ជាតិ
ស្រូ​វខ្វះខាតទឹកជាង៤០០ហិកតានៅស្រុកស្វាយជ្រំ ត្រូវបានជួយសង្រ្គោះ
24, Jun 2022 , 4:29 pm        
រូបភាព
ស្រូវដែលកំពុងខ្វះខាតទឹកស្ថិត  ក្នុងភូមិគៀនតាស៊ីវ និងភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង
ស្រូវដែលកំពុងខ្វះខាតទឹកស្ថិត ក្នុងភូមិគៀនតាស៊ីវ និងភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ភ្នំពេញ៖ ស្របពេលស្រូវជាច្រើនហិកតាទូទាំងប្រទេសរងការខូចខាតដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ប៉ុន្តែ ស្រូវវស្សាប្រមាណ ៤៣០ ហិកតានៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងវិញ កំពុងប្រឈមខ្វះខាតទឹកស្រោចស្រព។

 
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ស្រូវវស្សាដើមរដូវជាច្រើនហិកតា កំពុងប្រឈមគ្មានទឹកស្រោចស្រព ស្ថិតក្នុងភូមិគៀនតាស៊ីវ និងភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។  
 
ពាក់ព័ន្ធបញ្ហានេះ មន្ទីរធនធានទឹកខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន យកគ្រឿងចក្រចុះអន្តរាគមន៍កាយវះពោះប្រឡាយមេ ១ខ្សែប្រវែង១២០០ម៉ែត្រ ដើម្បីនាំទឹកចេញពីអាងទឹកគៀនតាស៊ីវ ទៅជួយសង្រ្គោះស្រូវ ៤៣០ហិកតា ស្មើនឹង ២១០គ្រួសារ និងកំពុងបន្តសកម្មភាពសង្រ្គោះបន្តបន្ទាប់។
 

គ្រឿងចក្រកាយប្រឡាយ ដើម្បីនាំទឹកចេញពីអាងទឹកគៀនតាស៊ីវ ទៅជួយសង្រ្គោះស្រូវកសិករ

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានលើកឡើងថា លោក មិនទាន់ដឹងពីទំហំនៃផលប៉ះពាល់ប៉ុន្មាននោះទេ។ លោក បន្ថែមថា តំបន់នេះ មិនមែនរាំងស្ងួតគ្មានភ្លៀងនោះទេ គ្រាន់តែដីមានសភាពក្រៀម និងហុយបន្តិច។ យ៉ាងណា លោក និងក្រុមការងារស្រុក នឹងចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីលម្អិតបន្ថែម។ 
 
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំទើបតែដឹងព័ត៌មានថាខ្វះទឹកព្រឹកមិញនេះទេ ហើយយើងអត់ទាន់ដឹងថា ស្រូវវស្សាទាំងនេះខ្វះខាតទឹកតាំងពីពេលណានោះទេ»។
 
សារព័ត៌មានថ្មីៗ២៥ ពុំអាចទាក់ទងទៅ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកខេត្តស្វាយរៀងបានទេ ដោយសារទូរសព្ទចូលគ្មានអ្នកទទួល៕  
 
 
 
 

Tag:
 ស្រូវខ្វះខាតទឹក
  ស្រូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com