អន្តរជាតិ
តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់ពន្ធនាគារ៣ឆ្នាំទៀតពីបទបន្លំការបោះឆ្នោត
02, Sep 2022 , 4:58 pm        
រូបភាព
ដោយ:
តុលាការមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែកញ្ញា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារទីក្រុងណៃពិដោ ឱ្យជាប់ពន្ធនាគារ៣ឆ្នាំទៀតពីបទក្លែងបន្លំក្នុងការបោះឆ្នោតឆ្នាំ ២០២០។

 
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានរបបយោធាទម្លាក់ចេញពីតំណែងត្រូវបានតុលាការក្រុងណៃពិដោកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំទៀតនៅថ្ងៃទី២ ខែកញ្ញាជុំវិញការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។ បូកបន្ថែម៣ឆ្នាំនេះទៀត លោកស្រី ស៊ូជីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារសរុប២០ឆ្នាំហើយ ខណៈ១៧ឆ្នាំទៀតជាករណីអំពើពុករលួយ ការញុះញង់ឱ្យមានការបះបោរ និងការបំពានវិធានការរឹតបន្តឹងជំងឹកូវីដ-១៩ ជាដើម។ 
 
ចំណែក អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និង លោក ​U Min Thu រដ្ឋមន្រ្តីសហភាពរបស់រដ្ឋាភិបាលសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LDP) របស់លោកស្រីស៊ូជី ក៏ត្រូវបានកាត់ក្តីឱ្យធ្វើការដោយបង្ខំ អំឡុងជាប់ពន្ធនាគារ៣ឆ្នាំដែរពីបទចូលរួមក្នុងការក្លែងបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Irrawaddy ដោយស្រង់ប្រភពមួយចេញពីតុលាការ។ បន្ថែមពីលើ៣ឆ្នាំនេះ លោក U Win Myint ត្រូវជាប់ពន្ធនាគារសរុប ៥ ឆ្នាំហើយ។
 
បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីឆ្នាំ​២០២០​។ ប៉ុន្តែ យោធាមីយ៉ាន់ម៉ាបានច្រានចោលលទ្ធផលឆ្នោតនោះដោយអះអាងថា ជាការក្លែងបន្លំ ហើយក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ ឆ្នាំ ២០២១។ បន្ទាប់មក លោកស្រី ស៊ូជីដែលរងបទចោទជាច្រើនត្រូវបានឃុំខ្លួនក្នុងផ្ទះ ហើយក្នុងខែមិថុនារបបដឹកនាំយោធាក៏បានផ្ទេរទៅកន្លែងឃុំខ្លួននៅពន្ធនាគារនាទីក្រុងណៃពិដោវិញ ទាល់តែរឿងក្តីបានជម្រះចប់សព្វគ្រប់។
 
លោកស្រី ស៊ូជី ដែលមានវ័យ ៧៧ ឆ្នាំ​ នៅប្រឈមនឹងបទចោទចំនួន៨ផ្សេងទៀតរួមមានបទចោទអំពើពុករលួយ ២ ករណីជុំវិញការទទួលសំណូកជាងកន្លះលានដុល្លារពីអ្នកជំនួញម្នាក់សម្រាប់អង្គការសប្បុរសធម៌របស់លោកស្រី និងអំពើពុករលួយ៥ករណីទៀតជុំវិញការទិញ និងជួលឧទ្ធម្ភាគចក្រសម្រាប់ត្រួតពិនិត្យការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចការរដ្ឋ។
 
ប្រសិន​បើ​តុលាការរបស់របបសឹករកឃើញថាលោកស្រី ស៊ូជីពិតជាមានកំហុសទាំងអស់ នោះលោកស្រីនឹងត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដែលរឿងនេះអាចជាការប៉ុនប៉ងរបស់យោធាមីយ៉ាន់ម៉ាដើម្បីផាត់លោកស្រីចេញពីនយោបាយតែម្តង៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com