អន្តរជាតិ
របាយការណ៍ថ្មី៖ ការបរបាញ់សត្វរមាសធ្លាក់ចុះ ប៉ុន្តែចំនួនសត្វរមាសក៏នៅបន្តធ្លាក់ចុះផងដែរ
03, Sep 2022 , 8:29 am        
រូបភាព
សត្វរមាសខ្មៅចំនួនពីរក្បាលកំពុងស្ថិតនៅតំបន់អភិរក្ស Ol Pejeta Conservancy ក្នុងឧទ្យានជាតិ Laikipia ក្បែរក្រុង Nanyuki ប្រទេសកេនយ៉ា
សត្វរមាសខ្មៅចំនួនពីរក្បាលកំពុងស្ថិតនៅតំបន់អភិរក្ស Ol Pejeta Conservancy ក្នុងឧទ្យានជាតិ Laikipia ក្បែរក្រុង Nanyuki ប្រទេសកេនយ៉ា
ដោយ: VOA
ទីក្រុង CAPE TOWN - តួលេខចុងក្រោយស្តីពីចំនួនសត្វរមាសដែលស្នែងរបស់វាត្រូវបានប្រើជាថ្នាំបុរាណចិននោះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍មួយចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) និងអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Traffic។

 
របាយការណ៍នេះតាមដានតួលេខពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ និងបានកត់សម្គាល់ពីការកើនឡើងនៃចំនួនសត្វរមាសខ្មៅដ៏កម្រ ដែលមានចំនួនជាង ១២% គឺកើនឡើងពី ៥.៤៩៥ ក្បាលទៅ ៦.១៩៥ ក្បាល។ ប៉ុន្តែរបាយការណ៍នេះថា ចំនួនសត្វរមាសសបានធ្លាក់ចុះពីជាង ១៨.០០០ ក្បាលមកនៅត្រឹម ១៥.៩៤២ ក្បាលវិញ។ ការធ្លាក់ចុះនេះក៏មានចំនួន១២% ផងដែរ។
 
របាយការណ៍នេះថា ជារួមមានការធ្លាក់ចុះ ដោយមានសត្វរមាសទាំងខ្មៅ និងសប្រមាណ ២២.១៣៧ ក្បាលនៅសល់នៅអាហ្វ្រិកនៅចុងឆ្នាំ២០២១។
 
លោក Sam Ferreira អ្នកជំនាញផ្នែកសត្វរមាសរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN )និយាយថា មូលហេតុដែលពួកគេមិនឃើញកំណើនរមាសសជាលទ្ធផលនៃការបរបាញ់ធ្លាក់ចុះនៅឡើយនោះគឺដោយសារលុះត្រាការបរបាញ់បន្តធ្លាក់ចុះរយៈពេលយូរជាងនេះទម្រាំមានកំណើនចំនួនរមាសស។
 
លោក Ferreira ថា លោកជឿថា ការធ្លាក់ចុះនេះមិនមែនដោយសារការបិទខ្ទប់បង្ការជំងឺកូវីដ១៩ដូចដែលអ្នកជំនាញមួយចំនួនបានលើកឡើងនោះទេ ប៉ុន្តែការល្បាត និងការចូលរួមពីសហគមន៍បានល្អជាងមុនក៏រួមចំណែកដែរ។
 
លោក Ferreira បានថ្លែងថា៖ «ខ្ញុំគិតថា អ្វីដែលពិតជាសំខាន់នោះគឺថា ការចាប់ខ្លួនបានធ្លាក់ចុះពី ៤៩៣ ករណីនៅក្នុងឆ្នាំ២០១៨ មកនៅត្រឹម ២៧៩ ករណីនៅក្នុងឆ្នាំ២០២១។ ជាថ្មីម្តងទៀត យើងមិនដឹងពីមូលហេតុពិតប្រាកដនៅនាំឱ្យមានការឆ្លាក់ចុះនេះទេ។ ប៉ុន្តែ មានអន្តរាគមន៍គឺអន្តរាគមន៍ខ្លាំងក្លាចាប់ពីរដ្ឋ និងអ្នកគ្រប់គ្រងនៅមូលដ្ឋានដែលកំពុងជះឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រជាជនក្នុងការបរបាញ់ ឬមិនបរបាញ់សត្វរមាស»។
 
របាយការណ៍របស់អង្គការ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN )និងអង្គការ Traffic បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៨មក យុទ្ធនាការអប់រំជាច្រើនត្រូវបានធ្វើឡើងសម្រាប់មនុស្សជាង ១ លាននាក់។
 
អ្នកស្រី Margaret Kinnaird មេដឹកនាំការអនុវត្តជាសាកលរបស់អង្គការមូលនិធិអភិរក្សសកល WWF និយាយថា អ្នកអភិរក្សប្រើប្រាស់មធ្យោបាយគ្រប់យ៉ាងរាប់ចាប់ពីបណ្តាញសង្គមដល់ការធ្វើយុទ្ធនាការដោយប្រើប្រាស់បដាដើម្បីអប់រំសាធារណជន។
 
អ្នកស្រី Margaret Kinnaird អ្នកដឹកនាំការអនុវត្តជាសាកលរបស់អង្គការមូលនិធិអភិរក្សសកល WWF ថ្លែងថា៖ «សម្រាប់អង្គការ WWF យើងបានធ្វើការច្រើនជាពិសេសជាមួយអ្នកធ្វើដំណើរជនជាតិចិនដែលទៅបរទេសដែលមានទីផ្សារដែលអាចមានលក់ភ្លុកដំរី ឬខ្នាយរមាស។ ចំណុចនេះផ្លាស់ប្តូរបេះដូង និងចិត្តគំនិតរបស់មនុស្សដែលទៅទីផ្សារ និងចង់យកវត្ថុអនុស្សាវរីយ៍ទៅផ្ទះវិញ ឬចង់ទិញអ្វីមួយសម្រាប់ធ្វើថ្នាំ។ យើងគ្រាន់តែផ្តល់គំនិតសម្រាប់ជម្រើសវត្ថុអនុស្សាវរីយ៍ ឬផលិតផលដែលពួកគេអាចយកទៅផ្ទះវិញ»។
 
អ្នកស្រី Kinnaird ថា ស្នែងដែលត្រូវបានជួញដូរខុសច្បាប់ត្រូវបានយកទៅទ្វីបអាស៊ីជាចម្បង ហើយលក់តាមរយៈទីផ្សារខុសច្បាប់នៅតំបន់មេគង្គ និងប្រទេសចិន ជាពិសេសនៅក្នុងទីផ្សារនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។
 
អ្នកស្រីថា ស្នែងទាំងនោះត្រូវបានទិញពីប្រទេសចំនួន ៤ សំខាន់ៗដែលមានសត្វរមាស ដែលភាគច្រើនមកពីអាហ្វ្រិកខាងត្បូង កេនយ៉ា ណាមីប៊ី និងស៊ីមបាវ៉េ។
 
អ្នកស្រី Kinnaird ថា ខណៈមានព័ត៌មានល្អថ អត្រាបរបាញ់បានធ្លាក់ចុះនោះ គេត្រូវធ្វើកិច្ចការច្រើនទៀតដើម្បីធានាថា សត្វនេះនឹងមិនផុតពូជ។
 
អ្នកស្រី Kinnaird បានថ្លែងក្នុងសម្តីដើមថា៖ «យើងត្រូវបង្កើនការស៊ើបអង្កេតរបស់យើង ពាក់ព័ន្ធនឹងបទល្មើសនិងធ្វើឱ្យប្រាកដថា យើងដាក់គោលដៅចំមេជនល្មើស មិនមែនលើមនុស្សតូចតាចនៅមូលដ្ឋាននោះទេ។ យើងត្រូវចាប់ថៅកែធំៗ ឈ្មួញកណ្តាល និងក្រុមឧក្រិដ្ឋជនមានការរៀបចំជាប្រព័ន្ធ»។
 
របាយការណ៍របស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) និងអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Traffic  ត្រូវបានរៀបចំឡើងសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសត្វ និងរុក្ខជាតិជិតផុតពូជដែលនឹងត្រូវធ្វើឡើងនៅប្រទេសប៉ាណាម៉ាក្នុងខែវិច្ឆិកាខាងមុខ៕
 
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ
 

© រក្សាសិទ្ធិដោយ thmeythmey.com