ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយខ្លួនឯងចោល ខណៈមន្រ្តីខ្លះ ថាជាព័ត៌មានក្លែងក្លាយ
29, Jul 2022 , 3:00 pm        
រូបភាព
លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សខ្មែរស្រឡាញ់ជាតិ នៅខេត្តបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សខ្មែរស្រឡាញ់ជាតិ នៅខេត្តបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលកើតចេញពីមន្រ្តីជាន់ខ្ពស់មួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសរំលាយខ្លួនចោល ចាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សខ្មែរស្រឡាញ់ជាតិ។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មូលហេតុនៃការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ គឺដោយសារថ្នាក់ដឹកនាំគណបក្ស មើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ដូច្នេះ គ្មានហេតុផល ដែលពួកគេ ត្រូវនៅបន្តប្រឆាំងនឹងសម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទៀតនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកដែលចូលរួមសម្រេចរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ គឺថ្នាក់ដឹកនាំនៃគណបក្សនេះ រួមមាន ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍។ សេចក្តីប្រកាសព័ត៌មាន សរសេរដូច្នេះថា៖«យើងខ្ញុំ សូមអំពាវនាវឲ្យបងប្អូនសមាជិកគណៈកម្មាធិការនាយក និងសមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងគណបក្សប្រឆាំង នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា»។

លោក ជីវ កក្តា ដែលជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បញ្ជាក់បន្ថែមលើគណនីហ្វេសប៊ុករបស់លោកថា សេចក្តីប្រកាសព័ត៌មានស្តីពីរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ គឺជាការពិត។ ប៉ុន្តែលោក សៀវ វិសុទ្ធ អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ បែរជាអះអាងលើគណនីហ្វេសប៊ុករបស់លោកថា មានគេ លួចក្លែងបន្លំបង្កើតសេចក្តីប្រកាសព័ត៌មានស្តីពីការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិនេះ ទាំងដែលលោកជាថ្នាក់ដឹកនាំម្នាក់ ពុំបានដឹងទាល់តែសោះ។ លោក សៀវ វិសុទ្ធ ជូនដំណឹងថា ក្រុមលោក នឹងស្វែងរកប្រភពឲ្យបានច្បាលលាស់ ជុំវិញការចេញសេចក្តីប្រកាសព័ត៌មានអំពីការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ។

សារព័ត៌មានថ្មីៗ ព្យាយាមហៅទូរស័ព្ទទៅកាន់លោក ជីវ កក្តា ដើម្បីសុំឲ្យបំភ្លឺឲ្យច្បាស់ពីព័ត៌មាននេះ តែលោក មិនទទួលការហៅចូល។ ឯលោក កង គឹមហាក់ ដែលជាអនុប្រធានម្នាក់នៃគណបក្សខ្មែរស្រឡាញ់ជាតិ ក៏មិនទទួលការហៅចូលដែរ។

ច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គណបក្សនយោបាយ អាចរំលាយខ្លួនឯងបាន តាមរយៈការធ្វើមហាសន្តិបាតរបស់គណបក្ស។ ច្បាប់ស្តីគណបក្សនយោបាយ ចែងទៀតថា គណបក្សដែលរំលាយខ្លួន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះចេញពីបញ្ជី។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៩ ខែកក្កដាថា លោក មិនទាន់បានឃើញគណបក្សខ្មែរស្រឡាញ់ជាតិ ជូនដំណឹងស្តីពីការរំលាយខ្លួន ទៅក្រសួងមហាផ្ទៃនោះទេ។

ជាមួយគ្នានេះ គេ ក៏ហាក់ដូចជាមិនបានដឹងឮពីការធ្វើមហាសន្និបាតរបស់គណបក្សខ្មែរស្រឡាញ់ជាតិស្តីពីការរំលាយខ្លួនដែរ។

គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន៥អាសនៈ៕

Tag:
 គណបក្សខ្មែរស្រឡាញ់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com