អន្តរជាតិ
សេអ៊ូលថា អាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងឆ្លើយតបខ្លាំងជាងមុន បើកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរ
02, Sep 2022 , 8:29 pm        
រូបភាព
លោក Kim Sung-han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។ រូបថត Yonhap
លោក Kim Sung-han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។ រូបថត Yonhap
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងត្បូង ព្រមទាំងអាម៉េរិក និងជប៉ុនបានព្រមព្រៀងគ្នាតបតទៅកូរ៉េខាងជើងយ៉ាងចាស់ដៃ ប្រសិនបើប្រទេសនេះសាកល្បងនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី២ ខែកញ្ញា។

 
លោក Kim Sung-han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា បានជួបជាមួយសមភាគីអាមេរិក Jake Sullivan និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន Akiba Takeo នៅកោះហាវ៉ៃ។ នេះជាជំនួបលើកដំបូងរវាងទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសសម្ពន្ធមិត្តទាំង៣ តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ឡើងកាន់តំណែងនៅខែឧសភាមក។​ 
 
កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាពីបញ្ហាសន្តិសុខឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានត្រៀមរួមជាស្រេចដើម្បីធ្វើតេស្តសាកល្បងនុយក្លេអ៊ែរលើកទី៧ ក្រោយផ្អាកតាំងពីឆ្នាំ ២០១៧។ 
 
«ប្រសិនបើកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរលើកទី៧ នោះប្រទេសយើងទាំងបីរួមជាមួយសហគមន៍អន្តរជាតិ នឹងពង្រីកកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំបំផុត ដើម្បីឱ្យ (កូរ៉េខាងជើង) ដឹងខ្លួនថាវាជាជម្រើសខុស»។ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង Kim Sung-han ប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap បែបនេះ។
 
កន្លងមក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន បានព្រមានថា ទីក្រុងព្យុងយ៉ាងទំនងជាត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះនៅតែជំរុញប្រតិបត្តិការធ្វើតេស្តនុយក្លេអ៊ែរ។ ទណ្ឌកម្មនោះនឹងបង្កើនការដាក់វិធានការទប់ស្កាត់សកម្មភាព​វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសផងដែរ។
 
បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង មន្ត្រីរបស់ប្រទេសសម្ពន្ធមិត្តទាំងបីបានយល់ព្រមសហការគ្នាលើបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងពិភពលោកទៀតផង។ លោក Kim បានបង្ហាញការព្រួយបារម្ភទាក់ទិននឹងច្បាប់ថ្មីរបស់អាម៉េរិកដែលលែងផ្ដល់សិទ្ធិឱ្យរថយន្តអគ្គិសនីដែលដំឡើងនៅក្រៅអាម៉េរិកខាងជើងទទួលបានឥណទានពន្ធ។ ច្បាប់នេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងដូចជា Hyundai Motor និង Kia៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com