ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ស្រ្តី២នាក់ពីសារព័ត៌មានថ្មីៗជាប់លេខ១ និង២ពីកម្មវិធីប្រឡងអត្ថបទក្នុងវិស័យហិរញ្ញវត្ថុ
05, Aug 2022 , 7:10 pm        
រូបភាព
កញ្ញា អ៊ូ សុខមាន ជាប់លេខ១ (អាវស) និង​អ្នកស្រី អ៊ីសា រ៉ហ៊ីណី ជាប់លេខ២(ខ្មែរឥស្លាម)។ ស្រ្ដីទាំង២នេះ ជាអ្នកសារព័ត៌មានថ្មីៗ។
កញ្ញា អ៊ូ សុខមាន ជាប់លេខ១ (អាវស) និង​អ្នកស្រី អ៊ីសា រ៉ហ៊ីណី ជាប់លេខ២(ខ្មែរឥស្លាម)។ ស្រ្ដីទាំង២នេះ ជាអ្នកសារព័ត៌មានថ្មីៗ។
ភ្នំពេញ៖ ក្រោយពីបានសហការ និងធ្វើការបណ្តុះបណ្តាលរួមគ្នាអស់រយៈពេលជាច្រើនខែរួចមក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា ក៏បានបង្កើតកម្មវិធីប្រឡងជ្រើសរើសអ្នកសារព័ត៌មានឆ្នើមក្នុងសំណេរលើប្រធានបទទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២២នេះ ស្ថាប័នទាំងបីខាងលើដោយមានវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាសាក្សី បានសម្រេចប្រកាសជ័យលាភីអ្នកសារព័ត៌មានចំនួន៥នាក់ក្នុងកម្មវិធីប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី«ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា»។

 
អ្នករៀបចំកម្មវិធីពានរង្វាន់ជ័យលាភីដល់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៥ខែសីហាឆ្នាំ២០២២បានប្រកាសថា កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានអេឡិចត្រូនិក ថ្មីៗ(Thmeythmey.com) ទទួលបានជ័យលាភីលេខ១។ ជ័យលាភីលេខ១សរសេរអត្ថបទក្រោមចំណងជើងថា៖«ធនាគារក្នុងទូរសព្ទដៃ ពលរដ្ឋខ្មែរប្រែក្លាយខ្លួនទៅជាពលរដ្ឋឌីជីថល» https://thmeythmey.com/?page=detail&id=113564 ។

 
             កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានអេឡិចត្រូនិក ថ្មីៗ(Thmeythmey.com) ទទួលបានជ័យលាភីលេខ១


អ្នកស្រី អ៊ីសា រ៉ហ៊ីណី អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) ដូចគ្នាដែរនោះ ទទួលបានជ័យលាភីលេខ២។ ជ័យលាភីលេខ២សេរសេរអត្ថបទក្រោមចំណងជើងថា៖«ការប្រើប្រាស់កម្ចីចំគោលដៅនាំឲ្យអាជីវកម្មរីកចម្រើន និងគេចផុតពីអន្ទាក់បំណុល» https://thmeythmey.com/?page=detail&id=113551

 អ្នកស្រី អ៊ីសា រ៉ហ៊ីណី អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) ទទួលបានជ័យលាភីលេខ២។ 

លោក ស៊ី ម៉ាណេត អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា (AMS) ទទួលបានជ័យលាភីលេខ៣។ លោក ម៉ាណេ សរសេរអត្ថបទក្រោមចំណងជើងថា៖«កម្ចីឥណទានផ្លូវការជាប្រភពទុនដ៏សំខាន់សម្រាប់ការពង្រីកអាជីវកម្ម»។ 
 
កញ្ញា សាន ស្រីនិច អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា(AMS)ទទួលបានជ័យលាភីលេខ៤ និងលោក ម៉ៅ សំណាង អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា (AMS) ផងដែរនោះ ទទួលបានជ័យលាភីលេខ៥។ កញ្ញា ស្រីនិច ដែលជាជ័យលាភីលេខ៤ សរសេរអត្ថបទក្រោមចំណងជើងថា៖«ការប្រើប្រាស់ឥណទានឲ្យចំគោលដៅពិតជាធ្វើឲ្យអាជីវកម្មលូតលាស់ទៅតាមការគ្រោងទុក» រីឯ ខ្លឹមសារអត្ថបទរបស់ជ័យលាភីលេខ៥ក៏មិនអន់ប៉ុន្មានឡើយ។ លោកបានដាក់ចំណងជើងថា៖«១ម៉ឺនដុល្លារសម្រាប់អនាគតសុវត្ថិភាពស្បៀងអាហារ និងមុខរបរគ្រួសារខ្ញុំ»។ 
 
 លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អ្នកជំនាញហិរញ្ញវត្ថុ រួមទាំងជ័យលាភីអ្នកសារព័ត៌មាន

បើយោងតាមអ្នករៀបចំកម្មវិធី ជ័យលាភីលេខ១ទទួលបានរង្វាន់ជាថវិកាចំនួន ៤,៨០០,០០០ រៀល និងពានមួយ។ ជ័យលាភីលេខ២ទទួលបានរង្វាន់ ៤,០០០,០០០រៀល និងពានមួយ។ ជ័យលាភីលេខ៣ទទួលបានរង្វាន់ ៣,២០០,០០០ រៀល និងពានមួយ។ ជ័យលាភីលេខ៤ ទទួលបានថវិកាចំនួន ១,៦០០,០០០ រៀល និងពានមួយ និងជ័យលាភីលេខ៥ទទួលបានថវិកាចំនួន ១,២០០,០០០ រៀល និងពានមួយ។ សូមបញ្ជាក់ថា រង្វាន់ជាពាន និងជាថវិកាខាងលើនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ 
 
អ្នករៀបចំកម្មវិធីបានអត្ថាធិប្បាយលម្អិតថា គណៈកម្មការកំណែបានធ្វើការជ្រើសរើស និងកែដោយយកចិត្តទុកដាក់មុននឹងសម្រេចផ្តល់ជ័យលាភីជូនបេក្ខជននីមួយៗ។ សមាជិកនៃគណៈកម្មការកំណែមានមកពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងពីក្លិបអ្នកកាសែតកម្ពុជា។ 
 
នៅចំពោះមុខអ្នកជំនាញហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្ត និងជំរុញឲ្យវិស័យហិរញ្ញវត្ថុ និងវិស័យសារព័ត៌មានបន្តសហការគ្នាដើម្បីផលប្រយោជន៍សាធារណជន៕ 
លោក ស៊ី ម៉ាណេត អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា (AMS) ទទួលបានជ័យលាភីលេខ៣។
កញ្ញា សាន ស្រីនិច អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា(AMS)ទទួលបានជ័យលាភីលេខ៤។
លោក ម៉ៅ សំណាង អ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានអប្សរា (AMS) ផងដែរនោះ ទទួលបានជ័យលាភីលេខ៥។

© រក្សាសិទ្ធិដោយ thmeythmey.com