អន្តរជាតិ
ប៉ូឡូញ​ប្រាប់ឱ្យអាល្លឺម៉ង់​សងថ្លៃខូចខាតក្នុង​សង្គ្រាម​លោកលើកទី២ ជាង១,៣ទ្រីលាន​អឺរ៉ូ
02, Sep 2022 , 9:29 pm        
រូបភាព
ប្រធានបក្សកាន់អំណាចនៅប៉ូឡូញ Jaroslaw Kaczynski។ រូបថត AFP
ប្រធានបក្សកាន់អំណាចនៅប៉ូឡូញ Jaroslaw Kaczynski។ រូបថត AFP
អ្នកនយោបាយដ៏មានឥទ្ធិពលរបស់ប៉ូឡូញ នៅថ្ងៃទី ១ ខែកញ្ញា ​ប្រាប់ឱ្យអាល្លឺម៉ង់សងថ្លៃខូចខាតក្នុង​សង្គ្រាម​លោកលើកទី២ ជាង១,៣ទ្រីលាន​អឺរ៉ូ។ ក្នុងសម័យសង្រ្គាមនេះ ប៉ូឡូញ ត្រូវខូចខាតជាង៦,២ទ្រីលាន​អឺរ៉ូ។

 
ក្នុងសម័យសង្រ្គាមលោកលើកទី២ ប៉ូឡូញ ជាគោលដៅត្រូវវាយប្រហារមុនគេដោយអាល្លឺម៉ង់​ក្រោមការដឹកនាំរបស់លោក អាដុលហ្វ៍ ហ៊ីត្លែ។ ការវាយប្រហារនេះបានធ្វើឱ្យប៉ូឡូញរងផលប៉ះពាល់ជាខ្លាំងក៏ខណៈដែលពលរដ្ឋប៉ូឡូញរាប់លានាក់ ត្រូវបានសម្លាប់។ ពាក់ព័ន្ធនឹងការខូចខាត ប្រធានបក្សច្បាប់និងយុត្តិធម៌ដែលជាបក្សកាន់អំណាច លោក Jaroslaw Kaczynski អះអាងថា ទំហំខូចខាតសរុបនៅប៉ូឡូញបើគិតជាទឹកប្រាក់គឺជាង ៦,២ ទ្រីលាន​អឺរ៉ូ។
 
ស្របនឹងការលើកឡើងនេះ លោក Jaroslaw Kaczynski ដែលត្រូវមើលឃើញថា ជាអ្នកក្ដាប់អំណាចពិប្រាកដនៅប៉ូឡូញ នៅថ្ងៃទី ១ ខែកញ្ញា ​ក៏បានប្រាប់ឱ្យអាល្លឺម៉ង់ផ្ដល់សំណងខូចខាតដោយសារ​សង្គ្រាម​លោកលើកទី ២ ជាង១,៣ទ្រីលាន​អឺរ៉ូ។ បើតាមលោក Kaczynski ភាគច្រើននៃសំណងនេះ ជាសំណងសម្រាប់ការស្លាប់របស់ពលរដ្ឋប៉ូឡូញជាង៥,២លាននាក់។ 
 
លើសពីនេះ អ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ ក៏បានបន្តថា ការទទួលបានសំណងនេះនឹងជាដំណើរការដ៏យូរនិងពិបាក។ ការលើកឡើងរបស់លោក Kaczynski​ នេះធ្វើឡើងនៅក្នុងខួបនៃការឈ្លានពានរបស់អាល្លឺម៉ង់លើប៉ូឡូញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩។ 
 
យ៉ាងណាមិញ អាល្លឺម៉ង់តែងតែបដិសេធការអះអាងរបស់ប៉ូឡូញក្នុងការទាមទារសំណង ដោយយោងទៅលើការសម្រេចចិត្តឆ្នាំ១៩៥៣ របស់ប៉ូឡូញក្នុងការបោះបង់ការទាមទារសំណងពីអាល្លឺម៉ង់ខាងកើត។​ លើសពីនេះ រដ្ឋាភិបាល​អាល្លឺម៉ង់នៅថ្ងៃទីថ្ងៃទី ១ ខែកញ្ញា ក៏បានបដិសេធ​ការ​អំពាវនាវ​របស់​ប៉ូឡូញ​ដើម្បី​ចរចា​លើ​សំណងជាថ្មីម្ដងទៀត។
 
«​ជំហរ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​គឺ​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។ បញ្ហា​សំណង​ត្រូវ​បាន​បញ្ចប់​»។ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសអាល្លឺម៉ង់ម្នាក់ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាម​អ៊ីមែលបែបនេះ។
 
ដោយឡែក គណបក្សប្រឆាំងសេរីនិយមប៉ូឡូញជឿថា ការទាមទារសំណងនេះគឺជាឈុតឆាកនយោបាយដែលរដ្ឋាភិបាលបានត្រៀមទុក មុនការបោះឆ្នោតសភាប៉ុណ្ណោះ។ លោក​ Donald Tusk ប្រធានគណបក្ស Civic Platform ដែលជាក្រុមប្រឆាំងដ៏សំខាន់បានអះអាងថា នេះមិនមែនជារឿងទាមទារសំណងពីអាល្លឺម៉ង់ឡើយ ប៉ុន្តែជារឿងដែលរដ្ឋាភិបាលបង្កើតជាយុទ្ធនាការនយោបាយ។
 
បើតាមការអះអាងរបស់លោក Kaczynski ក្រៅពីចំនួនអ្នកស្លាប់សរុបជាង ៥,៣ លាននាក់ របាយការណ៍ថ្មីបានផ្តល់នូវស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលផ្សេងទៀត រួមមានការនិរទេសខ្លួនរបស់ពលរដ្ឋប៉ូឡូញជាង ២,១លាននាក់ទៅធ្វើការនៅអាល្លឺម៉ង់ទៀតផង៕
 

Tag:
 ប៉ូឡូញ
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com