បែរកោះ Borneo។ ប៉ុន្តែម៉ាឡេស៊ី បែបជាបោះបង់កោះ Pedra Branca ដែលលោកមហាធៀ ចាត់ទុកមានទំហំប៉ុនតុ ទៅសិង្ហបុរី។​
 
«យើងមិនត្រឹមទាមទារតែ Pedra Branca មកវិញឡើយ...ប៉ុន្តែយើងគួរទាមទារសិង្ហបុរី និងប្រជុំកោះ Riau ផងដែរ»។ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា​ ដែនដីទាំងនោះ គឺសុទ្ធតែដែនដីរបស់ម៉ាឡេស៊ី។ ដោយយល់ថាដែនដីម៉ាឡេស៊ីមួយចំនួនបានបាត់បង់នាពេលកន្លងមក លោកមហាធៀ បានចោទជាសំណួរថាតើឧបទ្វីបម៉ាឡេ នឹងក្លាយជាកម្មសិទ្ធិរបស់នរណានាពេលអនាគត។  
 
ក្នុងកម្មវិធីដែលផ្សាយតាមបណ្តាញសង្គមផងនោះ លោកមហាធៀ បានយល់ថា ម៉ាឡេស៊ីបច្ចុប្បន្ន មិនមែនជាកម្មសិទ្ធិរបស់ប្រជាជនម៉ាឡេឡើយ ដោយសារតែប្រជាជនជាច្រើនក្រីក្រ និងបានលក់ដីរបស់ខ្លួន។ ត្រង់ចំណុចនេះ អតីតនាយករដ្ឋមន្រ្តីរូបនេះ បានជំរុញឱ្យអ្នកចូលរួមរៀនពីប្រវត្តិសាស្រ្ត ដើម្បីថែរក្សាដែនដីរបស់ម៉ាឡេស៊ីទៅពេលអនាគត។ 
 
សិង្ហបុរី បានប្រកាសចូលជាផ្នែកមួយរបស់ម៉ាឡេស៊ីនៅក្នុងឆ្នាំ ១៩៦៣ មុននឹងប្រកាសជារដ្ឋឯករាជ្យ នៅឆ្នាំ១៩៦៥ ដោយមានលោកលី ក្វាន់យូ ជាមេដឹកនាំ កាលជំនាន់នោះ។ 
 
គួររំឭកថា នៅក្នុងឆ្នាំ ២០០២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចកាត់ប្រជុំកោះ Sipadan និងប្រជុំកោះ Ligitan ទៅម៉ាឡេស៊ី។ ក្រោយមក ក្នុងជម្លោះប្រជុំកោះPedra Branca រវាងសិង្ហបុរី និងម៉ាឡេស៊ី តុលាការ បានកាត់ដែនកោះនោះឱ្យសិង្ហបុរី។ ក្នុងឆ្នាំ២០១៧ ម៉ាឡេស៊ីបានដាក់សំណើឱ្យតុលាការយុត្តិធម៌ពិនិត្យលើសេចក្តីសម្រេចឡើងវិញ។ នៅពេលលោកមហាធៀ ឡើងកាន់អំណាចឆ្នាំ២០១៨ ម៉ាឡេស៊ី បានប្រកាសបញ្ឈប់នីតិវិធីទាមទារដែនកោះនោះ៕ 
 

Tag:
 ម៉ាឡេស៊ី
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com