ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
គ្រប់គណៈកម្មការជំនាញនៃព្រឹទ្ធសភា នាំគ្នាប្រកាសគាំទ្រការកែរដ្ឋធម្មនុញ្ញ មុនកិច្ចប្រជុំផ្លូវការកើតឡើង
01, Aug 2022 , 3:19 pm        
រូបភាព
កិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភានាពេលកន្លងមក (រូបពីព្រឹទ្ធសភា)
កិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភានាពេលកន្លងមក (រូបពីព្រឹទ្ធសភា)
នៅមុនកិច្ចប្រជុំផ្លូវការក្នុងព្រឹទ្ធសភាកើតឡើង គណៈកម្មការជំនាញទាំង១០នៃស្ថាប័នកំពូលមួយនេះ បាននាំគ្នាធ្វើញត្តិគាំទ្រលើដំណើរការធ្វើវិសោនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។ ញត្តិគាំទ្ររបស់គណៈកម្មការជំនាញទាំងនោះ ត្រូវបានផ្សព្វផ្សាយលើគេទំព័ររបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

 
ក្រៅពីគណៈកម្មការជំនាញ ខុទ្ទកាល័យសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ខុទ្ទកាល័យលោក ស៊ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា និងខុទ្ទកាល័យរបស់លោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភា ក៏សុទ្ធតែចេញញត្តិគាំទ្រដែរ។ ទាំងញត្តិរបស់បណ្តាគណៈកម្មការជំនាញ ទាំងញត្តិរបស់ខុទ្ទកាល័យថ្នាក់ដឹកនាំកំពូលទាំង៣ មានចំណុចដូចគ្នា១ គឺ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីក្នុងរដ្ឋធម្មនុញ្ញ ហើយថែមទាំងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទៀតផង។ 
 
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយរដ្ឋាភិបាល ត្រូវបានកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា អនុម័តយល់ព្រម កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា អះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១ ខែសីហានេះ ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ជូនទៅដល់ព្រឹទ្ធសភាហើយ។ 
 
លោក លើកឡើងថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៤ ខែសីហា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយបន្ទាប់មក នឹងបញ្ជូនទៅឲ្យគណៈកម្មការជំនាញ ដើម្បីសិក្សាលម្អិត។ លោក បន្ថែមថា ពេលគណៈកម្មការជំនាញសិក្សារួច សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍វិញ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងកំណត់កាលបរិច្ឆេទ សម្រាប់ការបើកកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។ 
 
តាមនីតិវិធី ពេលកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា អនុម័តយល់ព្រម សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រោយពីឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់។ 
 
ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវលើកយកមកធ្វើវិសោនកម្មដែរ។ សម្រាប់លើកទី១០នេះ មាន៦មានត្រានៃរដ្ឋធម្មនុញ្ញ និងមាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានជ្រើសរើសយកមកធ្វើវិសោធនកម្ម៕ 
 
 

Tag:
 ព្រឹទ្ធសភា
  វិសោធនកម្មរដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com