កីឡាជាតិ
ជាតិ
Young Elephants កំពុងបង្ហាញភាពខ្លាំង មុនពេលជួប ភ្នំពេញក្រោន
23, Jun 2022 , 7:59 am        
រូបភាព
Young Elephants កំពុងឈរលេខរៀងទី១ ក្នុងតារាងបណ្ដោះអាសន្ន នៃលីគកំពូលឡាវ (Pepsi Lao League 1) ដោយឈ្នះ៧ និងស្មើ២ប្រកួត។ ក្រុមនេះ ត្រូវប្រកួតជម្រុះ ក្នុងពូល I នៃពានរង្វាន់ AFC Cup នៅថ្ងៃទី២៤-៣០ ខែមិថុនា ប្រទេសវៀតណាម ជាមួយក្រុមភ្នំពេញក្រោន របស់កម្ពុជា និង២ក្រុមផ្សេងទៀត។


សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌលីគ១ឡាវ Young Elephants ធ្វើបានល្អ ដោយមិនទាន់បរាជ័យទេ គ្រាន់តែស្មើ២ប្រកួត។ នេះ អាចបង្ហាញពីការរីកចម្រើន និងកម្រិតថ្មីរបស់ក្រុមមួយនេះ មុនពេលជួបជាមួយក្រុមភ្នំពេញក្រោន នៅក្នុងពូល I ។ 
 
Young Elephants បានឡើងមកវគ្គជម្រុះក្នុងពូលនេះ ដោយស្វ័យប្រវត្តិបន្ទាប់ពីការដកខ្លួន របស់ Shan United FC និង Hantharwady United FC របស់មីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ដូចនេះ ការប្រកួតយកកៅអីក្នុងពូល រវាង ក្រុមវិសាខា របស់កម្ពុជា និង Young Elephants ទៅលុបចោល ដោយក្រុមទាំងពីរ ទទួលបានកៅអីនៅក្នុងពូលដោយស្វ័យប្រវត្តិ។ វិសាខា នៅពូលG ខណៈ Young Elephants នៅពូល I។ 
 
ក្នុងការប្រកួត AFC Cup ក្រុម Young Elephants FC គឺជាក្រុមតែមួយ ដែលបានឡើងមកប្រកួត ខណៈកម្ពុជា មាន២ក្រុម គឺភ្នំពេញក្រោន និង វិសាខា។ ចំពោះព័ត៌មានលម្អិត អំពីអវត្តមានក្រុមF.C. Chanthabouly ដែលជាម្ចាស់ជើងឯកលីគឡាវ២០២០ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការឆ្លើយ តបពីសហព័ន្ធបាល់ទាត់ឡាវ (Lao Football Federation) នៅឡើយទេ បន្ទាប់ពីបានទំនាក់ទនងតាម ហ្វេសប៊ុករបស់សហព័ន្ធ។
 
ដោយឡែក ភ្នំពេញក្រោន ដែលនៅពូលជាមួយ Young Elephants ធ្វើមិនសូវបានល្អទេ ចំពោះការប្រកួតនៅក្នុងលីគកំពូលកម្ពុជា ដោយឈ្នះ ១ ចាញ់២ និងស្មើ៤ប្រកួត។ តែសម្រាប់ការប្រកួតពានរង្វាន់ផ្សេងៗ ក្រុមនេះ តែធ្វើបានល្អដោយឈ្នះ ពាន៣ផ្ទួនៗ នាដើមរដូវកាលនេះ ដូចជា Prince Beer Pre-season, Super Cup និង League Cup។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន នៅក្នុងពូល I ជាមួយ Viettel FC របស់វៀតណាម, Hougang United សិង្ហបុរី និង Young Elephants មកពីប្រទេសឡាវ ខណៈ វិសាខា ត្រូវប្រកួតក្នុងពូល G ជាមួយបីក្រុមផ្សេងទៀត រួមមាន Bali United របស់ឥណ្ឌូណេស៊ី, Kedah Darul Aman FC ម៉ាឡេស៊ី និង  Kaya FC-Iloilo របស់ហ្វីលីពីន៕
 

Tag:
 បាល់ទាត់
  AFC Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com