កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់បោះ James ត្រៀមបោះទុននៅ AC Milan ក្រោយចំណេញ ជាង១០០លានដុល្លារនៅ Liverpool
03, Sep 2022 , 9:29 am        
រូបភាព
កីឡាករបាល់បោះ LeBron James គ្រោងចូលរួមវិនិយោគនៅក្លិប AC Milan បន្ថែមទៀត បន្ទាប់ពីរកបានប្រាក់ចំណេញជាង១០០លានដុល្លារនៅក្លិប Liverpool។


 
James ដែលគេស្គាល់ថាជាកីឡាករបាល់បោះដ៏ល្បីឈ្មោះរបស់ក្រុម Los Angeles Lakers នៃក្របខណ្ឌ NBA អាម៉េរិក បានចំណាយប្រាក់វិនិយោគ ចំនួន៥លានផោន(៥,៧លានដុល្លារ) ដើម្បីទិញយកភាគហ៊ុនក្លិប Liverpool ២ភាគរយកាលពី១១ឆ្នាំមុន។ ពេលនេះរូបគេចំណេញ ១០០លានផោន (១១៥លានដុល្លារ) ពីក្រុមយក្សអង់គ្លេសមួយនេះ។ ក្រោយកាក់កបក្នុងវិស័យជំនួញបាល់ទាត់ តារាបាល់បោះសញ្ជាតិអាមេ៉រិក វ័យ៣៧ឆ្នាំរូបនេះ គ្រោងវិនិយោគនៅក្លិបអ៊ីតាលី AC Milan បន្ថែមទៀត។
 
កាសែត The Financial Times ចុះផ្សាយថា James នឹងសហការក្នុងមូនិធិរួមជាមួយក្លិបកីឡាបេស្បល (Baseball) New York Yankees សម្រាប់គ្រោងការវិនិយោគជាមួយ AC Milan ក្រុមម្ចាស់ការពារតំណែងជើងឯក Serie A នេះ។  New York Yankees ជាក្លិធំបេស្បលល្បីមួយនៅអាម៉េរិក និងងពិភពលោក ហើយក៏មានភាគហ៊ុននៅក្លិប Premier League ដូចជា Manchester City និងក្លិបាល់ទាត់អាម៉េរិក New York City FC ផងដែរ។
 
រដូវកាលថ្មីនេះក្លិប AC Milan ត្រូវបានក្រុមហ៊ុន RedBird ទិញយកបាននារដូវក្តៅនេះ ដោយមានម្ចាស់ថ្មីគឺលោក Gerry Cardinale ដែលជាស្ថាបិនរបស់ RedBird ផ្ទាល់។ លោក Gerry Cardinale ក៏ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជាមួយក្លិប New York Yankees ដែរ ហើយក្រុមវិនិយោគថ្មីដែលមានការចូលរួមពី LeBron James ក៏រំពឹងថាទទួលបានជោគជ័យដូចអ្វីដែលតារាបាល់បោះអាម៉េរិករូបនេះទទួលបានជាមួយ Liverpool អ៊ីចឹងដែរ។
 
LeBron James បានក្លាយជាម្ចាស់ភាគហ៊ុនមួយរបស់ Liverpool កាលឆ្នាំ ២០១១ ហើយបើតាមរបាយការណ៍កាសែត LiverpoolEcho.uk.co លោក LeBron James បានវិនិយោគទឹកប្រាក់ ៥,៧លានដុល្លារ ស្មើ២ភាគរាយនៃភាគហ៊ុនក្លិបយក្ស Premier League ហើយត្រូវបានជឿថាមកដល់ពេលនេះភាគហ៊ុននោះមានតម្លៃប្រមាណ ១១៥លានដុល្លាររួចទៅហើយ។ ការចំណេញនេះបានជំរុញ LeBron James ឱ្យក្លាយទៅជាអត្តពលិកម្នាក់ក្នុងពិភពលោក និងជាកីឡាករបាល់បោះទីពីរដែលមានប្រាក់ដល់ទៅជាង ១ពាន់លានដុល្លារ។ នេះបើតាមទស្សនាវដ្តី Forbes។
 
AC Milan ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី បានចាប់ផ្តើមការប្រកួតនៃលីគ Serie A រដូវកាលថ្មីក្នុងនាមជាក្រុមការពារជើងឯកបានយ៉ាងល្អ ដែលនេះជាហេតុធ្វើឱ្យក្រុមវិនិយោគដែលមាន James ជាអ្នកដឹកនាំបានសម្រេចចិត្តដាក់ទុកជាមួយក្លិបនៅអ៊ីតាលីនេះ៕

Tag:
 Lebron James
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com