អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ព្រមានឈប់លក់ប្រេងឱ្យប្រទេសដែលហ៊ានកំណត់តម្លៃលើប្រភពថាមពលខ្លួន
02, Sep 2022 , 9:36 pm        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov។ រូបភាព៖ AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov។ រូបភាព៖ AFP
វិមានក្រេមឡាំង នៅថ្ងៃទី២ ខែកញ្ញា បានព្រមានឈប់លក់ប្រេងឱ្យប្រទេសមួយចំនួន ជាពិសេសក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ប្រសិនបើប្រទេសទាំងនោះ ហ៊ានកំណត់តម្លៃប្រេងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ​ ការកំណត់តម្លៃប្រេងនេះ ត្រូវបានរុស្ស៊ីយល់ថា នឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាជននៃប្រទេសទាំងនោះ។



រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ នៅថ្ងៃទី២ ខែកញ្ញា គ្រោងជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាជុំវិញគម្រោងកំណត់តម្លៃប្រេងរុស្ស៊ី។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណូលទៅរុស្ស៊ី ដែលអាចបង្វែរថវិកាទៅក្នុងយោធា ដើម្បីបន្តសកម្មភាពឈ្លានពានអ៊ុយក្រែន។

មុនជំនួបនេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានព្រមានយ៉ាងច្បាស់ៗថា រុស្ស៊ី នឹងឈប់លក់ប្រេងឱ្យបណ្តាប្រទេស ដែលហ៊ានកំណត់តម្លៃប្រេងរបស់ខ្លួន។

«ក្រុមហ៊ុន ដែលហ៊ានកំណត់តម្លៃប្រេងរុស្ស៊ី នឹងមិនស្ថិតក្នុងបញ្ជីទទួលប្រេងពីរុស្ស៊ីទៀតឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ តាមរយៈទូរសព្ទ ដោយបន្តថា​រុស្ស៊ី នឹងមិនសហការលើគោលការណ៍គ្មានទីផ្សារបែបនោះឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងថ្ងៃដដែលនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអះអាងថា វាដល់ពេលហើយ ដែលសហភាពអឺរ៉ុប ត្រូវពិចារណាកំណត់តម្លៃលើឧស្ម័នធម្មជាតិពីរុស្ស៊ី។

ទំនងសំដៅដល់មន្រ្តីអឺរ៉ុបខាងលើ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះ បានអះអាងថា ការកំណត់តម្លៃប្រភពថាមពលរបស់រុស្ស៊ី គឺប្រជាជនអឺរ៉ុប ត្រូវរ៉ាប់រងលើបញ្ហាទាំងនេះ។ មិនតែប៉ុណ្ណោះ លោក Peskov យល់ថា វិធានការខាងលើ នឹងធ្វើឱ្យប្រជាជនអឺរ៉ុបទិញឧស្ម័នធម្មជាតិពីអាម៉េរិកកាន់តែថ្លៃ ហើយធ្វើឱ្យអាម៉េរិកកាន់តែមាន ខណៈប្រជាជនអឺរ៉ុបកាន់តែក្រ។

ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក ប្រទេសលោកខាងលិច បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរឹតត្បិតការនាំចូលប្រេង និងប្រភពថាមពលផ្សេងពីរុស្ស៊ី។ មុនសង្រ្គាម រុស្ស៊ីជាប្រទេសនាំចេញប្រភពថាមពលដ៏សំខាន់មួយទៅអឺរ៉ុប។ កាលនោះ អាល្លឺម៉ង់ ប៉ូឡូញ និងហូឡង់ជាប្រទេសទិញប្រេងឆៅពីរុស្ស៊ីច្រើនជាងគេ៕

Tag:
 រុស្ស៊ី
  អឺរ៉ុប
  G7
© រក្សាសិទ្ធិដោយ thmeythmey.com