កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ត្រលប់ទៅអង់គ្លេសវិញ ដោយចុះកុងត្រាជាមួយ Chelsea ២ឆ្នាំ
02, Sep 2022 , 10:29 pm        
រូបភាព
​Chelsea យកបានខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី ​Barcelona ដោយចំណាយថ្លៃផ្ទេរ១២លានដុល្លារនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករប្រចាំរដូវកាល ២០២២-២៣។ ត្រលប់ទៅកាន់ Premier League វិញ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងទទួលបានកិច្ចសន្យា ២ឆ្នាំនៅ Stamford Bridge។ នេះបើតាមការប្រកាសក្លិប ​Chelsea ថ្ងៃទី១ ខែកញ្ញា។

 
ការប្រកាសនៃការផ្ទេរនេះត្រូវបានចេញផ្សាយមុន ១ម៉ោង មុនពេលទីផ្សារបិទ ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៏យឺតពេល ហើយក្រុម ​Chelsea ក៏បានរៀបចំដាក់ឯកសារចុះឈ្មោះកីឡាករទៅ Premier League ពេលនោះ។
 
បើតាមក្លិប ​Barcelona កិច្ចព្រមព្រៀងជា​មួយ Chelsea លើការផ្ទេរ ​Aubameyang ដែលជាអតីតកូនក្រុមលោក Thomas Tuchel កាលនៅ Borussia Dortmund នេះមានតម្លៃប្រមាណ ១២លានអឺរ៉ូ (១២លានដុល្លារ)។
 
​លេងនៅ Barcelona បានពាក់កណ្តាលរដូវកាល ២០២១-២២ ខ្សែប្រយុទ្ធហ្គាបុងស៊ុតបាន ១៣គ្រាប់ ពីចំណោម ២៤ប្រកួត ប៉ុន្តែរូបគេត្រូវបានឃ្លាតចេញឆ្ងាយពីក្រស៊ែភ្នែក Xavi Hernandez ជាគ្រូបង្វឹកក្រុម Barca ក្រោយពេលខ្សែប្រយុទ្ធ Robert Lewandowski មកដល់ក្រោយផ្ទេរពី Bayern Munich។ នាំកីឡាករថ្មីមកច្រើន Barca ក៏ត្រូវបញ្ចេញកីឡាករមួយចំនួនដើម្បីដំណោះស្រាយបញ្ហាហិរញ្ញវត្ថុផងដែរ។
 
«ខ្ញុំពិតជាសប្បាយចិត្តដែលបានក្លាយជាចំណែកមួយនៃក្រុម ហើយខ្ញុំមិនអាចរងចាំបានឡើយសម្រាប់ការចាប់ផ្តើមលេងក្នុងក្រុម។ ខ្ញុំនៅមានការងារមិនទាន់បញ្ចប់ទេជាមួយ ​Premier League ដូច្នេះនេះគឺជារឿងដ៏ល្អដែលបានត្រលប់មកវិញ។»។ អតីតខ្សែប្រយុទ្ធ Arsenal និយាយប្រាប់គេហទំព័រក្លិប Chelsea បែបនេះ។
 
ការមកដល់របស់​ Aubameyang មិនមែនជារឿងថ្មីឡើយសម្រាប់ Premier League ដោយរូបគេធ្លាប់លេងឱ្យក្រុម Arsenal ៤រដូវកាលរួចមកហើយដែលជាក្រុមប្រកួតប្រជែងជាមួយ Chelsea។ Aubameyang នៅកាំភ្លើងធំធ្លាប់រកបាន ៩២គ្រាប់រាល់គ្រប់ការប្រកួត និងធ្លាប់ជួយ Arsenal ឈ្នះពានរង្វាន់ FA Cup រដូវកាល ២០១៨-១៩៕
 
 

Tag:
 Chelsea
  Pierre Emerick Aubameyang
© រក្សាសិទ្ធិដោយ thmeythmey.com