អន្តរជាតិ
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា ត្រឡប់ចូលប្រទេសវិញ
03, Sep 2022 , 12:59 pm        
រូបភាព
ក្បួនរថយន្តដឹកនាំអតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ា់ក់សា ចេញពីព្រលានយន្តហោះ។ រូបថត AFP
ក្បួនរថយន្តដឹកនាំអតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ា់ក់សា ចេញពីព្រលានយន្តហោះ។ រូបថត AFP
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានត្រឡប់ចូលប្រទេសវិញហើយនៅថ្ងៃទី២ ខែកញ្ញា។ ការវិលត្រឡប់របស់អតីតមេដឹកនាំរូបនេះ ធ្វើឱ្យរដ្ឋាភិបាលបច្ចុប្បន្នរងការរិះគន់ ប៉ុន្តែសកម្មជនមួយចំនួន ក៏រីករាយនឹងរឿងនេះ ព្រោះពួកគេត្រៀមប្ដឹងលោកឡើងតុលាការដែរ។

 
៧សប្ដាហ៍បន្ទាប់ពីរត់ចេញពីប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ធ្វើមាតុភូមិនិវត្តន៍វិញហើយ។ ជិត២ខែមកនេះ លោក ហ្គោតាបាយ៉ា រត់ទៅដល់ម៉ាលឌីវ រួចបន្តទៅសិង្ហបុរី ទីដែលលោកផ្ញើលិខិតលាលែងពីប្រធានាធិបតី ហើយហោះទៅថៃ មុនវិលចូលស្រុកវិញនៅថ្ងៃទី២ ខែកញ្ញា។
 
ទៅដល់ព្រលានយន្តហោះរដ្ឋធានីកូឡុំបូ លោក ហ្គោតាបាយ៉ា ត្រូវបានការពារយ៉ាងម៉ត់ចត់ និងទទួលការស្វាគមន៍ដោយអ្នកនយោបាយសំខាន់ និងរដ្ឋមន្រ្តីមួយចំនួនដែរ ដែលវាបង្ហាញពីឥទ្ធិពលនយោបាយរបស់លោកនៅតែមានក្នុងប្រទេសនេះដដែល។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្ដីមន្រ្តីស្រីលង្កា អំឡុងពេលស្នាក់នៅទឹកដីថៃ លោក ហ្គោតាបាយ៉ា ប្រៀបដូចជាអ្នកជាប់ឃុំ ហើយចង់ត្រឡប់ចូលប្រទេសវិញ។ ជាមួយការវិលត្រឡប់នេះ រដ្ឋាភិបាលស្រីលង្កា ក៏បង្កើតអង្គភាពថ្មីដើម្បីការពារអតីតប្រធានាធិបតីដែរ។ តាមរដ្ឋធម្មនុញ្ញស្រីលង្កា អតីតប្រធានាធិបតី ទទួលបានអង្គរក្សការពារ រថយន្តមួយគ្រឿង និងនិវេសនដ្ឋាន ប៉ុន្តែគ្មានអភ័យឯកសិទ្ធិទៀតឡើយ។
 
ជាមួយការវិលត្រឡប់នេះ អ្នកនយោបាយប្រឆាំង បានរន្ថើនការចោទទៅលើប្រធានាធិបតី Ranil Wickremesinghe ចំពោះការការពារគ្រួសារ រ៉ាចាប៉ាក់សា ដែលជាវង្សត្រកូលមានអំណាចក្នុងប្រទេស។ យ៉ាងណាមិញ សកម្មជនសិទ្ធិមនុស្សស្រីលង្កា ក៏ព្យាយាមស្វែងរកការចាប់ខ្លួនលោក ហ្គោតាបាយ៉ា ជុំវិញបទចោទជាច្រើនករណី រួមទាំងតួនាទីរបស់លោកក្នុងការឃាតកម្មអ្នកសារព័ត៌មានម្នាក់កាលពីឆ្នាំ២០០៩៕

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com