ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កែរដ្ឋធម្មនុញ្ញលើកទី១០៖ ក្រសួងយុត្តិធម៌ បើកឲ្យបក្សនយោបាយ និងសង្គមស៊ីវិល ចូលសួរដេញដោល ដើម្បីឲ្យអស់ចិត្ត
29, Jul 2022 , 10:37 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (កណ្តាល) បកស្រាយក្នុងសន្និសីទកាសែត អំពីការកែរដ្ឋធម្មនុញ្ញលើកទី១០ នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២២។ រូប៖ សហការី
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (កណ្តាល) បកស្រាយក្នុងសន្និសីទកាសែត អំពីការកែរដ្ឋធម្មនុញ្ញលើកទី១០ នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២២។ រូប៖ សហការី
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ អញ្ជើញបណ្ដាបក្សនយោបាយនិងសង្គមស៊ីវិល ដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យ និងរបបសភានិយមជាដើម ចូលទៅពិភាក្សាគ្នា ដើម្បីឲ្យជ្រះក្ដីកង្វល់។



នៅយប់ថ្ងៃទី២៩កក្កដា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន អញ្ជើញឲ្យគណបក្សនយោបាយ និងសង្គមស៊ីវិលទាំងអស់ដែលអះអាងថា ការកែរដ្ឋធម្មនុញ្ញប៉ះពាល់ដល់ប្រជាធិបតេយ្យ ទៅបំភ្លឺដោយផ្ទាល់ជាមួយគ្នានៅទីស្ដីការក្រសួង។ ជាងនេះទៅទៀត ក្រសួងក៏អញ្ជើញឲ្យក្រុមអ្នកសារព័ត៌មាន តាមដានយកព័ត៌មាន នៃជំនួបនេះផងដែរ។

ដើម្បីធានានូវការយល់ដឹងកាន់តែច្បាស់ ពីគោលបំណងពិត នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក្រសួងយុត្តិធម៌ បានអញ្ជើញដល់បក្សនយោបាយនិងសង្គមស៊ីវិលយ៉ាងដូច្នេះថា៖ «សូមអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណា ដែលអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម នៅកម្ពុជា ចូលរួមជំនួបពិភាក្សា ដើម្បីក្រសួងយុត្តិធម៌ អាចពន្យល់និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត...»។

ក្រសួងបានបញ្ជាក់ថា ជំនួបនេះ នឹងរៀបចំឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ ហើយអាចនឹងរៀបចំនៅរសៀលថ្ងៃទី២ ទី៣ ទី៤ ក្នុងខែសីហា ខាងមុននេះ តាមសំណើនិងពេលវេលារបស់សង្គមស៊ីវិល និងបណ្ដាបក្សនយោបាយ។ ជាមួយគ្នាដែរ ក្រសួងបានប្រាប់ដល់ក្រុមទាំង២ខាងលើថា បើមានបំណងចង់ជួបជាមួយក្រសួង ត្រូវទាក់ទងក្រសួងឲ្យបានមុន១ថ្ងៃនៃពេលកំណត់ខាងលើ។ 

កាលពីថ្ងៃទី១៤ ខែកក្កដា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបកស្រាយក្នុងសន្និសីទកាសែតម្តងរួចមកហើយ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ប៉ុន្តែពុំមានវត្តមានតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនោះទេ។ លោក អះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ក៏មិនខុសពីលើកមុនៗដែរ គឺស្ថិតក្នុងគោលបំណងធំ២ គឺទី១ ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីឧត្តមប្រយោជន៍ជាតិ។ ឧត្តមប្រយោជន៍ជាតិ លោក ចង់សំដៅលើការធានាដល់ស្ថិរភាពនៃស្ថានជាតិកំពូលៗ ឬស្ថិរភាពនយោបាយ។

ពេលរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោករដ្ឋមន្រ្តីយុត្តិធម៌ បានឡើងទៅបកស្រាយនិងការពារម្តងទៀតអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ដែលស្នើឡើងដោយរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តហើយ ក្នុងកិច្ចប្រជុំពេញអង្គនេះឯង។ តាមនីតិវិធី សេចក្តីព្រាងច្បាប់នេះ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ហើយពេលចេញពីព្រឹទ្ធសភា នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ នីតិវិធីចុងក្រោយ សេចក្តីព្រាងច្បាប់នេះ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់៕

អត្ថបទទាក់ទង
 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
  ក្រសួងយុត្តិធម៌
  បក្សនយោបាយ
  សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com