អន្តរជាតិ
ឥណ្ឌា សម្ពោធនាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុកដំបូង
03, Sep 2022 , 11:59 am        
រូបភាព
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មានវត្តមាននៅលើនាវា INS Vikrant។ រូបភាពយកពី Facebook របស់លោក ម៉ូឌី
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មានវត្តមាននៅលើនាវា INS Vikrant។ រូបភាពយកពី Facebook របស់លោក ម៉ូឌី
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២ ខែកញ្ញា បានដាក់ឱ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំង ដែលផលិតនៅក្នុងស្រុកលើកដំបូង។ នាវាចម្បាំងមួយនេះ បានធ្វើឱ្យឥណ្ឌា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលអាចផលិតនាវាចម្បាំងបានដោយខ្លួនឯង។

 
មួយរយៈចុងក្រោយ ឥណ្ឌា បានខិតខំយ៉ាងខ្លាំងក្នុងការផលិតអាវុធ និងនាវាចម្បាំងក្នុងស្រុក ដើម្បីប្រជែងទីផ្សារ ជាមួយប្រទេសធំៗផ្សេងទៀត។ ចុងក្រោយ ឥណ្ឌាបានផលិត និងដាក់ឱ្យប្រើប្រាស់នាវាដឹងយន្តហោះចម្បាំង INS Vikrant នៅកន្លែងសាងសង់នាវា ក្នុងក្រុង Kochi នៅថ្ងៃទី២ ខែកញ្ញា។ 
 
«នាវា INS Vikrant ជាមោទកភាពសម្រាប់ប្រជាជនឥណ្ឌាគ្រប់ៗរូប»។ លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់បែបនេះ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំង ក្នុងថ្ងៃទី២ ខែកញ្ញា ដោយបន្តថា ប្រជាជនឥណ្ឌាជាច្រើនរូប បានរង់ចាំមើលការដាក់សម្ពោធនាវាដឹងយន្តហោះចម្បាំងមួយនេះ។ 
 
បើតាមលោកម៉ូឌី នាវាដឹកយន្តហោះចម្បាំងមួយនេះ គឺបញ្ជាក់ពីកិច្ចខិតខំរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការធ្វើឱ្យប្រទេសអាស៊ីខាងត្បូងមួយនេះ អាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង និងជាព្រះអាទិត្យថ្មី របស់ឥណ្ឌា។ 
 
ក្នុងពិធីដដែលនេះ នាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានសម្ពោងទង់ទ័ពជើងទឹកថ្មីផងដែរ ដែលវាជាឧទ្ទិសដល់មេដឹកនាំឥណ្ឌាមួយរូប លោក Chhatrapati Shivaji។ លោក Chhatrapati Shivaji ជាអតីតមេដឹកនាំឥណ្ឌាមួយរូប ដែលជួយឱ្យកងទ័ពជើងទឹកឥណ្ឌាខ្លាំងពូកែនៅក្នុងអតីតកាល។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន ABC នាវា INS Vikrant ជាប្រភេទនាវាចម្បាំងដែលធំជាងគេបំផុតរបស់ឥណ្ឌា និងត្រូវបានផលិតនៅក្នុងស្រុកលើកដំបូង។ នាវាដឹកយន្តហោះចម្បាំងមួយនេះ មានប្រវែង ២៦២ម៉ែត្រ និងទទឹង ៦២ម៉ែត្រ។ វាអាចផ្ទុកយន្តហោះចម្បាំងបាន ៣០គ្រឿង និងកងនាវិកបានចំនួន ១៦០០នាក់។ INS Vikrant ជានាវាដឹកយន្តហោះចម្បាំងទីពីររបស់ឥណ្ឌា។ កន្លងមក ឥណ្ឌាមាននាវា INS Vikramaditya ដែលត្រូវបានទិញពីរុស្ស៊ី នៅក្នុងឆ្នាំ២០០៤។
 
នាវាផលិតនៅក្នុងស្រុកមួយនេះ នឹងដាក់ឱ្យប្រតិបត្តិការពេញលេញនៅចុងឆ្នាំ២០២៣ បន្ទាប់ពីមានការសាកល្បងចុះចតពីសំណាក់យន្តហោះចម្បាំងអភិវឌ្ឍដោយរុស្ស៊ី MiG-29K៕ 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com